ខេត្ត​មណ្ឌល​គី​រី បដិវត្ត​កសិកម្មសរីរាង្គ​!
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ខេត្ត​មណ្ឌល​គី​រី បដិវត្ត​កសិកម្មសរីរាង្គ​!
26, Nov 2018 , 9:39 pm        
រូបភាព
​មណ្ឌល​គី​រី​៖ ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​មួយចំនួន នៅក្នុង​ខេត្ត​មណ្ឌល​គី​រី បាន​ផ្លាស់ប្ដូរ​ជីវភាព​មក​ល្អប្រសើរ​ជាង​មុន ក្រោយពី​ពួកគេ​បាន​ងាក​មក​ផលិត​ដំណាំ​ដាំ​ដុះ​បែប​សរីរាង្គ តាមរយៈ​ការជួយជ្រោមជ្រែង​ពី​អ្នកជំនាញ​កសិកម្ម​រប​ស់​អង្គការ​សេ​ដាក (CEDAC)​។ អ្នកជំនាញ​ហៅ​ការដាំដុះ​បែប​សរីរាង្គ ដែល​កំពុង​រីកចម្រើន​នៅ​ខេត្ត​មណ្ឌល​គី​រី​នេះ​ថា ការធ្វើបដិវត្ត​កសិកម្ម ។  


 



 
«…​សំឡេង​អ្នកជំនាញ​អង្គការ​សេ​ដាក​»​។ នេះ​ជា​សំឡេង​របស់​អ្នកជំនាញ​កសិកម្ម នៃ​អង្គការ​សេ​ដាក ដែល​កំពុង​ធ្វើ​បទ​បង្ហាញ​ពី​ផលិតផល​បន្លែ និង​ដំណាំ​សរីរាង្គ​ដល់​ក្រុម​អ្នកសារព័ត៌មាន និង​តំណាង​ជនជាតិដើម​ភាគតិច អំពី​អត្ថប្រយោជន៍​នៃ​ដំណាំ​ប្រភេទ​នេះ​។ គោលការណ៍​សរីរាង្គ គឺ​តម្រូវ​ឲ្យ​កសិករ​ទាំងអស់ ប្រើប្រាស់​ជីធម្មជាតិ​ពី​លាមក​សត្វ ថ្នាំ​ធម្មជាតិ ពូជ​ធម្មជាតិ រួមទាំង​ទឹក ដែល​គ្មាន​សារធាតុពុល ឬ​គីមី​ជាដើម ។ 


 
​លោក យ៉ង សាំង​កុមារ ស្ថាបនិក​អង្គការ​សេ​ដាក និង​ក្រុម​អ្នកជំនាញ​ផ្នែក​កសិកម្ម ដែល​ប្រឹង​ជំរុញ​ឲ្យ​ជនជាតិដើម​ភាគតិច នៅ​មណ្ឌល​គី​រី ផលិត​កសិកម្ម​បែប​សរីរាង្គ​នេះ ដោយសារតែ​លោក​មើលឃើញថា ទីផ្សារ​ដំណាំ​ប្រភេទ​នេះ កំពុង​នៅសល់​ទីផ្សារ​ទំនេរ​ច្រើន ដែលជា​ឱកាសល្អ​សម្រាប់​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ប្រកប​របរ​កសិកម្ម​ប្រភេទ​នេះ ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​។​
 
​អ្វីដែល​លោក យ៉ង សាំង​កសិកម្ម ចង់បាន​នោះ គឺ​ការផ្លាស់ប្ដូរ​កម្រិតជីវភាព​របស់​ឲ្យ​ពលរដ្ឋ​ជនជាតិដើម​ភាគតិច តាមរយៈ​ការធ្វើបដិវត្ត​កសិកម្ម ពី​ការដាំ​ដំណាំ​វិលជុំ ឬ​ដំណាំ​ពនេចរ មកជា​ដំណាំ​សរីរាង្គ ដែល​ផ្គត់ផ្គង់​ទីផ្សារ​វិញ ដោយមាន​អង្គការ​សេ​ដាក និង​ដៃគូ​ពាក់ព័ន្ធ​ជា​អ្នកប្រមូល​ទិញ ខណៈ​ប្រទេសជិតខាង និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន កំពុង​បញ្ជា​រទិញ​ផលិតផល​សរីរាង្គ​ពី​កម្ពុជា​។​
 
