អន្តរជាតិ
ប្រធានាធិបតី​ចិន ពេញចិត្ត​ពេញ​ថ្លើម​នឹង​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​ហ្វីលីពីន​ប្រកបដោយ​ផ្លែផ្កា​
26, Nov 2018 , 9:19 pm        
រូបភាព
ដោយ:
​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង បានបង្ហាញ​ការពេញចិត្ត​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខរដ្ឋ​ចិន​ទៅកាន់​ហ្វីលីពីន​។ បន្ថែម​ពី​លទ្ធផល​ផ្លែផ្កា ដែលមាន​ជា​លាយលក្ខណ៍អក្សរ​ស្រាប់ លោក ស៊ី បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ហ្វីលីពីន ពិសេស​សម​ភាគី​របស់​ខ្លួន គឺ​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទី​តេ ឲ្យ​កាន់តែ​ស្និទ្ធ​។​


 
​បន្ទាប់ពី​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ហ្វីលីពីន​រួចហើយ​មក លោក​ប្រធានាធិបតី ស៊ី ជិន​ភីង បាន​ផ្ញើលិខិត​មួយច្បាប់​ទៅកាន់​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដោយ​បង្ហាញ​អារម្មណ៍​ពេញចិត្ត​ពេញ​ថ្លើម​ក្នុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកដំបូង​ក្នុង​រយៈ​១៣​ឆ្នាំ​មកនេះ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ហ្វីលីពីន GMA នៅ​ថ្ងៃ​២៤ វិច្ឆិកា លោក​ប្រធានាធិបតី បានសរសេរថា លោក ពិតជា​រីករាយ​ជាមួយនឹង​លទ្ធផល​ដ៏​ផ្លែ​ផ្លា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ដែល​រាប់បញ្ចូល​ទាំង​ការរៀបចំ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ ក៏ដូចជា​ការទទួល​ស្វាគមន៍​យ៉ាង​រួសរាយ​រាក់ទាក់​ពី​សំណាក់​ប្រជាជន​ហ្វីលីពីន​ផងដែរ​។​
 
​លោក ស៊ី ក៏បាន​បង្ហាញ​ការពេញចិត្ត​ចំពោះ​ទំនាក់​ទំ​រវាង​ចិន និង​ហ្វីលីពីន រួមទាំង​ស្ថានភាព​អន្តរជាតិ​បច្ចុប្បន្ន ដែល​បានបង្ហាញ​ជាថ្មី​ម្តង​ទៀតថា ចិន និង​ហ្វីលីពីន គឺជា​ដៃគូ​រួម​វិថី​តែមួយ​ឆ្ពោះទៅកាន់​សន្តិភាព និង​ការអភិវឌ្ឍ​។ ប្រធានាធិបតី​ចិន​រូបនេះ​ក៏បាន​អះអាង​ផងដែរ​ថា លោក ក៏​សូម​វាយតម្លៃ​ខ្ពស់​លើ​ទំនាក់ទំនង​ផ្ទាល់​របស់លោក ជាមួយនឹង​លោក​ប្រធានាធិបតី ឌូ​ទើ​តេ ផងដែរ​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា លោក​ប្រធានាធិបតី ស៊ី ជិន​ភីង ទើបតែ​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ហ្វីលីពីន ជាមួយនឹង​កិច្ចព្រមព្រៀង​ជិត​៣០ ដោយ​គ្របដណ្តប់​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​, ធនាគារ និង​ហិរញ្ញវត្ថុ​, ហេដ្ឋារចនាសម្ព័ន្ធ​, កសិកម្ម​, អប់រំ និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​ជាដើម​។​
 
​គួរកត់សម្គាល់​នោះ ក្នុងចំណោម​កិច្ចព្រមព្រៀង​ទាំងនេះ ភាគី​ទាំងពីរ ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សារណ​យោគយល់​មួយ​ស្តីពី​ការអភិវឌ្ឍ​រួមគ្នា​លើ​ការរុករក​ប្រេងកាត និង​ឧស្ម័ន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ កិច្ចព្រមព្រៀង​នេះ គឺជា​កិច្ចព្រមព្រៀងទ្វេភាគី​ពិសេស​មួយ ដ្បិត​រដ្ឋបាល​ហ្វីលីពីន​មុនៗ តែងតែមាន​ជំហរ​តឹងរ៉ឹង​ខ្លាំង​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ចិន​លើ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​៕ 

Tag:
 ហ្វីលីពីន​
  ចិន​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com