ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោកស្រី ផូ​លីន ថា​ម៉េ​ស៊ី​ស​៖«​យើង​ត្រៀមខ្លួន​ជួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សម្រេច​គោលដៅ ២០៣០»
03, Dec 2018 , 8:00 am        
រូបភាព
​ភ្នំពេញ៖លោកស្រី ផូ​លីន ថា​ម៉េ​ស៊ី​ស បាន​ចូលកាន់​តួនាទី​ជា​ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ជិត​មួយឆ្នាំ​ហើយ​។ ការមកដល់​ប្រទេស​កម្ពុជា​របស់លោក​ស្រី ផូ​លីន គឺ​ចំ​ពេលដែល​មាន​កំណែទម្រង់​នៃ​ប្រព័ន្ធ​ជំនួយ​អភិវឌ្ឍ​អង្គការសហប្រជាជាតិ​ផង និង​ចំ​ពេលដែល​កម្ពុជា ក៏​ដូច​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​អន្តររដ្ឋាភិបាល​មួយ​នេះ ត្រូវខិតខំ​អនុវត្ត​ការប្តេជ្ញាចិត្ត​របស់ខ្លួន​លើ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGs ២០៣០)​ផង​។ លោកស្រី ផូ​លីន ថា​ម៉េ​ស៊ី​ស បានផ្តល់​បទ​សម្ភាស​ដ​ល់​សារព័ត៌មាន​ថ្មីៗ ដើម្បី​បង្ហាញ​ពី​តួនាទី​របស់លោក​ស្រី និង​អង្គការសហប្រជាជាតិ ក្នុងការ​គាំទ្រ​កម្ពុជា​ឲ្យ​សម្រេចបាន​របៀបវារៈ​ឆ្នាំ​២០៣០​។​

 
 
​លាង ដឺ​លុច​៖ ខ្ញុំ​សូម​ចាប់ផ្តើម​បទ​សម្ភាស​នេះ ដោយ​សូម​ឲ្យ​លោកស្រី​បញ្ជាក់ប្រាប់​អ្នកអាន​សារព័ត៌មាន​ថ្មីៗ អំពី​ប្រវត្តិ​របស់លោក​ស្រី មុន​លោកស្រី​ទទួល​តួនាទី​ជា​ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​!
 
លោកស្រី ផូ​លីន ថា​ម៉េ​ស៊ី​ស​៖ អរគុណ​លោក​! មុន​ខ្ញុំ​មកដល់​កម្ពុជា ខ្ញុំ​បាន​បំពេញការងារ​នៅ​UNDP ថ្នាក់​តំបន់​ដែលមាន​ការិយាល័យ នាទី​ក្រុង​បាងកក​។ ប៉ុន្តែ​ក្នុង​រយៈពេល​១៤​ឆ្នាំ​ចុង​ក្រោយនេះ ខ្ញុំ​បានធ្វើ​ជាទី​ប្រឹក្សា​ផ្នែក​គោលនយោបាយ​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) ទទួលបន្ទុក ផ្នែក​ប្រឆាំង​អំពើពុករលួយ ផ្នែក​ពង្រឹង​គណនេយ្យភាព អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ​។ លោក​អាច និយាយបានថា ខ្ញុំ​ជា​អ្នកអនុវត្ត​ការងារ​អភិវឌ្ឍន៍ ជា​អ្នកជំនាញ​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ ពីព្រោះ​ខ្ញុំ​បានធ្វើ​ការងារ​ច្រើន នៅ​ទីស្នាក់ការ​កណ្តាល​លើ​គោលនយោបាយ​អភិវឌ្ឍ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​ប្រជាធិបតេយ្យ តម្លាភាព និង​គណនេយ្យភាព​នេះ សម្រាប់​ការិយាល័យ​កម្មវិធី អភិវឌ្ឍន៍​សហប្រជាជាតិ  (UNDP) ប្រចាំ​ប្រទេស​នីមួយៗ​នៅក្នុង​ពិភពលោក ជាពិសេស UNDP ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​
 