​សំឡេង​លោក យ៉ង សាំង​កុមារ​៖



 
​ក្នុង​ដំណើរ​ទស្ស​កិច្ច​រយៈពេល​២​ថ្ងៃ ក្រុម​អ្នកជំនាញ​កសិកម្ម​នៃ​អង្គការ​សេ​ដាក និង​ក្រុម​អ្នកសារព័ត៌មាន រួមទាំង​ដៃគូ​ពាក់ព័ន្ធ បាន​នាំ​ចុះ​ទៅដល់​ចំការ​កាហ្វេ​សរីរាង្គ​របស់លោក រ៉ូ​យ ទើប ដែលជា​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង រស់នៅក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ច​ជ្រា​ដា ខេត្ត​មណ្ឌល​។ ស្ថិតនៅក្នុង​ចំការ​កាហ្វេ លើ​ផ្ទៃដី​៤​ហិកតា លោក រ៉ូ​យ ទើប កំពុង​មមាញឹក​ប្រមូល​ផល​កាហ្វេ សម្រាប់​ផ្គត់ផ្គង់​ទៅដល់​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ ដែល​បាន​បញ្ជា​ទិញ​កាហ្វេ​ទាំង​អស់ពី​ចំការ​លោក ។ លោក រ៉ូ​យ ទើប ដែល​បាន​ប្រកប​របរ​ដាំ​កាហ្វេ​៥​ឆ្នាំ​មកហើយ បាន​ប្រមូល​ផល​កាហ្វេ​២​តោន​ក្នុង​មួយឆ្នាំ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​។ ដើមឡើយ​ជនជាតិដើម​ព្នង​រូបនេះ បាន​ដាំ​កាហ្វេ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទៅ​ក្រុមហ៊ុន​វៀតណាម ដែល​ប្រមូល​ទិញ​ពី​ចំការ​គាត់​ប៉ុណ្ណោះ​។ តែ​ក្រោយពី​លោក​បានចាប់ផ្ដើម​ជួប​លោក យស ចាន់ថា ប្រធាន​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ ដែល​ផ្ដោតទៅលើ​កាហ្វេ​សរីរាង្គ​មក លោក ទើប ក៏បាន​ងាក​មក​ដាំ​កាហ្វេ​សរីរាង្គ​នេះ​វិញ​។ 


 
​តាមរយៈ​ការដាំ​កាហ្វេ​សរីរាង្គ​រយៈពេល​ជាង​៥​ឆ្នាំ ជីវភាព​របស់​កសិក​រ​ជនជាតិដើម​ភាគតិច​រូបនេះ បាន​ផ្លាស់ប្ដូរ​ច្រើន ដោយសារតែ​រូបគាត់​អាច​រកចំណូលបាន​ពី​២០​លាន​រៀល ទៅ​៣០​លាន​រៀល​(​ពី​៧០០០​ទៅ​៨០០០​ដុល្លារ​)​ក្នុង​មួយឆ្នាំ ។ ដោយសារតែ​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​ការដាំ​កាហ្វេ​សរីរាង្គ​នេះ លោក រ៉ូ​យ ទើប ក៏បាន​ពង្រីក​ការដាំដុះ​កាហ្វេ​នេះ នៅលើ​ផ្ទៃដី​៤​ហិកតា​បន្ថែមទៀត ដែល​អាច​ទទួលផល​នៅ​ឆ្នាំ​ក្រោយនេះ ។​
 
