ជាតិ
ព្រំដែន
កម្ពុជា​-​វៀតណាម បញ្ចប់​ការបោះបង្គោល​ព្រំដែន ក្នុង​តំបន់​ឯកភាព​នៅ​មណ្ឌលគិរី​និង​រតនគិរី
26, Nov 2018 , 12:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់អ្នកស្រី កុយ ពិសី
រូបពីទំព័រហ្វេសប៊ុករបស់អ្នកស្រី កុយ ពិសី
ដោយ: ថ្មីៗ
​កម្ពុជា​-​វៀតណាម ទទួលជោគជ័យ​ក្នុងការ​បោះបង្គោល​ព្រំដែន​ក្នុង​តំបន់​ដែល​ឯកភាពគ្នា នៅតាម​បណ្តោយ​ខេត្តមណ្ឌលគិរី​និង​ខេត្តរតនគិរី​។ ចំណែក​តំបន់​ដែល​មិនទាន់​ឯកភាពគ្នា ក្នុង​ខេត្ត​ទាំងពីរ​នេះ កម្ពុជា​-​វៀតណាម នឹង​បន្ត​ដោះស្រាយ​ជាមួយគ្នា​ទៀត​។   


 
​អ្នកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិកា​រ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​យើង​មាន​បេសកកម្ម​ការពារ​អ្នក ទោះ​ជាមាន​ឧបសគ្គ​យ៉ាងណា ក៏​ត្រូវតែ​ខិតខំ​សម្រេច​ឲ្យ​បាន​។ សូម​អបអរសាទរ​ចំពោះ​ល​ទ្ឋ​ផល​បញ្ចប់​ទាំងស្រុង​លើ​ការបោះ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម នៅ​ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី នៅ​តំបន់​ដែល​ឯកភាព​»​។​
 
​អ្នកស្រី កុយ ពិសី ប្រាប់​ព័ត៌មាន​ថ្មីៗ​បន្ថែម តាម​ទូរ​សព្ទ​ថា ចំពោះ​តំបន់​ដែល​មិនទាន់​ឯកភាពគ្នា កម្ពុជា​-​វៀតណាម នឹង​បន្ត​ចរចា និង​រក​ដំណោះស្រាយ​ជាមួយគ្នា​។ អ្នកស្រី សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​តំបន់​ណា​ដែល​យើង​ឯកភាពគ្នា យើង​ដោះស្រាយ​ទៅ ហើយ​តំបន់​ណា​មិនទាន់​ឯកភាពគ្នា គឺ​យើង​បន្តធ្វើ​ការរួម​គ្នា​ទៅ​។ រឿង​ព្រំដែន មិនមែន​យើង​ធ្វើ​មួយថ្ងៃ​ឈប់​ទេ គឺ​យើង​ធ្វើ​រហូត​»​។ 
 
​អ្នកស្រី បន្ថែមថា ការបោះ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម មិនមែន​មានតែ​នៅតាម​បណ្តោយ​ខេត្តមណ្ឌលគិរី​និង​ខេត្តរតនគិរី​ទេ គឺ​នៅតាម​បណ្តោយ​ខេត្ត​ផ្សេងទៀត​ក៏មានដែរ​។ អ្នកស្រី និយាយ​បែបនេះ​ថា​៖«​រឿង​ព្រំដែន​ហ្នឹង មិនមែន​ជាថ្មី​ទេ គឺជា​រឿង​យូរ​មកហើយ​។ ហើយ​យើង មិនមែន​រង់​ចាំំ​ដោះស្រាយ​នៅ​ខេត្ត​មួយ​ឲ្យ​រួច ទើប​ទៅ​ដោះស្រាយ​នៅ​ខេត្ត​ផ្សេង​ទេ គឺ​យើង​ដោះស្រាយ​ទាំងអស់​»​។ 
 
​កាលពី​អំឡុង​ឆ្នាំ​២០១៦ បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម បាន​ក្លាយជា​ប្រធានបទ​ក្តៅ​និង​រសើប ដោយមាន​មជ្ឈដ្ឋាន​ខ្លះ ជាពិសេស​អតីត​ក្រុម​អ្នកប្រឆាំង បាន​ប្រតិកម្ម​នឹង​រដ្ឋាភិបាល​កម្ពុជា​។ ពួកគេ ប្រតិកម្ម ដោយសារតែ​កាលនោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ប្រកាស​ផ្លាស់ប្តូរ​ការប្រើប្រាស់​ខ្នាត​ផែនទី ពី​១/១០០០០០ មក ១/៥០០០០​វិញ​៕ 
 

Tag:
 ព្រំដែន​កម្ពុជា​-​វៀតណាម​
  កុយ ពិសី
© រក្សាសិទ្ធិដោយ thmeythmey.com