ជាតិ
សង្គមជាតិ
អ្នកជំនាញវប្បធម៌ ពន្យល់ពីមូលហេតុយកឈ្មោះ«ល្ខោនខោលវត្តស្វាយអណ្ដែត»ចុះបញ្ជីយូណេស្កូ រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
× ភ្នំពេញ៖ ក្រោយពី «ល្ខោនខោលវត្តស្វាយអណ្ដែត» ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផ្លូវការហើយមក សាធារណៈជនមួយចំនួន មានចម្ងល់ថា មូលហេតុអ្វីបានជារដ្ឋាភិបាល យកឈ្មោះ«ល្ខោនខោលវត្តស្វាយអណ្ដែត»នេះ ចុះបញ្ជីនៅអង្គការយូណេស្កូ ខណៈដែលបច្ចុប្បន្ន កម្ពុជាមានក្រុមសម្ដែងល្ខោនខោលជាច្រើន នៅតាមបណ្ដាខេត្តនានា។ ដោយសារតែបញ្ហានេះ ទើបអ្នកជំនាញ ចេញមកបកស្រាយ ដើម្បីកុំឲ្យពលរដ្ឋយល់ច្រឡំ។
ប្រធាននាយកដ្ឋានផែនការស្ថិតិក្រសួងវប្បធម៌ និងជាសាស្ត្រាចារ្យផ្នែកបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក ស៊ីយ៉ុន សុភារិទ្ធ បានពន្យល់ក្នុងន័យនេះថា ការដាក់«ល្ខោនខោលវត្តស្វាយអណ្ដែត» ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនេះ គឺអនុវត្តតាមគោលការណ៍របស់អង្កការយូណេស្កូ ដែលតម្រូវឲ្យយកទីតាំង ឬសហគមន៍ដែលបានអភិរក្សល្ខោនខោលនេះបានល្អជាងគេ ធ្វើជាតំណាងឲ្យល្ខោនខោលដដទៃទៀត នៅក្នុងប្រទេសកម្ពុជា។
លោក ស៊ីយ៉ុន អ្នកជំនាញចងក្រងឯកសារទាំងរូបី និងអរូបីរូប (អង្គុយនៅខាងឆ្វេងដៃរដ្ឋមន្រ្តីក្រសួងវប្បធម៌លោកស្រី ភឿង សកុណា
អ្នកជំនាញចងក្រងឯកសារទាំងរូបី និងអរូបីរូបនេះ ដែលបានអមដំណើររដ្ឋមន្ត្រីក្រសួងវប្បធម៌ ទៅប្រទេសម៉ូរីស ដើម្បីតាមដានការសម្រេចរបស់អង្គការយូណេស្កូនេះ បានសរសេរពន្យល់នៅក្នុងហ្វេសប៊ុកខ្លួនដូច្នេះថា៖« ការដាក់បញ្ជូលល្ខោនខោលវត្ថស្វាយអណ្តែត គឺមានន័យថា "ជាការទទួលស្គាល់ល្ខោនខោលទូទៅនៅក្នុងប្រទេសកម្ពុជា។ តាមគោលការណ៍និងលក្ខខ័ណ្ឌរបស់អង្គការយូណេស្កូ ការដាក់បញ្ជូលបេតិកភណ្ឌណាមួយ គឺត្រូវយកសហគមន៍មួយ មកជាតំណាង ហើយក្នុងស្ថានភាពល្ខោនខោលបច្ចុប្បន្ន សហគមន៍វត្តស្វាយអណ្តែត គឺសាកសមបំផុត។ ត្បិតល្ខោនខោលវត្តស្វាយអណ្តែតនៅជាប់ខ្លាំងក្នុងជំនឿនិងប្រពៃណីរបស់អ្នកស្រុក។ សូម្បីតែអ្នកតា ដូចជាលោកតាកំហែង (ហនុមាន) ដែលអ្នកស្រុកគោរពណាស់នោះ ក៏ជាតួអង្គធំមួយនៃល្ខោនខោលនោះដែរ។ ដូច្នេះល្ខោនខោលវត្តស្វាយអណ្តែត តំណាងល្ខោនខោលនានាក្នុងប្រទេសកម្ពុជា»។
ក្រោយពីពន្យល់បែបនេះហើយ អ្នកជំនាញរូបនេះ ក៏បានសរសេរបន្ថែមថា ការចុះបញ្ជីល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌអរូបី គឺដើម្បីសង្គ្រោះបន្ទាន់ (Urgent Safeguarding List) ពោលគឺមិនមែនដាក់បញ្ចូលដើម្បីវាយតម្លៃយកលេខ១ ឬលេខ២ នោះឡើយ។
«ស្រុកបារាំង ស្រុកចិន ប្រេស៊ីល…។ល។ គេមានដាក់ចូលបញ្ជីដែលត្រូវការពារបន្ទាន់ដូចគ្នាដែរ។ ត្រង់នេះមិនមានន័យថាអវិជ្ជមាននោះទេ ផ្ទុយទៅវិញគឺជាការទាញយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋានទាំងអ្នកថា និងអ្នកធ្វើ ទាំងនៅស្រុកខ្មែរ និងអន្តរជាតិ ឲ្យមករួមគ្នាគិតគូអំពីមរតកជាតិមួយនេះទាំងអស់គ្នា។ អនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី គឺផ្ដោតលើកិច្ចការពារបេតិកភណ្ឌ។ មិនមែនគណកម្មការអន្តររដ្ឋាភិបាលមកពីប្រទេសនានា២៤ប្រទេស មកវាយតម្លៃលេខមួយ លេខពីររបស់នេះល្អជាង បេតិកភណ្ឌនោះអាក្រក់ជាងរបស់នេះទេ។សូមកុំយល់ច្រឡំ។ ក្នុងកម្រិតអន្តរជាតិយូណេស្កូ គេមិនមែនធ្វើឲ្យមានជាតិនិយមនោះទេ។ គេឲ្យតម្លៃលើភាពផ្សេងគ្នានៃវប្បធម៌ពីស្រុកមួយទៅ ស្រុកមួយខុសទៅ…។ នេះជាការពន្យល់របស់លោក ស៊ីយ៉ុន សុភារិទ្ធ។
ល្ខោនខោលជាប្រភេទល្ខោនយ៉ាងចំណាស់មួយក្នុងចំណោមទម្រង់សិល្បទស្សនីយភាពនៅកម្ពុជា ដែលមាននៅដើមសម័យអង្គរ។ គេជឿថា ល្ខោនដែលពាក់មុខខ្មុកសំដែងនេះ កើតឡើងនាអំឡុងសតវត្សទី៩ ដោយសំអាងលើចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត។
សហគមន៍វត្តស្វាយអណ្ដែតដែលស្ថិតក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានថែរក្សាល្ខោនខោល និងបង្រៀនគ្នាពីមួយជំនាន់ទៅមួយជំនាន់ពីគ្រូទៅសិស្ស រួមទាំងការសម្ដែងទៅតាមជំនឿប្រពៃណីទំនៀមទម្លាប់របស់សហគមន៍ ពេលចូលឆ្នាំដើម្បីសិរីសួស្ដី និងសុំទឹកភ្លៀងធ្វើស្រែចម្ការនៅឆ្នាំបន្ទាប់ និងកម្មវិធីផ្សេងៗទៀត៕
Tag:
ស៊ីយ៉ុន សុភារិទ្ធ
ល្ខោនខោល
វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com