​សំឡេង​លោក រ៉ូ​យ ទើប​…៖



 
​របៀប​ដាំ​ដុះ​ដំណាំ​សរីរាង្គ គឺ​ត្រូវ​ការថែទាំ និង​ការយកចិត្តទុកដាក់​ខ្ពស់​ជា​រឿង​សំខាន់​មួយ ប៉ុន្តែ​ការជំរុញ​ឲ្យ​ពលរដ្ឋ​ដាំ​ដុះ​ដំណាំ​សរីរាង្គ​នេះ វា​ក៏​មិនមែនជា​រឿង​ងាយស្រួល​នោះដែរ​។ ជាពិសេស​ការធ្វើការ​ជាមួយ​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​។ នេះ​ជាការ​លើកឡើង​របស់លោក យស ចាន់ថា ប្រធាន​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ ដែល​បាន​ប្រើពេល​វេលា​៥​ឆ្នាំ ដើម្បី​ពន្យល់​ហេតុផល និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ជនជាតិដើម​ភាគតិច ងាក​មក​ផលិត​កសិកម្មសរីរាង្គ ហើយ​បញ្ឈប់​ការដាំដុះ​ដំណាំ​ពនេចរ និង​ចំការ​វិលជុំ​។​
 
​ដើមឡើយ​មានតែ​ជនជាតិដើម​ភាគតិច​តែ​៥​គ្រួសារ​ប៉ុណ្ណោះ យល់ព្រម​ដាំ​ដំណាំ​សរីរាង្គ​តាម​ការពន្យល់​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ ហើយ​ក្រោយពី​ជនជាតិដើម​ទាំង​៥​គ្រួសារ​នោះ ទទួលបាន​លទ្ធផល​វិជ្ជមាន​ច្រើន​ពី​ការផលិត​ដំណាំ​សរីរាង្គ​នេះ ទើប​មាន​ជនជាតិដើម​ភាគតិច​ផ្សេងទៀត មកសុំ​ការអន្តរាគមន៍​ពី​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ និង​ក្រុម​អ្នកជំនាញ​សរីរាង្គ ឲ្យ​ជួយ​បង្រៀន​ពួកគេ​ពី​ការដាំដុះ​នេះ​។ បើតាម​លោក យស ចាន់ថា បច្ចុប្បន្ននេះ​មាន​ជនជាតិដើម​ភាគតិច​៤០​គ្រួសារ ដែល​បាន​ប្រកប​របរ​កសិកម្ម​កាហ្វេ​សរីរាង្គ លើ​ផ្ទៃដី​ដាំ​ដុះ​កាហ្វេ​ចំនួន​១១៨​ហិកតា ដោយ​ក្នុងនោះ​ផ្ទៃដី​ដែល​បង្កើន​ផល​បាន​៤៨​ហិកតា​។ ប៉ុន្តែ​ផ្ទៃដី​៤៨​ហិកតា គឺអាច​ប្រមូល​ផល​បានតែ​២០​ហិកតា​ប៉ុណ្ណោះ ដោយ​អាច​ផ្តល់​ទិន្នផល​កាហ្វេ​ពី​២២​តោន ទៅ​២៥​តោន សម្រាប់​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​លោក ប្រមូល​ទិញយក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក ។ សម្រាប់​ទីផ្សារ​ក្រៅ​ស្រុក ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​ត្រូវ​ផ្គត់ផ្គង់​ទៅ​ប្រទេស​ជប៉ុន​១២​តោន កូរ៉េ​១០​តោន និង​តៃវ៉ាន​ជាដើម​។​


 
​សំឡេង​លោក យស ចាន់ថា​៖



 
​ក្រៅពី​ក្រុមហ៊ុន​ក្រៅប្រទេស កាហ្វេ​សរីរាង្គ​នៅ​ខេត្ត​មណ្ឌល​គី​រី ក៏មាន​លក់​ជា​បណ្ដើរៗ​ហើយ​នៅ​ទីផ្សារ​នានា នៅក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​មួយចំនួន​ដូចជា ផ្សារ​កសិផល​សរីរាង្គ​សេ​ដាក (​ផ្សារ​អូ​ក្រា​) ហាង​កាហ្វេ F Cafe (​អេ​ហ្វ​កាហ្វេ​) ហាង​រ៉ូ​ប៊ូ​ស្ដា​ប៊ូ​ស្រា​កាហ្វេ ហាង​ប៊ី​ង​ហ្គោ​កាហ្វេ ។​
 
