ជាតិ
សង្គមជាតិ
ក្រុមហ៊ុន​ម៉ាឡេស៊ី ប្រា​ប់លោក អ៊ិត សំហេង ពី​ការកែលំអ​លក្ខខណ្ឌ​ជ្រើសរើស​ពលករ​ខ្មែរ​ទៅធ្វើ​ការ​
01, Dec 2018 , 9:43 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
រូបពីហ្វេសប៊ុកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
​ភ្នំពេញ​៖ ម៉ាឡេស៊ី​បាន​ផ្លាស់ប្តូរ​លក្ខខណ្ឌ និង​នីតិវិធី​ថ្មី ក្នុងការ​ជ្រើសរើស​ពល​ករ តាមរយៈ​ការដំឡើង​ប្រាក់​ឈ្នួល​ខ្ពស់ជាង​មុន ដើម្បី​ទាក់ទាញ​ពលករ​បរទេស ជាពិសេស​ពលករ​កម្ពុ​ជា ឲ្យ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ឲ្យ​កាន់តែច្រើន​ថែមទៀត ។ នេះ​ជាការ​លើកឡើង​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ម៉ាឡេស៊ី​ចំនួន​៣ ប្រាប់​ទៅ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​២៩ វិច្ឆិកា​។​

 
​អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​លោក ហ៊ូ វុទ្ធី បាន​បញ្ជាក់ថា នីតិវិធី​ក្នុងការ​ជ្រើសរើស​ពលក​រ​ថ្មី​នេះ គឺ​ពលករ​មិនចាំបាច់​ចំណាយពេល​វេលា​យូរ​ដូច​មុន​ទេ ពោលគឺ​ឲ្យ​តែ​ភាគី​ម៉ាឡេស៊ី​ត្រូវការ​ពលករ​នោះ ពួកគេ​នឹងត្រូវ​បញ្ជូនទៅ​ធ្វើការ​បា​ន ។ មានន័យថា កាលពីមុន​ពលករ​ត្រូវមាន​កិច្ចសន្យាការងារ និង​បំពេញបែបបទ​ផ្សេងៗ​ទៀត​ដូច​មុន​ឡើយ​។ បើតាម​លោក ហ៊ូ វុទ្ធី ម៉ាឡេស៊ី​ក៏​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ពលករ​បរទេស ដែល​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ពី​ប្រមាណ​ជាង​៣០០​ដុល្លារ​ក្នុង​១​ខែ ដើម្បី​ឲ្យ​ពលករ​ទទួលបាន​នូវ​ប្រាក់ចំណូល​ខ្ពស់ជាង​មុន​ក្នុងការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ និង​ផ្ញើ​ត្រឡប់មក​ស្រុកកំណើត​ផងដែរ​។​
 
​ជាការ​ឆ្លើយតប​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក អ៊ិត សំហេង បានស្នើ​ឲ្យ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ម៉ាឡេស៊ី​ទាំង​៣ សហការ​ជាមួយ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា ត្រូវ​ធ្វើការ​រួមគ្នា​ក្នុង​សំឡេង​តែមួយ​ជាមុនសិន​ពាក់ព័ន្ធ​ទៅនឹង​លក្ខខណ្ឌ​ការងារ​ថ្មីៗ ដែល​ក្រុមការងារ​បច្ចេកទេស នៃ​ប្រទេស​ទាំងពីរ​ត្រូវ​ពិភាក្សាគ្នា​ឡើងវិញ លើ​កិច្ចការងារ​ទាំងនេះ មុននឹង​ដាក់ជូន​រដ្ឋ​មន្ត្រី​ប្រទេស​ទាំងពីរ​សម្រេច​ជា​ចុងក្រោយ​។​
 
​លោក អ៊ិត សំហេង នៅតែ​រក្សា​ចំហរ​ទៅតាម​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា លើ​ការជ្រើសរើស​បណ្តុះបណ្តាល រួមទាំង​បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ ដែល​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​។​
 
«​ប្រាក់​ឈ្នួល​នៅ​កម្ពុជា​ក៏មាន​ការកើនឡើង​ខ្ពស់ ដូច្នេះ​ខាង​ម៉ាឡេស៊ី​ត្រូវ​ផ្តល់​ផលប្រយោជន៍​ដល់​ពលករ​កម្ពុជា តាមរយៈ​ប្រាក់​ឈ្នួល​ខ្ពស់ និង​លក្ខខណ្ឌ​ការងារ​ល្អ ទើប​អាច​ទាក់ទាញ​ពលករ​កម្ពុជា ចេញទៅ​ធ្វើការ​នៅ​ទីនោះ​បាន​។ រីឯ​ប្រទេស​ដែលជា​គោលដៅ​ប្រកួតប្រជែង​ក៏មាន​ច្រើន​ផងដែរ ដូចជា​កូរ៉េ ជប៉ុន សឹង្ហ​បុរី ថៃ​ជាដើម​»​។ នេះ​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​។​
 
​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​ការជ្រើសរើស និង​បញ្ជូន​ពលករ​ខ្មែរ ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​កន្លងមក​ដែរ​។ ក្រោយ​ផ្អាក​ការបញ្ជូន​ពលករ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​យន្តការ និង​បទដ្ឋាន​គតិយុត្តិ​ជាច្រើន​សម្រាប់​ការពារ​គ្រប់គ្រង និង​លើកកម្ពស់​សិទ្ធិ​ដល់​ពលករ​ខ្មែរ​ទាំងអស់ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​។​
 
​កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចំនួន ០២ ៖(១) អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការជ្រើសរើស និង​ប្រើប្រាស់​ពលករ ។ (២)​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការជ្រើសរើស និង​ប្រើប្រាស់​ពលករ​ការងារ​ផ្ទះ​។​
 
​បច្ចុប្បន្ន​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា ដែល​ទទួលបាន​កា​អនុញ្ញាត​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ចំនួន ១០៣ ដែល​ធ្វើការ​ជ្រើសរើស​បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​បរទេស​។ ក្នុងនោះ​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន ៦៩ ក្រុមហ៊ុន (​គិត​ត្រឹម ខែតុលា ឆ្នាំ​២០១៨)​។ នេះ​បើតាម​ក្រសួង​ការងារ​៕
 
 

Tag:
 ​អ៊ិត សំហេង​
  ពលករ​ខ្មែរ​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com