អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្ស​ទំនោរ​ទៅលើ​របប​យោធា​៖ លោក ប្រា​យុទ្ធ ស្ថិតនៅក្នុង​បញ្ជី​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ប​ក្ស​ដែរ​
02, Dec 2018 , 3:50 pm        
រូបភាព
រូបភាព The Nation
រូបភាព The Nation
ដោយ:
បក្សនយោបាយ​ថៃ Palang Pracharath បាន​បង្ហើប​ឲ្យ​ដឹងថា ប្រមុខ​របប​សឹក លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏​ជា​ជម្រើស​អាទិភាព​របស់ខ្លួន​ដើម្បី​តែងតាំង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុងការ​បោះឆ្នោត​ថៃ​ខាងមុខនេះ​។ ការអះអាង​ពី​បេក្ខភាព​របស់លោក ប្រា​យុទ្ធ កើតឡើង​ស្រប​ពេលដែល​លោក ប្រា​យុទ្ធ និយាយថា​លោក​ក៏មាន​បំណង​ចង់​ចូលប្រឡូក​ក្នុង​នយោបាយ​ដែរ​។


​អគ្គលេខាធិការ​បក្ស Palang Pracharath (PPRP) របស់​ថៃ លោក Sontirat Sontijirawong នៅ​ថ្ងៃ​១ ធ្នូ បាន​អះអាងថា មាន​បេក្ខជន​បី ឬ​បួន​នាក់ ដែល​រាប់បញ្ចូល​ទាំង​ប្រមុខ​របប​សឹក​ថៃ​លោក ប្រា​យុទ្ធ ចន្ទ អូ​ចា កំពុងស្ថិត​នៅក្រោម​ការ​ពិចារណា​របស់​បក្ស ហើយ​អាច​នឹងត្រូវ​តែងតាំង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត​នៅ​ដើមឆ្នាំ​២០១៩​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post លោក​អគ្គលេខាធិការ អះអាងថា គណបក្ស កំពុងតែ​ពិនិត្យមើល​បេក្ខជន ដែលមាន​សក្តានុពល ហើយ​នៅពេល​វេលា​មួយ​ត្រឹមត្រូវ​មកដល់ បក្ស PPRP នឹង​បង្ហាញ​បេក្ខជន​នាយករដ្ឋមន្ត្រី ដែល​ល្អ​បំផុត​។​
 
​បន្ថែម​ពី​ការសារភាព​ត្រង់​ពី​ការគ្រោង​តែងតាំង​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ប​ក្ស លោក​អគ្គលេខាធិការ​ប​ក្ស​រូបនេះ បាន​បដិសេធ ចំពោះ​ការចោទប្រកាន់​ដែលថា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ បាន​បែងចែក​មណ្ឌល​សម្រាប់​ការបោះឆ្នោត​តាម​ទំនោ​របស់​បក្ស PPRP​។ លោក អះអាងថា មណ្ឌល​ការបោះឆ្នោត​ខ្លះ មិន​អំណោយផល​ដល់​បក្ស​រប​ស់លោក​ផង​។ 
 
​បើ​មិនមាន​ការប្រែប្រួល​នោះទេ រាជាណាចក្រ​ថៃ នឹងមាន​ការរៀប​ចំកា​របោះ​ឆ្នោត​សកល​លើកដំបូង​ក្នុង​រយៈពេល​បួន​ឆ្នាំ នៅ​ខែកុម្ភៈ ឆ្នាំ​២០១៩​។  ថ្មីៗ​នេះ គណៈកម្មាធិការ​រៀបចំ​ការ​ឆ្នោត​ថៃ ទើបតែ​បញ្ចប់​ការបែងចែក​មណ្ឌល​សម្រាប់​ការបោះឆ្នោត ដែល​ការបញ្ចប់​នេះ រង​ការរិះគន់​ខ្លាំង​ពី​បក្សនយោបាយ និង​សារព័ត៌មាន​មួយចំនួន ថា ក្រោមបង្គាប់​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ​។ 
 
​ថ្មីៗ​នេះ​ផងដែរ ក៏មាន​ការចោទប្រកាន់​មួយ​ជុំវិញ​ដំណើរ​ចុះសួរសុខទុក្ខ​ប្រជាជន​តាម​មូលដ្ឋាន និង​ខេត្ត​នានា​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា ថា ជា​ប្រជា​ឧបាយ ក្នុង​គោលដៅ​ដើម្បី​ត្រួស​ត្រាយផ្លូវ​ទាញ​ការគាំទ្រ​សម្រាប់​ការ​កាន់តំណែង​បន្តទៀត​។ 
 
​ជុំវិញ​បញ្ហា​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា ក៏​ធ្លាប់​សារភាព​ខ្លួនឯង​ថា លោក ក៏មាន​ចំណាប់អារម្មណ៍​ក្នុង​ការចួលរួម​ប្រជែង​ការងារ​នយោបាយ​ផងដែរ ក៏ប៉ុន្តែ​លោក មិន​ធ្លាប់​បញ្ជាក់​បង្ហាញថា បក្សនយោបាយ​ណា ដែល​លោក​ចង់​រួមរស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​ឡើយ​៕ 

Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com