​ប៉ុន្តែ​ក្រៅពី​តួនាទី​ជា​អ្នកឯកទេស​ផ្នែក​គោលនយោបាយ​អភិវឌ្ឍ ខ្ញុំ​យល់ឃើញថា ខ្ញុំ​ខ្លួនឯង​គឺជា​អ្នកអនុវត្ត​ការងារ​អភិវឌ្ឍន៍ នៅពេលដែល​ខ្ញុំ​ធ្វើជា​ប្រធាន UNDP ប្រចាំ​ប្រទេស​បង់​ក្លា​ដេ​ស​។ នៅពេលនោះ ទើប​ខ្ញុំ​ដឹងថា យើង​អាចជួយ​ជីវភាព​ពលរដ្ឋ​បាន​ច្រើន​ប៉ុណ្ណា តាមរយៈ​ការធ្វើការងារ​ផ្ទាល់​ជាមួយ​ពួកគេ​តែម្តង​។ គឺ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​នោះ​ហើយ ដែល​ខ្ញុំ​ដឹងថា យើង​អាច​ប្រើប្រាស់​នវានុវត្តន៍ (​ការច្នៃប្រឌិត​) ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ល្អ​នៃ​ជីវភាព​ពលរដ្ឋ​ដោយផ្ទាល់​។ ដូច្នេះ​សម្រាប់​ខ្ញុំ ខ្ញុំ​បាន​យក​ពិសោធន៍​ជាច្រើន​នៅក្នុង​បរិបទ​លំបាកៗ​ធ្វើជា​មេរៀន​សម្រាប់​ការរីកចម្រើន និង​ដើម្បី​នាំយក​មេរៀន និង​ពិសោធន៍​ទាំងនោះ ទៅ​ប្រទេស​ផ្សេងទៀត​ដែល​ខ្ញុំ​មានឱកាស​ធ្វើ​ការងារ​ជាមួយ​។ ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​ត្រូវបានតែងតាំង​ជា​ប្រធាន​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​.) ប្រចាំ​ប្រទេស​កម្ពុជា ដែល​មកដល់ពេលនេះ វា​មាន​រយៈពេល​៨​ខែ​មកហើយ​។​
 
លោក លាង ដឺ​លុច​៖ ក្នុងឋានៈ​ជា​អ្នកតំណាង​របស់លោក​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ តើ​លោកស្រី​នឹង​ប្រើ​តួនាទី​របស់លោក​ស្រី​យ៉ាងណា​ដើម្បី​ធ្វើជា​ស្ពាន​ពង្រឹង និង​ជំរុញ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល កម្ពុជា និង​អង្គការសហប្រជាជាតិ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​?
 
​លោកស្រី ផូ​លីន ថា​ម៉េ​ស៊ី​ស​៖ (​សើច​តិចៗ​) មាន​សំណួរ​ច្រើន​នៅក្នុង​សំណួរ​តែមួយ​របស់លោក​។ ខ្ញុំ​នឹង​ឆ្លើយ​ម្តង​មួយផ្នែកៗ​។ ចំណុច​ដំបូង​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នោះ​គឺថា ក្នុងនាម​ជា​អ្នកសម្របសម្រួល​របស់​អ​.​ស​.​ប​.​ខ្ញុំ​គឺជា​មន្ត្រី​ថ្នាក់ខ្ពស់​ជាងគេ​ដែល​តំណាង​ឲ្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេស​ដែល​ខ្ញុំ​បំពេញបេសកកម្ម​។ ខ្ញុំ​ចង់​បញ្ជាក់ថា នៅក្នុង​ការកែទម្រង់​ប្រព័ន្ធ​អភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ តួនាទី​នៃ​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​ប្រទេស លែង​ដឹក​នាំនៅ​ស្ថាប័ន UNDP ទៀតហើយ​។ មុននេះ តួនាទី​របស់ខ្ញុំ​គឺប្រធាន​អង្គការសហប្រជាជាតិ និង​ជា​អ្នកតំណាង​នៃ UNDP​។ បច្ចុប្បន្ននេះ បន្ទាប់ពី​មានការ​ពិភាក្សា និង​ការយល់ព្រម​ពី​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ និង​ដោយបាន​ឆ្លងកាត់​ការអនុម័ត​ពី​មហាសន្និបាត លោក​អគ្គលេខាធិការ​បា​ន​លុបចោល​តួនាទី​ដែល​ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស ដែល​ត្រូវ​តំណាង​ឲ្យ UNDP នោះ​ហើយ​។ វា​មានន័យថា ពេលនេះ​ខ្ញុំ​មាន​តួនាទី​ជា​អ្នកសម្របសម្រួល​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ ដែល​ត្រូវ​ប្រមែប្រមូល​ការយកចិត្តទុកដាក់រ​បស់​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទាំងអស់​នៅ​កម្ពុជា ឆ្ពោះទៅរក​ការសម្រេច​របៀបវារៈ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ឆ្នាំ​២០៣០​។​
 
