អន្តរជាតិ
អាហ្វ្រិក​ខាងត្បូង​សន្យា​គាំទ្រ​មហាសន្និបាត​UN ដើម្បី​ថ្កោលទោស​មី​យ៉ាន់​ម៉ា​ពេល​ប្រជុំ​លើក​ក្រោយ​
27, Nov 2018 , 8:39 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប្រេ​តូ​រី​យ៉ា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ស្តីពី​ជំហរ​ថ្មី​របស់ខ្លួន​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​រដ្ឋ​រ៉ា​ក់​ខាន​របស់​មី​យ៉ាន់​ម៉ា​។ ក្រុង​ប្រេ​តូ​រី​យ៉ា បាន​ប្តេជ្ញា​នឹង​គាំទ្រ​សេចក្តីសម្រេច​របស់​មហា​សន្និបាត​អង្គការសហប្រជាជាតិ​ដើម្បី​ថ្កោលទោស​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ នៅក្នុង​កិច្ចប្រជុំ​នា​ខែក្រោយ​នេះ​។​


 
​ទំនងជា​មានការ​រិះគន់​ខ្លាំង ក៏ដូចជា​មានការ​សោកស្តាយ​ចំពោះ​ការសម្រេចចិត្ត​លើ​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ទី​៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ហើយ ទើបបានជា​នៅ​ថ្ងៃទី​២៣ វិច្ឆិកា​កន្លងទៅ រដ្ឋាភិបាល​របស់​អាហ្វ្រិក​ខាងត្បូង បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ស្តីពី​ជំហរ​របស់ខ្លួន​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា ដែលមាន​ច​រិ​ក​លក្ខណៈ​ខុសគ្នា​យ៉ាង​ដាច់ស្រឡះ​។​
 
« អាហ្វ្រិក​ខាងត្បូង នឹង​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីសម្រេច​របស់​មហា​សន្និបាត​អង្គការសហប្រជាជាតិ​នៅ​ខែក្រោយ ដោយ​ថ្កោលទោស​យ៉ាងខ្លាំង​លើ​ការបំពាន​សិទ្ធិមនុស្ស ដែល​រាប់បញ្ចូល​ទាំង​អំពើ​ប្រល័យពូជសាសន៍ ដែល​ប្រព្រឹត្ត​ដោយ​យោធា​មី​យ៉ាន់​ម៉ា​ប្រឆាំងនឹង​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​»​។ នេះ​គឺជា​ជំហរ​ថ្មី​របស់​អាហ្វ្រិក​ខាងត្បូង ដែល​ត្រូវបាន​ដកស្រង់​ដោយសារ​ព័ត៌មាន Daily Maverick​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល រដ្ឋមន្ត្រី​ទំនាក់ទំនង​អន្តរជាតិ និង​សហប្រតិបត្តិការ​អាហ្វ្រិក​ខាងត្បូង Lindiwe Sisulu បាន​បញ្ជាក់ថា នេះ គឺជា​ការផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ​មួយ នៃ​គោលនយោបាយ​ការបរទេស​អាហ្វ្រិក​ខាងត្បូង​ក្នុង​អង្គការ​អន្តរជាតិ ជាពិសេស​អង្គការសហប្រជាជាតិ​។ រដ្ឋមន្ត្រី ក៏បាន​អះអាង​ផងដែរ​ថា នេះ ក៏​ជា​បង្ហាញ​ពី​ការទទួលខុសត្រូវ​រប​ស់​អាហ្វ្រិក​ខាងត្បូង​លើ​បញ្ហា​សិទ្ធិមនុស្ស ខណៈ​ចាប់ពី​ថ្ងៃទី​១ មករា ឆ្នាំក្រោយ​តទៅ អាហ្វ្រិក​ខាងត្បូង ក៏​នឹងចូលរួម​ការងារ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ជា​លើក​ទី​៣​ផង​នោះ​។ 
 
​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ដដែល​នោះ ការណ៍ ដែល​កន្លងមក អាហ្វ្រិក​ខាងត្បូង មិនបាន​បោះឆ្នោត​គាំទ្រ​ការចេញ​សេចក្តីសម្រេច​ថ្កោលទោស​មី​យ៉ាន់​ម៉ា​នោះ ក៏​ព្រោះតែ​ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​ការបរទេស​របស់​រដ្ឋា​ភិ​បាល​ខ្លួន ដែល​មិន​ចង់បង្ហាញ​ជំហរ​តឹងរឹង​ពេក​ទៅលើ​រដ្ឋ​ណាមួយ​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស​។  
 
​គួររម្លឹកថា នៅ​ថ្ងៃ​១៦ វិច្ឆិកា គណៈកម្មាធិការ​ទី​៣​ទទួលបន្ទុក​ផ្នែក​សង្គម មនុស្សធម៌ និង​វប្បធម៌​មហាសន្និបាត​អង្គការសហប្រជាជាតិ បានអនុម័ត​សេចក្តីសម្រេច​ថ្មី​មួយ​ដោយបាន​ថ្កោលទោស​មី​យ៉ាន់​ម៉ា​យ៉ាងខ្លាំង​លើ​បញ្ហា​សិទ្ធិមនុស្ស​។ សេចក្តីសម្រេច​នោះ មាន​សំឡេងគាំទ្រ​ពី​រដ្ឋ​សមាជិក ១៤២, អនុបវាទ ២៦ និង​ជំទាស់​១០​សំឡេង​។ ពេលនោះ​ដែរ អាហ្វ្រិក​ខាងត្បូង បាន​បោះឆ្នោត​អនុបវាទ ដែល​មានន័យថា អាហ្វ្រិក​ខាងត្បូង មិន​ជំទាស់ ហើយក៏​មិន​គាំទ្រ​៕ 
 

Tag:
 UNGA
  មី​យ៉ាន់​ម៉ា​
  អាហ្វ្រិក​ខាងត្បូង​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com