ជាតិ
សង្គមជាតិ
លោក អ៊ឹម អៀន ប្រឹងរកលុយចាយខ្លួនឯង ដោយមិនរង់ចាំតែលុយកូនឡើយ
× ព្រៃវែង៖ លោក អ៊ឹម អៀន វ័យ៥៧ឆ្នាំ បានប្រកបមុខរបរលក់នំនិងភេសជ្ជៈបន្តិចបន្តួចនៅក្នុងវិទ្យាល័យ ហ៊ុន សែន កំចាយមារ អស់រយៈពេល៩ឆ្នាំមកហើយ។ លោកនិងភរិយា រស់នៅក្នុងភូមិស្មោង ឃុំស្មោង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ក្នុងចំណោមកូនប្រុសស្រី៧នាក់ មានកូនប្រុស២នាក់ បានរស់នៅជាមួយលោក ដោយប្រកបមុខរបរជាជាងកាត់សក់។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក អ៊ឹម អៀន បានថ្លែងថា ថ្វីបើលោក មានវ័យចំណាស់ហើយក៏ដោយ ក៏លោក នៅតែខំប្រឹងរកចំណូលដែរ ដោយគិតថា ការចាំលុយកូនផ្តល់ឲ្យ វាមិនដូចលុយ ដែលរកបានដោយខ្លូនឯងឡើយ។ លោក ប្រាប់ថា ឥវ៉ាន់ ដែលលោកទៅទទួលពីផ្សារនោះ លោក គ្មានប្រាក់ដើម្បីឲ្យគេទេ ប៉ុន្តែលោក សុំជំពាក់គេសិន ហើយសងវិញបន្ទាប់ពីលោក យកឥវ៉ាន់ទាំងនោះ មកលក់ដាច់អស់។
លោក អ៊ឹម អៀន បន្តថា ប្រាក់ដែលលក់បាន យកទៅសងថ្លៃឥវ៉ាន់គេវិញ ក្នុងមួយលើកៗគឺចំនួនពី១៣ទៅ១៥ម៉ឺនរៀល និងអាចទទួលបានប្រាក់ចំណេញពី២ទៅ៣ម៉ឺនរៀលក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសម្រាប់ធ្វើបុណ្យទានផងដែរ។
មុខរបរលក់នំនិងភេសជ្ជៈនេះ អាចឲ្យលោក មានប្រាក់សម្រាប់ទិញម្ហូបអាហារ និងធ្វើបុណ្យបានដូចគេឯងដែរ ដោយសារតែការគាំទ្រពីកូនសិស្ស តែងតែមកទិញនំ និងភេសជ្ជៈរបស់លោកជារៀងរាស់ថ្ងៃ។ លោក បានបន្លែមថា ពេលខ្លះកូនសិស្សមកទិញនំនិងភេសជ្ជៈរបស់លោក មានលុយមកជាមួយ តែពេលខ្លះក៏គ្មានលុយ តែលោកនៅតែលក់នំនិងភេសជ្ជៈឲ្យ ព្រោះលោកអាណិត។
លោក អ៊ឹម អៀន និយាយថា ដោយសារតែលោក ទទួលបានការស្រលាញ់និងចូលចិត្ត ពីកូនសិស្សវិញ កូនសិស្សទាំងនោះ ក៏បានមកជូយទិញនិងបបួលមិត្តភក្តិមកជាមូយថែមទៀតផង ដែរ ដែលធ្វើឲ្យលោក កាន់តែលក់ដាច់ ហើយធ្វើឲ្យលោក មានជីវភាពធូរស្រាលបានមួយកម្រិត៕
© រក្សាសិទ្ធិដោយ thmeythmey.com