ជាតិ
ADB ផ្ដល់ជំនួយ​៣០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អនុវត្ត​គម្រោង​ទេសចរណ៍​នៅ​ខេត្ត​កែប និង​ព្រះសីហនុ​
30, Nov 2018 , 10:59 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់​ថវិកា​៣០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា សម្រាប់​យកទៅអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ជំហាន​ទី​២ នៅ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​កម្ពុជា ដែល​ផ្ដោតលើ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការការពារ​បរិស្ថាន ។​


 
​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍​លោក ទិ​ត ចន្ថា បាន​និយាយថា គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ជំហាន​ទី​២​នេះ គឺ​ផ្តោតលើ​ការរៀបចំ​បង្កើត​ទីលាន​ចាក់សំរាម និង​សម្ភារ​សម្អាត​ទីក្រុង​នៅ​ខេត្ត​កែប រួមទាំង​គម្រោង​បី​ទៀត​នៅ​ខេត្ត​ព្រះសីហនុ មានដូចជា គម្រោង​ធ្វើ​ផ្លូវ​ទេសចរណ៍​តាម​បណ្ដោយ​ឆ្នេរសមុទ្រ ,​គម្រោង​បង្កើត​រោងចក្រ​សម្អាត​ទឹក​កខ្វក់ និង​គម្រោង​កសាង​កំពង់ផែ​ទេសចរណ៍​នៅ​ក្រុងព្រះសីហនុ និង​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។​
 
​ថ្លែង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មការ​អភិវឌ្ឍន៍​ទេសចរណ៍ កាលពី​ថ្ងៃទី​២៩ វិច្ឆិកា រដ្ឋលេខាធិការ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​នៅ​ឆ្នាំ​២០១៨​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានទទួល​ហិរញ្ញប្បទាន​សប្បទាន​ពី​ធនាគារ ADB សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សម្រាប់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ជំហាន​ទី​២ ក្នុង​មហា​អនុតំបន់​ទន្លេ​គ​ង្គ (GMS) គ្រោង​ចំណាយ​ថវិកា ៣០​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​នៅ​ខេត្ត​តំបន់ឆ្នេរ​៖ ១. គម្រោង​គ្រប់គ្រង​កាកសំណល់​រឹង នៅ​ខេត្ត​កែប​, ២. សាងសង់​ផែ​ទេសចរណ៍​ចំនួន​២ នៅ​ខេត្ត​ព្រះសីហនុ និង​កោះរ៉ុង ផ្លូវ​តាម​បណ្តោយ​ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ ផ្លូវ​ដើរ​តាម​មាត់សមុទ្រ​នៅ​កោះរ៉ុង​, ៣. ការអនុវត្ត​ស្តង់ដា​ទេសចរណ៍​អាស៊ាន នៅ​ខេត្ត​តំបន់ឆ្នេរ​ទាំង​បួន ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​មាន​ប្រព័ន្ធ​ស្ដង់ដា​សុវត្ថិភាព មានការ​ធានា​បានល្អ​»​។​
 
​បច្ចុប្បន្ននេះ​ក្រសួងទេសចរណ៍ និង​ធនាគារ ADB បានចាប់ផ្ដើម​អនុវត្ត​ជំហាន​ទី​១​បណ្ដើរៗ​មកហើយ នូវ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ប្រកបដោយ​បរិ​យា​ប័ន្ន នៅក្នុង​មហា​អនុតំបន់​ទន្លេ​គ​ង្គ (GMS) ។​ក្នុងនោះ​មាន​គម្រោង​កំពង់ផែ​ទេសចរណ៍​នៅ​ខេត្តកំពត ,​គម្រោង​បង្កើត​ប្រព័ន្ធ​សម្អាត​ទឹក​កខ្វក់​នៅ​ផ្សារ​ក្ដាម ខេត្ត​កែប ,​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​នៅ​ខេត្តកំពត ខេត្ត​កែប និង​ខេត្តកោះកុង​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ ដែល​ស្រង់​សម្ដី​លោក ទិ​ត ចន្ថា ៕

Tag:
 ​ថោង ខុន​
  ADB
  ទេសចរណ៍​
  ព្រះសីហនុ​
  កែប​
© រក្សាសិទ្ធិដោយ thmeythmey.com