ជាតិ
បេតិកភណ្ឌ​វប្បធម៌​អរូបី​ចំនួន​៧​ដែល​ត្រូវដាក់​ចូលក្នុង​បញ្ជី Need of Urgent Safeguarding
29, Nov 2018 , 11:44 am        
រូបភាព
ដោយ: រួបរួម
​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ស្ថិត​ក្នុងចំណោម​បេតិកភណ្ឌ​វប្បធម៌​អរូបី​ចំនួន​៧ ដែល​ត្រូវបាន​ទទួលស្គាល់​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ដែល​ត្រូវ​ឲ្យ​មានការ​ថែរក្សា ការពារ​ជាបន្ទាន់ (List of Intangible Cultural Heritage in Need of Urgent Safeguarding) ។ បេតិកភណ្ឌ​អរូបី​ទាំងនេះ ត្រូវ​បានទទួល​ស្គាល់ផ្លូវ​ការ​នា​សម័យប្រជុំ លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​ក្រុង Port Louis ប្រទេស​ម៉ូ​រី​ស កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា​។​

 
​រដ្ឋ​ដែលមាន​បេតិកភណ្ឌ​អរូបី​ក្នុង​បញ្ជី Intangible Cultural Heritage in Need of Urgent Safeguarding (USL) នេះ ត្រូវ​ទទួលបាន​កញ្ចប់​ថវិកា​សម្រាប់​ការអភិវឌ្ឍន៍ និង​អភិរក្ស រួមទាំង​ជំនួយ​បច្ចេកទេស​នានា​ពី​សហគម​ន៍​អន្តរជាតិ ក្រោម​ក្របខណ្ឌ​វប្បធម៌​។ សម្រាប់​កម្ពុជា ល្ខោនខោល ជា​បេតិកភណ្ឌ​អរូបី​ទី​ពីរ​ដែល​ស្ថិតក្នុង​បញ្ជី USL បន្ទាប់ពី​ចាប៉ីដងវែង (​ឆ្នាំ​២០១៦)​។​
 
​ខាងក្រោម​នេះ ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​ទាំង​៧​ដែល​ទើប​ត្រូវបាន​ចុះ​ក្នុង​បញ្ជី USL៖
 
​អាល់​ហ្សេ​រី​៖ ចំណេះដឹង និង​ជំនាញ​វាស់​កម្រិត​ទឹក foggaras នៃ​សហគមន៍ Ksour តំបន់ Touat និង Tidikelt​។​

 
 
​អា​សែ​បៃ​ហ្ស​ង់​៖ Yalli (Kochari, Tenzere) ក្រុម​រាំ​ប្រពៃណី​នៅ​តំបន់​ស្វ័យ​ត Nakhchivan​។​

 
 
​កម្ពុជា​៖ ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត (Lkhon Khol Wat Svay Andet) ដែលជា​ល្ខោន​ដ៏​ចំណាស់​របស់​កម្ពុជា ហើយ​ត្រូវ​ស្រោចស្រង់​ដោយ​សហគមន៍​នៅ​ជុំវិញ​វត្ត​ស្វាយ​អណ្តែត ខេត្តកណ្តាល​។​

 
 
​អេ​ហ្ស៊ី​ប​៖ ល្ខោន​តុក្កតា Al-Aragoz (Traditional Hand Puppetry) ដែលជា​ទម្រង់​សិល្បៈ​ដ៏​ចំណាស់​មួយ​នៅ​អេ​ហ្ស៊ី​ប​។​

 
 
​កេ​ន​យ៉ា​៖ Enkipaata, Eunoto និង Olng’esherr ពិធី​បីយ៉ាង​សម្រាប់​មនុស្ស​ប្រុស​ដែល​ឆ្លង​ពី​វ័យ​កុមារ​ទៅ​ជំទង់​នៅ​សហគមន៍ Maasai​។​

 
 
​ប៉ា​គី​ស្ថាន​៖ ក្បួន​តាមដាន​ព្រះអាទិត្យ Suri Jagek ដែល​ក្បួន​ឧតុនិយម និង​តារាសាស្ត្រ​បែប​ប្រពៃណី តាម​ប្រតិទិន Kalasha​។​

 
 
​ស៊ី​រី​៖ ល្ខោន​ស្រមោល (Shadow Play) ប្រពៃណី​ដែល​ប្រឈម​បាត់បង់​ដោយសារ​សង្គ្រាម​រ៉ាំ​រៃ​៕
 

Tag:
 ល្ខោនខោល​
  យូណេស្កូ​
  បេតិកភណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com