នាការបង្ហាញខ្លួនលើកដំបូងក្នុងក្របខណ្ឌ A-League របស់អូស្ត្រាលី ខ្សែប្រយុទ្ធជប៉ុន Keisuke Honda មានចំណែករកគ្រាប់បាល់បញ្ចូលទីទាំង៥ប្រកួតសម្រាប់ Melbourne Victory តាមរយៈការស៊ុតបាល់បញ្ចូលទី៣គ្រាប់ និងការបញ្ជូនទៅមិត្តរួមក្រុម (Assists) ៣គ្រាប់។ បច្ចុប្បន្ន Melbourne Victory ឈរនៅចំណាត់ថ្នាក់លេខពីរបណ្តោះអាសន្ន។
Keisuke Honda បានស៊ុតបាល់បញ្ចូលទីបើកឆាក នាការបង្ហាញខ្លួនលើកដំបូងក្នុងក្របខណ្ឌ A-League ជាមួយក្លិប Melbourne Victory។ ប៉ុន្តែក្រុមភ្ញៀវ Melbourne City វាយបកវិញបានពីរគ្រាប់ ដើម្បីបញ្ចប់ក្នុងជ័យជម្នះ ២-១ ។
ឈានដល់ការប្រកួតសប្តាហ៍ទីពីរ Melbourne Victory បន្តរងបរាជ័យ ៣-២ ដោយសារក្រុមភ្ញៀវ Perth Glory ខណៈក្រុមបាល់បញ្ចូលទីរបស់ Terry Antonis និង Storm Roux សុទ្ធតែចេញពីការបញ្ជូនរបស់ Honda។
ក្លិបដែលមានមូលដ្ឋាននៅក្រុងមែលប៊ន បានជ័យជម្នះលើកដំបូងក្នុងលទ្ធផល ១-០ លើក្រុមម្ចាស់ផ្ទះ Newcastle United Jets FC ដោយ Honda បានបញ្ជូនបាល់ទៅឲ្យ Terry Antonis ស៊ុតបញ្ចូលទីនៅក្នុងតង់ទីពីរ។
សម្រាប់ការប្រកួតសប្តាហ៍ទី៤ Melbourne Victory ដណ្តើមបាន៣ពិន្ទុបន្ថែមទៀត ពេលស្វាគមន៍ Central Coast Mariners FC។ Honda ដែលមានតួនាទីជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាផងដែរនោះ រកបានគ្រាប់បាល់បើកឆាកនៅតង់ទីមួយ ក្នុងជ័យជម្នះសរុប ៤-១ ។
ចំណែកឯការប្រកួតលើកទី៥ កាលពីថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា Honda បានស៊ុតបាល់ប៉េណាល់ទីនាំជ័យជម្នះ ២-១ លើម្ចាស់ផ្ទះ Syndey FC ក្រោយលទ្ធផលស្មើ ១-១ នៅតង់ទីមួយ។ ឱកាសប៉េណាល់ទីនេះ កើតឡើងក្រោយពេលដែលខ្សែការពារហូឡង់ Jop van der Linden នៃ Sydney FC បានធ្វើឲ្យ Honda ផ្ទាល់ដួលក្នុងប្រអប់គ្រោះថ្នាក់។
VIDEO
បច្ចុប្បន្ន Melbourne Victory ឈ្នះលេខ២បណ្តោះអាសន្នក្នុងក្របខណ្ឌ A-League ដោយមាន៩ពិន្ទុ ដោយចាញ់ក្រុមលេខមួយ Perth Glory ៤ពិន្ទុ។
Keisuke Honda បានបន្តបង្ហាញវត្តមានក្នុងជម្រើសដំបូងរបស់ Melbourne Victory នារយៈពេល៥ថ្ងៃ បន្ទាប់ពីបានដឹកនាំក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ឈ្នះ ឡាវ ៣-១ ក្នុងការប្រកួតពូល A ពានរង្វាន់ AFF Suzuki Cup 2018 នៅភ្នំពេញ។ ជ័យជម្នះ ២-១ របស់ Melbourne Victory លើ Sydney FC កើតឡើងមួយថ្ងៃ ក្រោយដែលកម្ពុជាចាញ់វៀតណាម ៣-០ នាការប្រកួតចុងក្រោយក្នុងពូល A ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីន Felix Dalmas ។
លោក Kevin Muscat ដែលជាគ្រូបង្វឹកក្លិប Melbourne Victory បានគូសបញ្ជាក់ថា Keisuke Honda គឺជាកីឡាករដែលមានឥទ្ធិពលដ៏ធំក្នុងការប្រកួត ដែលលោកពេញចិត្តយ៉ាងខ្លាំង។ លោកបានកត់សម្គាល់ថា Honda បានត្រៀមខ្លួនយ៉ាងល្អ ពោលគឺការយកចិត្តទុកដាក់លើខ្លួនឯងក្នុងនាមជាកីឡាករអាជីពម្នាក់។
«គាត់បានត្រឡប់មក [ពីកម្ពុជា] វិញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយបានចូលកន្លែងហ្វឹកហាត់នៅម៉ោង១ថ្ងៃព្រហស្បតិ៍ដដែល។ គាត់ប្រឹងប្រែងហ្វឹកហាត់ដោយខ្លួនឯង ហើយបន្តហ្វឹកហាត់ជាមួយក្រុមនៅថ្ងៃសុក្រ ហើយចេញមកប្រកួតនៅស៊ីដនី នៅថ្ងៃសៅរ៍។ គាត់បានក្លាយជាកីឡាករដ៏មានឥទ្ធិពលក្នុងការប្រកួត [ថ្ងៃអាទិត្យ]»។ នេះជាការរៀបរាប់របស់លោក Muscat នាសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ៕