ជាតិ
នយោបាយជាតិ
សម្តេច ហេង សំរិន៖ ចលនា២ធ្នូ មិនត្រឹមបង្ហាញពីការលះបង់ និងស្នេហាជាតិទេ ប៉ុន្តែជាកញ្ចក់ សម្រាប់កម្ពុជាកុំឲ្យធ្លាក់ក្នុងសង្គ្រាមទៀត រូបភាពពីហ្វេសប៊ុក សម្តេច ហេង សំរិន
× ក្រចេះ៖ រដ្ឋាភិបាល បានប្រារព្ធខួបលើកទី៤០ឆ្នាំ នៃចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ (១៩៧៨ -២០១៨) នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាព្រឹកនេះ។ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដែលជាឥស្សរជនម្នាក់ ក្នុងចំណោមឥស្សរជនសំខាន់ផ្សេងៗទៀត បានថ្លែងថា ចលនា២ធ្នូ មិនត្រឹមបង្ហាញពីការលះបង់ ពលីកម្ម តស៊ូ និងស្នេហាជាតិទេ ប៉ុន្តែជាកញ្ចក់ សម្រាប់កម្ពុជាកុំឲ្យធ្លាក់ក្នុងសង្គ្រាមទៀត។
ពីកន្លែងស្ដូបប្រារព្ធខួបចលនារណសិរ្ស ២ធ្នូ នេះ សម្ដេច ហេង សំរិន បាននិយាយថា ការប្រារព្ធខួបអនុស្សាវរីយ៍នេះ គឺជាស្មារតីរំឭកការចងចាំនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់ជីវិត ក្នុងបុព្វហេតុប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ មករា ១៩៧៩។
សម្តេច ហេង សំរិន បានបញ្ជាក់ដូច្នេះថា៖«យើងបានកសាងអភិវឌ្ឍន៍កម្ពុជាពីបាតដៃទទេ។ ដៃម្ខាងកសាងជាតិ ដៃម្ខាងការពារកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។ កម្ពុជាដ៏ក្រីក្របំផុត ថែមទាំងត្រូវទទួលរងនូវការហ៊ុមព័ទ្ធ ទាំងខាងនយោបាយ និង សេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ថែមទៀតពីសំណាក់ប្រទេសមួយចំនួនដែលប៉ុនប៉ងកម្ចាត់សាធារណរដ្ឋប្រជាមានិតកម្ពុជាទៀត »។
ថ្លែងបែបនេះហើយ ប្រធានរដ្ឋសភា ក៏មិនភ្លេចពីការរំឭកដល់គុណសម្បត្តិនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជន ដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នដែរ។ សម្រាប់ទស្សនៈរបស់សម្ដេច ហេង សំរិន យល់ឃើញថា ស្មារតី២ធ្នូ និងស្មារតី៧មករា គឺចារិកជាប់ក្នុងមនសិការរបស់ប្រជាជនខ្មែរ ហើយបានប្រែក្លាយទៅជាកម្លាំងមួយ ក្នុងការបង្កើតឡើងនូវសមទ្ធិផលធំៗនៃសង្គមជាតិ។
«ទម្រាំមានថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបុព្វហេតុជាតិនិងប្រជាជន។ យើងបានយកអាយុជីវិតប្តូរនឹងសេចក្តីសុខរបស់ប្រជាជននិងការរីកចម្រើនប្រទេសជាតិ។កម្ពុជាកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច គឺពីប្រទេសពឹងផ្អែកលើវិស័យកសិកម្មតាមបែបយថាផល ទៅជាកសិឧស្សាហកម្ម ឧស្សាហកម្ម និងសេវាកម្ម។ កម្ពុជា បានប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យម កម្រិតទាប ហើយកំពុងបន្តធ្វើដំណើរឆ្ពោះទៅជា ប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ »។ នេះជាការលើកឡើងរបស់ប្រធានរដ្ឋសភា។
នៅឆ្នាំ១៩៧៨ នៅភូមិភាគបូព៌ាសមមិត្ត ហេង សំរិន ជាមេបញ្ជាការកងពលធំលេខ៤ បានដឹកនាំកុបកម្មមួយប្រឆាំងនឹងខ្មែរក្រហម។ ពួកកុបករទាំងអស់បាចខិតប័ណ្ណអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់គ្នាក្រោកឡើងរួមសាមគ្គីជាកម្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ មហាសន្និបាតរបស់អ្នកស្នេហាជាតិគ្រប់តំបន់បានធ្វើឡើងនៅមូលដ្ឋានរំដោះ។ មហាសន្និបាតបានសម្រេចជាឯកច្ឆន្ទបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបោះឆ្នោតជ្រើសតាំងគណកម្មាធិការមជ្ឈិមរណសិរ្សដែលមានសមាជិក ១៤រូប ក្នុងនោះសមមិត្ត ហេង សំរិន ជាប្រធាន។
ចលនារណសិរ្ស២ធ្នូនេះ បានរំដោះ ប្រជាជននិងប្រទេសកម្ពុជា ចេញពីរណ្តៅមរណៈនៃរបបប៉ុលពត ដោយជោគជ័យនាថ្ងៃ៧មករាឆ្នាំ១៩៧៩ ។ ពិធីប្រារព្ធខូប៤០ឆ្នាំថ្ងៃបង្កើតរណសិរ្ស បានរៀបចំធ្វើឡើងនៅលើទឹកដីប្រវត្តិសាស្ត្រ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាទីកន្លែងនៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨៕
Tag:
ហេង សំរិន
រណសិរ្យ ២ ធ្នូ
ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com