​មាន​វ័យ​៦៦​ឆ្នាំ លោកស្រី ប្រុក វ៉ា​ន្នី បាន​បើក​អាជីវកម្ម​ហាង​ប៊ី​ង​ហ្គោ​កាហ្វេ ជាង​១​ឆ្នាំ​មកហើយ ដែល​គាំទ្រ​ដល់​ផលិតផល​កាហ្វេ​សេរី​រា​ង្គ ។ ស្ត្រី​វ័យ​ចំណាស់ ដែល​ចូល​និវត្ត​ពី​ការងារ​អង្គការ​សង្គម​ស៊ីវិល បាន​និយាយថា មូលហេតុ​លោកស្រី បើក​អាជីវ​កម្មនេះ គឺ​ដោយសារតែ​ខ្លួន​មានបំណង​ជួយ​គាំទ្រ និង​លើកកម្ពស់​ដល់​ជីវភាព​ពលរដ្ឋ ជាពិសេស​ជនជាតិដើម​ភាគតិច ដែល​ប្រកប​របរ​កសិកម្ម​បែប​សរីរាង្គ​នេះ​។ មិនមែន​ត្រឹមតែ​ដាក់លក់​ផលិតផល​កាហ្វេ​សរីរាង្គ​ប៉ុណ្ណោះ​ទេ សូម្បីតែ​អ​ថិ​តិ​ជន​ចូល​ពិសារ​កាហ្វេ​សរីរាង្គ​នេះ ក៏​ទទួលបាន​ចំណេះដឹង​ពី​កសិកម្មសរីរាង្គ តាមរយៈ​ការធ្វើ​បទ​បង្ហាញ​ពី​ក្រុមការងារ និង​បុគ្គលិក ហាង​ប៊ី​ង​ហ្គោ​កាហ្វេ​របស់លោក​ស្រី​ផងដែរ​។​
 
​សំឡេង​លោកស្រី ប្រុក វ៉ា​ន្នី​…៖



 
​មិនមែន​មានតែ​ដំណាំ​កាហ្វេ​សរីរាង្គ​នោះទេ ដែល​ដាំ​ដុះ​នៅលើ​ទឹកដី​មណ្ឌល​គី​រី ។ នៅទីនេះ ក៏មាន​ដំណាំ​ផ្លែ​ផា​សិន ឬ​ក្រូច​វ​ល្លិ៍ រួមទាំង​ដំណាំ​ផ្លែ​ត្រសក់ ស្ពៃ សណ្ដែក​គួរ ននោង ល្ហុង ប័​រ និង​ចេក​ជាដើម ដែល​សុទ្ធ​ជា​ដំណាំ​បែប​សរីរាង្គ ដែល​ដាំ​ដោយ​គ្រួសារ​ជនជាតិដើម​ភាគតិច ដោយមាន​ការគាំទ្រ​ពី​អង្គការ​សេ​ដាក និង​ដៃគូ​ពាក់ព័ន្ធ​។ ងាក​ចេញពី​រឿង​កាហ្វេ​សរីរាង្គ​នេះ យើង​បន្តដំណើរ​ទៅ​ចំការ​ដំណាំ​ផ្លែ​ផា​សិន ឬ​ក្រូច​វ​ល្លិ៍​សរីរាង្គ​របស់​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​នៅ​ឃុំ​ដាក់​ដាំ​វិញ​ម្ដង ដែល​កំពុង​វាយលុក​ទីផ្សារ​កម្ពុជា មិន​ចាញ់​កាហ្វេ​សរីរាង្គ​ប៉ុន្មាន​ដែរ​។

