កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ ម៉ាឡេស៊ី​ត្រូវ​ប៉ះ​ថៃ ហ្វីលីពីន​ឡើង​ជួប​វៀតណាម​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
26, Nov 2018 , 10:25 am        
រូបភាព
ថៃជាម្ចាស់ជើងឯក៥ជំនាន់ និងជាម្ចាស់ការពារតំណែងជើងឯក
ថៃជាម្ចាស់ជើងឯក៥ជំនាន់ និងជាម្ចាស់ការពារតំណែងជើងឯក
ដោយ: រួបរួម
​ការប្រកួត​ដណ្តើមពាន​រង្វាន់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ AFF Suzuki Cup ឆ្នាំ​២០១៨ រកឃើញ​ក្រុម​ដែល​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ ដោយ​ក្រុម​លេខ​មួយ​ពូ​ល A វៀតណាម ត្រូវ​ប៉ះ​ជាមួយ​លេខ​ពីរ​ពូ​ល B ហ្វីលីពីន ខណៈដែល​លេខ​មួយ​ពូ​ល B ថៃ ត្រូវ​តទល់​ជាមួយ​ក្រុម​លេខ​ពីរ​ពូ​ល A ម៉ាឡេស៊ី​។​

 
​វៀតណាម បាន​ចំណាត់ថ្នាក់​លេខ​មួយ​ពូ​ល A ដោយមាន​១០​ពិន្ទុ ក្រោយ​ឈ្នះ​ឡាវ ៣-០ ឈ្នះ​ម៉ាឡេស៊ី ២-០ ឈ្នះ​កម្ពុជា ៣-០ និង​ស្មើ មី​យ៉ាន់​ម៉ា ០-០ ។ ចំណែក​ម៉ាឡេស៊ី ទោះបី​ចាញ់​វៀតណាម ប៉ុន្តែ​ជ័យជម្នះ​របស់​ពួកគេ​ក្នុង​លទ្ធផល ១-០ លើ​កម្ពុជា ៣-១ លើ​ឡាវ និង​៣-០ លើ​មី​យ៉ាន់​ម៉ា នាំ​ឲ្យ​ពួកគេ​ឈរ​ចំណាត់ថ្នាក់​លេខ​ពីរ​ក្នុង​ពូ​ល​ដោយមាន​៩​ពិន្ទុ​។​
 
​មី​យ៉ាន់​ម៉ា ខកចិត្ត​ជាងគេ​នៅក្នុង​ពូ​ល A ជាពិសេស​បរាជ័យ ៣-០ ដោយសារ​ម៉ាឡេស៊ី នា​ជំនួប​ចុងក្រោយ បន្ទាប់ពី​ពួកគេ បាន​យកឈ្នះ​លើ​កម្ពុជា ឡាវ និង​ស្មើ​វៀតណាម​។ ចំណែក​កម្ពុជា មានតែ​៣​ពិន្ទុ​ប៉ុណ្ណោះ តាមរយៈ​ជ័យជម្នះ​លើ​ឡាវ ៣-១​នៅក្នុង​ដី ។ ឡាវ​ជា​ក្រុម​បាត​តារាង​ដែល​ចាញ់​ទាំង​៤​ប្រកួត​។​
 
​ចំណែក​ពូ​ល B ថៃ​ឈរ​លេខ​មួយ​ដោយមាន​១០​ពិន្ទុ ក្រោយ​ឈ្នះ​ទី​ម័​រ​ខាងកើត ៧-០ ឈ្នះ​ឥណ្ឌូណេស៊ី ៤-២ ឈ្នះ​សិង្ហ​បុរី ៣-០ និង​ស្មើ ហ្វីលីពីន ១-១ ។ ចំណែក​ហ្វីលីពីន បាន​លេខ​ពីរ​ដោយមាន​៨​ពិន្ទុ ដោយ​ក្រៅពី​ស្មើ​ថៃ ១-១ ពួកគេ​បានឈ្នះ​សិង្ហ​បុរី ១-០ ឈ្នះ​ទី​ម័​រ​ខាងកើត ៣-២ និង​ស្មើ​ឥណ្ឌូណេស៊ី ០-០ ។​
 
​សិង្ហ​បុរី ហាលអាវ​ដោយមាន​៦​ពិន្ទុ ឥណ្ឌូណេស៊ី មាន​៤​ពិន្ទុ ខណៈ​ទី​ម័​រ​ខាងកើត មិនមាន​ពិន្ទុ​រាប់​ឡើយ​នៅក្នុង​ពូ​ល B​។​
 
​ខ្សែប្រយុទ្ធ​ថៃ Adisak Kraisorn រកបាន​គ្រាប់​បញ្ចូល​ទី​រហូតដល់​ទៅ​៨​គ្រាប់​សម្រាប់​ការ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល B ខណៈ​កីឡាករ​ម៉ាឡេស៊ី Norshahrul Idlan Talaha រកបាន​៤​គ្រាប់​។ ចាន់ វឌ្ឍនាកា​របស់​កម្ពុជា រកបាន​២​គ្រាប់​ផងដែរ ខណៈ កែវ សុខ​ផេង និង​ប្រាក់ មុនី​ឧ​ត្ត​ម រកបាន​ម្នាក់​១​គ្រាប់​។​
 
​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​ចំនួន​ពីរ​ជើង ដោយ​ម៉ាឡេស៊ី ទទួល​ថៃ​នៅ​ថ្ងៃទី​១ ខែធ្នូ រីឯ​ហ្វីលីពីន​ស្វាគមន៍​វៀតណាម​នៅ​ថ្ងៃទី​២ ខែធ្នូ​។ ជំនួប​ដូរ​ទឹកដី នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ និង​ទី​៦ ខែធ្នូ​។​
 
​ក្រុម​ដែល​ឈ្នះ​នឹង​ឈាន​បន្តទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ជើង​ទីមួយ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១ ខែធ្នូ និង​ជើង​ទី​ពីរ​នៅ​ថ្ងៃទី​១៥ ខែធ្នូ​។ ថៃ​ជា​ម្ចាស់​ជើងឯក​៥​ជំនាន់ និង​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក ម៉ាឡេស៊ី និង​វៀតណាម ធ្លាប់​ឈ្នះ​ជើងឯក​១​លើក​រៀងៗ​ខ្លួន ខណៈ​ហ្វីលីពីន រំពឹង​ឆ្លង​ផុត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​លើកដំបូង​ក្នុងការ​បង្ហាញខ្លួន​៤​លើក​៕

Tag:
 AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com