អន្តរជាតិ
នយោបាយអន្តរជាតិ
បក្សប្រឆាំងមីយ៉ាន់ម៉ា អស់ជំនឿចិត្តលើអង្គភាពបោះឆ្នោតដោយចោទថាលម្អៀងទៅបក្សកាន់អំណាច
× គណបក្សប្រឆាំងធំជាងគេរបស់មីយ៉ាន់ម៉ា សហភាពរួបរួម និងការអភិវឌ្ឍ ( USDP) បានសម្តែងការអស់ជំនឿទុកចិត្តទៅលើគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេស ដោយចោទអង្គភាពនេះថា មិនអព្យាក្រឹតភាព និងគ្មានគណនេយ្យភាព។
គណបក្សសហភាពរួបរួម និងការអភិវឌ្ឍរបស់មីយ៉ាន់ម៉ា (USDP) នៅថ្ងៃ២៧ ខែវិច្ឆិកា ចោទប្រកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ខ្លួន ថា មានចេតនា មិនដោះស្រាយ និងឆ្លើយតបតាមបណ្តឹងរបស់បក្សប្រឆាំងដែលបានដាក់ស្នើពាក់ព័ន្ធនឹងការរំលោភអំណាចរបស់បក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times បក្សប្រឆាំង USDP បានរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញពីជំហរមិនចិត្តទៅកាន់អង្គភាពរៀបចំការបោះឆ្នោត ដោយបានចោទជាសំណួរថាតើហេតុអ្វីអង្គភាពមួយនេះ បានពន្យារការស៊ើបអង្កេតលើបណ្តឹងប្រឆាំងនឹងបក្សកាន់អំណាចដែលបានដាក់តាំងពីយូរ។ ឥរិយាបថបែបនេះ ត្រូវបានបក្សប្រឆាំង ចាត់ទុកថាគឺជារឿងលម្អៀងមួយគួរឲ្យភ្ងាក់ផ្អើល។
បក្សប្រឆាំង USDP បានអះអាងថា មិនមែនមានតែបក្សរបស់ខ្លួនប៉ុណ្ណោះនោះទេ ដែលមិនពេញចិត្ត ពោលគឺ សម្ព័ន្ធរបស់ខ្លួន២៧បក្សផ្សេងទៀត ក៏សម្តែងការខកចិត្ត និងអស់ទំនុកលើគណៈកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាដូចគ្នាផងដែរ។ នេះបើយោងតាមប្រភពព័ត៌មានដដែលនោះ។
ការណ៍ដែលធ្វើឲ្យសម្ព័ន្ធបក្សប្រឆាំងដឹកនាំដោយ បក្ស USDP ដែលអាណត្តិមុនគឺជាបក្សកាន់អំណាច ប្រតិកម្មខ្លាំងបែបនេះ ពីព្រោះពួកគេ បានដាក់បណ្តឹងតាំងពីខែកញ្ញា ក្នុងគោលបំណងឲ្យដើម្បីឲ្យបក្សកាន់អំណាចមានវិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការធ្លាក់ចុះនៃសេដ្ឋកិច្ច និងធ្វើឲ្យសន្តិសុខសាធារណៈមានភាពល្អប្រសើរឡើងវិញ។
ក៏ប៉ុន្តែតាមការអះអាងរបស់អ្នកនាំពាក្យបក្សប្រឆាំង គណៈកម្មាធិការ បានទុកបណ្តឹងរបស់ពួកគេរយៈពេលយូរ ពោលគឺក្រោយមួយខែនៃការដាក់បណ្តឹងនេះ ទើបមានការឆ្លើយតប ហើយការឆ្លើយតបនឹងនោះ បែបជាទទូចឲ្យសម្ព័ន្ធបក្សប្រឆាំង បញ្ជាក់ពីប្រភេទលិខិត និងមានតំណាងបក្សឲ្យបានត្រឹមត្រូវទៅវិញ៕
Tag:
មីយ៉ាន់ម៉ា
អាស៊ាន
USDP
© រក្សាសិទ្ធិដោយ thmeythmey.com