លោកស្រី ធាង ត្រា​ត់ ដែលជា​ម្ចាស់​ចំការ​ផា​សិន​លើ​ផ្ទៃដី​៦០ បាន​ប្រក​បរបរ​ដាំ​ផ្លែ​ផា​សិន​នេះ រយៈពេល​ជាង​១​ឆ្នាំ​ហើយ ក្រោយពី​លោកស្រី បាន​បញ្ឈប់​ការ​ស៊ីឈ្នួល​ធ្វើស្រែ​ចំការ​ឲ្យ​គេ​ក្នុងភូមិ​។​
 
​ក្នុង​សំនៀង​រដឺន ជា​ភាសា​បែប​ជនជាតិដើម​ភាគតិច​ព្នង​លោកស្រី ធាង ត្រា​ត់ បាន​និយាយថា ការងារ​កសិកម្មសរីរាង្គ​នេះ មានការ​ពិបាក​ថែទាំ​បន្តិច​មែន ប៉ុន្តែ​វា​អាច​ផ្តល់​ចំណូល​ឲ្យ​លោកស្រី​បាន​ច្រើន ពោលគឺ​ចាប់ពី​១​លាន​រៀល​ឡើងទៅ​ក្នុង​មួយខែ​។​
 
​លោកស្រី ធាង ត្រា​ត់ ជនជាតិដើម​ភាគតិច​៖

 
​បើតាម​អង្គការ​សេ​ដាក កសិផល​ផ្លែ​សិន ឬ​ក្រូច​វ​ល្លិ៍​សរីរាង្គ​នេះ កំពុងមាន​ទីផ្សារ​ខ្ពស់​នៅក្នុង​ស្រុក ហើយក៏​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​ផ្លែ​ផា​សិន​វៀតណាម​ផងដែរ​។​
 
​បច្ចុប្បន្ន​ដំណាំ​អចិន្ត្រៃយ ដែលមាន​សក្តានុពល​ក្រៅពី​ស្រូវ រួមមាន​មាន​ចេក ទុរេន ស្វាយចន្ទី​ជាដើម មាន​ផ្ទៃដី​ដាំ​ដុះ​ទូទាំង​ខេត្ត​មណ្ឌល​គី​រី មាន​ចំនួន​៧៤៨៩​ហិកតា ។ ដែល​ក្នុងនោះ​មាន​ដំណាំ​កាហ្វេ មាន​ផ្ទៃដី​សរុប​២៨៦​ហិកតា ដោយ​មិនទាន់​បូក​បញ្ចូល​ផ្ទៃដី ទីតាំង​មួយចំនួនទៀត​។ តួលេខ​នេះ បង្ហាញថា ផ្ទៃដី​ដាំ​កាហ្វេ​កើនឡើង​២១១​ហិកតា ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើតាម​លោក សេង សៅ អនុប្រធាន​ការិយាល័យ​សេដ្ឋសាស្ត្រ ខេត្ត​មណ្ឌល​គី​រី​។​
 
​ដោយសារ​មើលឃើញ​ពី​សក្ដានុពល និង​ទីតាំង​ដីក្រហម ដែលមាន​គុណភាព​ខ្ពស់​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម ជឿជាក់ថា កម្ពុជា​នឹង​អាច​បង្កើន​កសិកម្មសរីរាង្គ ជាពិសេស​ផលិត​កាហ្វេ​សរីរាង្គ​ដោយ​ខ្លួនឯងបាន​កាន់តែច្រើន និង​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​បាន​គ្រប់គ្រាន់ ហើយ​កាត់បន្ថយ​ការនាំ​ចូល​បាន​កាន់តែច្រើន នៅ​រយៈពេល​៥​ឆ្នាំ​ទៀត​។​
 
 

Tag:
 ​បទ​យកការណ៍​
  មណ្ឌល​គី​រី​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com