ជាតិ
នយោបាយជាតិ
ជាថ្មីម្តងទៀត សម្តេច ហ៊ុន សែន ប្រកាសឈប់ឆ្លើយតបលោក សម រង្ស៊ី សម្តេច ហ៊ុន សែន ថ្លែងសារក្នុងពិធីបិទមហាសន្និបាតរបស់ស.ស.យ.ក នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបពីស.ស.យ.ក
× សម្តេច ហ៊ុន សែន ហាក់ធុញទ្រាន់នឹងការឆ្លើយឆ្លងជាមួយលោក សម រង្ស៊ី។ ម្យ៉ាងទៀត សម្តេច ហ៊ុន សែន យល់ថា បើបន្តឆ្លើយឆ្លង គឺដូចជាផ្តល់តម្លៃឲ្យលោក សម រង្ស៊ី។
ធ្វើជាអធិបតីជាមួយភរិយា ក្នុងពិធីបិទមហាសន្និបាតលើកទី៤នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សម្តេច ហ៊ុន សែន បានចំអកឲ្យលោក សម រង្ស៊ី ថា រាល់ថ្ងៃ លោក ប្រឹងទិតៀនរដ្ឋាភិបាលនិងគណបក្សកាន់អំណាច រួមទាំងវាយប្រហារទៅកាន់សម្តេចផ្ទាល់ តាមសារព័ត៌មានផងនិងតាមការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផង ពីព្រោះខ្លាចប្រជាជនកម្ពុជា បំភ្លេចខ្លួនចោល។
នៅចំពោះមុខយុវជនរបស់ស.ស.យ.ក ដែលមានកូនប្រុសពៅ គឺលោក ហ៊ុន ម៉ានី ជាប្រធាន សម្តេច ហ៊ុន សែន និយាយសំដៅទៅលោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស យ៉ាងដូច្នេះថា៖«ខ្ញុំដឹងច្បាស់ថាអ្នកឯង ជាមនុស្ស ដែលគេលែងយកចិត្តទុកដាក់ហើយ អ៊ីចឹងវិធីតែមួយ គឺអ្នកឯកឆ្កឹះខ្ញុំ ឲ្យនិយាយជាមួយអ្នកឯង។ ខ្ញុំឈប់និយាយជាមួយអ្នកឯង។ ដល់អ៊ីចឹងទៅ គាត់ក៏ស្ងាត់»។
ការប្រកាសនេះ គឺបន្ទាប់ពីសម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី បានឆ្លើយឆ្លងគ្នាពីរ-បីដងរួចមក ពីរឿងយកលោក កឹម សុខា ធ្វើជាល្បែងភ្នាល់យកឈ្នះ-ចាញ់។ លោក សម រង្ស៊ី ហ៊ានអះអាងថា យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ លោក កឹម សុខា នឹងត្រូវដោះលែង តែបើពុំដូច្នេះទេ លោក ស្ម័គ្រចិត្តដើរចូលស្រុក ឲ្យសមត្ថកិច្ចចាប់ខ្លួន។
ក្រោយលោក សម រង្ស៊ី អះអាងដូច្នេះ សម្តេច ហ៊ុន សែន ក៏ចេញមុខមកតទាល់។ សម្តេច ហ៊ុន សែន ប្រាប់មហាជនថា នឹងចុះចេញពីតំណែង បើលោក កឹម សុខា ពិតជាត្រូវដោះលែងដូចការអះអាងរបស់លោក សម រង្ស៊ី។ តែបើលោក កឹម សុខា មិនត្រូវដោះលែងទេ សម្តេច ហ៊ុន សែន ទាមទារឲ្យលោក សម រង្ស៊ី ធ្វើតាមការសន្យារបស់ខ្លួន។
ការយកលោក កឹម សុខា មកធ្វើជាល្បែងបែបនេះ បានធ្វើឲ្យអ្នកទាំងពីរ រងការរិះគន់ដូចគ្នា ពីមជ្ឈដ្ឋានមួយចំនួន ជាពិសេសក្រុមអ្នកប្រឆាំង។ អ្នកខ្លះ សម្តែងក្តីអាណិតចំពោះលោក កឹម សុខា ហើយចាត់ទុកលោក ថាជាជនរងគ្រោះ៕
Tag:
ហ៊ុន សែន
សម រង្ស៊ី
កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com