អន្តរជាតិ
«​មហា​យក្ស​ឥណ្ឌា​»​សន្យា​ជួយ​កោះ​ម៉ា​ល់​ឌី​វ​ដោះបំណុល​ចិន តែ​ម៉ា​ល់​ឌី​វ​ត្រូវ​បើកទ្វារ​ឲ្យ​ទ័ព​ខ្លួន​ឈរជើង​
29, Nov 2018 , 8:39 pm        
រូបភាព
ដោយ:
​ក្រុង​ញូ​វ​ដេលី​កំពុង​ពិចារណា​ផ្តល់​កម្ចី​ទំហំ មួយ​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​ម៉ា​ល់​ឌី​វ  ដើម្បី​ជួយ​ដោះបំណុល​ដែល​ប្រទេស​កោះ​នៅ​មហាសមុទ្រ​ឥណ្ឌា​នេះ​បាន​ជំពាក់​ចិន​។  ប៉ុន្តែ​ជំនួយ​នេះ​ក៏មាន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ដែរ ដោយ​រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ​ត្រូវ​យល់ព្រម​ដើរចេញ​ឲ្យ​ឆ្ងាយ​ពី​ចិន និង​ព្រម​អនុញ្ញាត​ឲ្យ​កងទ័ព​ឥណ្ឌា​ឈរជើង​លើទឹក​ដី​ខ្លួន​ជា​អចិន្ត្រៃយ៍​ដែរ​។


 
​ប្រភព​រដ្ឋាភិបាល​ឥណ្ឌា​ប្រាប់​សារព័ត៌មាន Asian Nikkei ថា ឥណ្ឌា​កំពុង​ពិភាក្សា​ជាមួយ​ម៉ា​ល់​ឌី​វ ដើម្បី​ផ្តល់​កម្ចី​ការប្រាក់​ទាប​ប្រមាណ​មួយ​ពាន់​លាន​ដុល្លារ  ប៉ុន្តែ​ជា​ថ្នូរ​ត្រឡប់មកវិញ ឥណ្ឌា​មាន​សិទ្ធិ​ដាក់ពង្រាយ​កងទ័ព​រប​ស់​ខ្លួន​នៅ​រដ្ឋ​ដែន​កោះ​នេះ​។ 
 
​ជុំវិញ​រឿងនេះ  រដ្ឋមន្ត្រីការបរទេស​ម៉ា​ល់​ឌី​វ លោក Abdulla Shahid និង សម​ភាគី​ឥណ្ឌា  លោកស្រី Sushma Swaraj  បាន​អះអាងថា ការចរចា​នេះ​កំពុងដំណើរការ​ទៅមុខ​យ៉ាង​រលូន ហើយ​ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំងពីរ​នេះ ក៏បាន​យល់ព្រម​លើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ និង​សេដ្ឋកិច្ច  នៅ​ជំនួប​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​កន្លងទៅ​នា​រដ្ឋធានី ញូ​វ​ដេលី​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ  ក្រសួងការបរទេស​ឥណ្ឌា​បាន​គូសបញ្ជាក់ថា  ឥណ្ឌា​នឹង​ជួយ​គាំទ្រ​ម៉ា​ល់​ឌី​វ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព​ខាង​ផ្នែក ចំណូល​ចំណាយ និង​កញ្ចប់​ថវិកាជាតិ​របស់​ប្រទេស​នេះ​។ 
 
​បើតាម​សារព័ត៌មាន Asian Nikkei ឥណ្ឌា និង​ម៉ា​ល់​ឌី​វ រំពឹង​នឹង​ជួបគ្នា​ពិភាក្សា​លម្អិត​ពី​បញ្ហា​នេះ​នៅមុន ពេល​ប្រ​ធានា​ធិ​តី​ម៉ា​ល់​ឌី​វ​ថ្មី  លោក Ibrahim Mohamed Solih  ដែល​កាន់តំណែង​កាលពី​ថ្ងៃ ១៧ ខែវិច្ឆិកា​កន្លងទៅ  មក​ទស្សនកិច្ច​ទៅកាន់​ឥណ្ឌា​នៅ​ថ្ងៃ ១៧ ខែ​ខែធ្នូ​ខាងមុខ​។​
 
​យ៉ាងណាក៏ដោយ ជុំវិញ​ការ​តាំងទី​របស់​កងទ័ព​ឥណ្ឌា​នៅលើ​ទឹកដី​ម៉ា​ល់​ឌី​វ​អាចជា​រឿងចម្រូងចម្រាស​។ កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការបរទេស​ម៉ា​ល់​ឌី​វ Abdullah Shahid ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត SNI ប្រកាសថា ម៉ា​ល់​ឌី​វ​មិន​បើកទ្វារ​ទទួល​មូលដ្ឋានទ័ព​បរទេស​ឡើយ​ទោះ​ប្រទេស​ណាក៏ដោយ​។ 
 
