ជាតិ
សិល្បះ
សម្ដេច ហ៊ុន សែន ៖​ការដាក់បញ្ចូល «​ល្ខោនខោល​» នៅក្នុង​បញ្ជី​យូណេស្កូ នឹងធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា កាន់តែ​ល្បី​ទូទាំង​ពិភពលោក​
29, Nov 2018 , 8:20 am        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
​ភ្នំពេញ​៖ ការដាក់បញ្ចូល «​ល្ខោនខោល​» ទៅក្នុង​បញ្ជី​អរូបី​យ​នៃ​មនុស្សជាតិ​នាពេលនេះ នឹងធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា កាន់តែ​ល្បី​សុះសាយ​ទូទាំង​ពិភពលោក​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។


​សម្តេច ហ៊ុន សែន ចាត់ទុក​សមិទ្ធផល​នេះ គឺជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា ដែល​ល្ខោនខោល​ត្រូវបាន​ទទួលស្គាល់​ជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ និង​មានតម្លៃ​ជាស​កល​។ 
 
​សម្ដេច ហ៊ុន សែន ក៏​មិន​ភ្លេច​លើក​ពី​គុណសម្បត្តិ​របស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា ដែល​បាន​ខិតខំ​ពុះពារ​ការលំបាក​រហូត​ដល់​មានការ​សម្រេច​ចុះ​ល្ខោនខោល​ក្នុង​បញ្ជី​អរូបី​យ​នៃ​មនុស្សជាតិ​នេះ​។ 
 
​លិខិត​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​អបអរ​ចំពោះ​សមិទ្ធផល​ថ្មី នៅ​ថ្ងៃទី​២៨ វិច្ឆិកា បាន​សរសេរ​ដូច្នេះ​ថា ៖«​ការដាក់បញ្ចូល ល្ខោនខោល ទៅក្នុង​បញ្ជី​អរូបី​យ​នៃ​មនុស្សជាតិ​នាពេលនេះ គឺជា​ការរួមចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​ល្បី​សុះសាយ​ទូទាំង​ពិភពលោក ហើយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​តួអង្គ​កាន់តែ​លេចធ្លោរ​ថែមទៀត នៅលើ​វេទិកា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​។​
 
​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ សម្ដេច ហ៊ុន សែន អំពាវនាវ​ឲ្យ​ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ រួមទាំង​ប្រជាពលរដ្ឋ ចូលរួម​វាយគង ទូងស្គ ទះ​ប៉ោត គោះ​ត្រដោក និង​ប្រើ​មធ្យោបាយ​ផ្សេងៗ នៅតាម​សាធារណៈ និង​តាម​វត្ត​អារាម នៅ​ម៉ោង ១០​នាទី​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ។​
 
​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត (Lkhon Khol Wat Svay Andet) របស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ផ្លូវការ នា​អំឡុង​នៃ​សម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ​។​
 
​សូមបញ្ជាក់ថា ល្ខោនខោល គឺជា​បេតិកភណ្ឌ​ខ្មែរ​ទី​៥ ដែល​បានទទួល​ឋានៈ​ឧ​ត្តុ​ង​ឧ​ត្ត​ម ក្នុងការ​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​អរូបី​យ​នៃ​មនុស្សជាតិ បន្ទាប់ពី​ប្រាសាទសំបូរព្រៃគុក ដែល​បានដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧​។ ចំណែក​បេតិកភណ្ឌ​ផ្សេងៗ​ទៀត ដែល​ត្រូវ​បានដាក់​ប​ញ្ជូ​ល​ទៅក្នុង​បញ្ជី​សម្បត្តិ​វប្បធម៌​ពិភពលោក រួមមាន ប្រាសាទអង្គរវត្ត នៅ​ឆ្នាំ​១៩៩២ , របាំ​បុរាណ​ខ្មែរ (​របាំ​ព្រះរាជ​ទ្រព្យ​) នៅ​ឆ្នាំ​២០០៣ និង​ប្រាសាទព្រះវិហារ នៅ​ឆ្នាំ​២០០៨​។ នេះ​បើតាម​លិខិត​សម្ដេច ហ៊ុន សែន​៕

Tag:
 ​ហ៊ុន សែន​
  ល្ខោនខោល​
© រក្សាសិទ្ធិដោយ thmeythmey.com