​តាមពិតទៅ ក្នុង​អាណត្តិ​របស់​អតីត​ប្រធានាធិបតី Abdulla Yameen រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ​បាន​ខ្ចីលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ចិន ដើម្បី​ហេដ្ឋារចនាសម្ព័ន្ធ ក្រោម​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ និង​វិថី​មួយ​របស់​ចិន​។ គេ​ជឿថា លោក Yameen ធ្លាប់បាន​ទាំង​ប្រគល់​កោះ​មួយចំនួន​ទៅ​ឲ្យ​ចិន​ផង​។ 
 
​ឥណ្ឌា​ដែល​តែ​ចាត់ទុក​មហាសមុទ្រ​ឥណ្ឌា​ជា​ភូមិសាស្ត្រ​ដ៏​សំខាន់​ទាំង​ផ្នែក​សន្តិសុខ និង​ពាណិជ្ជកម្ម​របស់ខ្លួន​នោះ មានការ​ព្រួយបារម្ភ​ពី​លទ្ធភាព​ដែលថា ចិន​អាច​នឹង​សាងសង់​មូលដ្ឋានទ័ព​របស់ខ្លួន​នៅ​ប្រជុំ​កោះ​នៅក្នុង​តំបន់​នោះ​។​
 
​ត្រឡប់មកវិញ ទាក់ទិន​នឹង​បញ្ហា​បំណុល​ម៉ា​ល់​ឌី​វ​ជំពាក់​ចិន  អតីត​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ លោក Mohamed Nasheed  បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ដើមខែ​វិច្ឆិកា​នេះ​ថា  គ្មាន​ឡើយ​ទិន្នន័យ​ផ្លូវការ​ណាមួយ​ជុំវិញ​បំណុល​នេះ​។  ប៉ុន្តែ​លោក​បាន​បង្ហើប​ថា  បំណុល​ម៉ា​ល់​ឌី​វ​ជំពាក់​ចិន​តែមួយ​មុខ គឺមាន​ចំនួន​ដល់​ទៅ ៣ ពាន់​លាន​ដុល្លារ ខណៈដែល​ធនាគារកណ្តាល​ម៉ា​ល់​ឌី​វ​បញ្ជាក់ថា ម៉ា​ល់​ឌី​វ​ជំពាក់​ចិន​យ៉ាងតិច ១,៥​ពាន់​លាន​ដុល្លារ​។ 
 
 លោក  Nasheed  ដែលជា​មនុស្ស​ស្និទ្ធ​នឹង​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ​បច្ចុប្បន្ន  បាន​និយាយ​ទាំងអស់​សង្ឃឹមថា  វា​ពុំ​អាចទៅរួច​ទេ​ដែល​រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ​អាច​សងបំណុល​នេះ​បាន ដោយ​ពឹងផ្អែក​តែ​លើ​ខ្លួនឯង​នោះ​។ មាន​ប្រជាជន​ប្រហែល ៣​សែន​នាក់ ម៉ា​ល់​ឌី​វ មាន​ផលិត​ក្នុងស្រុក​សរុប​ប្រហែល ៤​ពាន់​លាន​ដុល្លារ​។  
 
​ឲ្យ​ពិត​ទៅ លោក​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ​បច្ចុប្បន្ន Ibrahim Mohamed Solih  គឺជា​សមាជិក​ជាន់ខ្ពស់​មួយរូប​នៃ​បក្ស​ប្រជាធិបតេយ្យ​ម៉ា​ល់​ឌី​វ​របស់លោក Nasheed​។ លោក Solih  បាន​យកឈ្នះ លោក Yameen នៅក្នុង​ការបោះឆ្នោត កាលពី​ខែកញ្ញា​កន្លងទៅ​។ លោក Solih ដែលមាន​ទំនោរ​ទៅរក​ឥណ្ឌា បានចាប់ផ្តើម​ពង្រឹង​ចំណងទាក់ទង​ជាមួយ​ក្រុង​ញូ​វ​ដេលី និង​មាន​គម្រោង​សើរើ​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ចក​ម្ម​សេរី​ជាមួយ​ចិន​មួយចំនួន​ផងដែរ ដែល​បាន​ធ្វើឡើង​ក្នុង​អាណត្តិ​ដឹកនាំ​របស់លោក Yameen កាលពី​ឆ្នាំមុន​៕

Tag:
 ឥណ្ឌា​
  ចិន​
  ម៉ា​ល់​ឌី​វ​
  បំណុល​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com