​ឥឡូវនេះ ខ្ញុំ​សូម​ឆ្លើយ​សំណួរ​មួយទៀត​របស់លោក ទាក់ទិន​នឹង​ការអនុវត្ត​តួនាទី​របស់ខ្ញុំ ជា​ស្ពាន​រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​អង្គការសហប្រជាជាតិ​ដែល​យើង​បានធ្វើ​ច្រើន​កន្លងមកហើយ​។ ក្នុងឋានៈ​ជា​អ្នកតំណាង​ជាន់ខ្ពស់​បំផុត​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ ខ្ញុំ​នឹង​តំណាង​ឲ្យ​សំឡេង​របស់លោក​អគ្គលេខា​ធិ​ការ និង​របស់​អ​.​ស​.​ប​. នៅ​កម្ពុជា​។ អង្គការសហប្រជាជាតិ មាន​តួនាទី​តែមួយគត់​ក្នុង​ការគាំទ្រ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ឲ្យ​បានការ​ប្តេជ្ញា​របស់ខ្លួន​ជា​អន្តរជាតិ​នៅ​គ្រប់​គ្រប់​កម្រិត​។ អង្គការសហប្រជាជាតិ គឺជា​អង្គការ​អន្តររដ្ឋាភិបាល​ដ៏​ខ្លាំង​មួយ ដែល​ក្នុងនោះ​ក៏មាន​ការរួមចំណែករ​បស់​កម្ពុជា​។ វត្តមាន​របស់ អ​.​ស​.​ប​. គឺ​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចែករំលែក​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ទៅក្នុង​អង្គការ​អន្តររដ្ឋាភិបាល​នេះ​។​
 
​តើ​ការប្តេជ្ញាចិត្ត​ទាំងនោះ​មាន​អ្វីខ្លះ​? គឺ​ដូចជា​ការចូលរួម​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ការអនុវត្ត​របៀបវារៈ​២០៣០ ការគោរព​សិទ្ធិមនុស្ស​អន្តរជាតិ ការទប់ស្កាត់​ការរីក​សាយភាយ​អាវុធ​នុយគ្លេអ៊ែរ​។ បញ្ហា​ទាំងអស់នេះ កម្ពុជា​បាន​ចុះហត្ថលេខា​ប្តេជ្ញា​ចូលរួម​អនុវត្ត​។ អ​.​ស​.​ប​. នៅទីនេះ គឺជា​ដៃគូ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​ដើម្បី​ឃើញ​ឲ្យ​ប្រាកដថា កម្ពុជា​អាចអនុវត្ត​ការប្តេជ្ញាចិត្ត​ដែលមាន​លក្ខណៈ​ជា​អន្តរជាតិ​។ 
 



​លោក លាង ដឺ​លុច​៖ លោកស្រី​បានលើកឡើង​អំពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​កម្ពុជា និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឬ​របៀបវារៈ​២០៣០​។ តើ​លោកស្រី​អាច​វាយតម្លៃ​បាន​យ៉ាងណាខ្លះ ចំពោះ​សមត្ថភាព​របស់​កម្ពុជា​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​របៀបវារៈ​២០៣០​នោះ​?

​លោកស្រី ផូ​លីន តា​ម៉េ​ស៊ី​ស​៖ ដំបូង​ខ្ញុំ​ចង់​និយាយ​អំពី SDGs​។ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) គឺជា​កញ្ចប់​នៃ​គោលដៅ​ដែលមាន​មហិច្ឆតា​ធំ និង​គ្រប់​ជ្រុងជ្រោយ ដែល​ទាមទារ​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់​ត្រូវ​អនុវត្ត​។ គឺ​មិនមែន​តែ​កម្ពុជា ដែលជា​ប្រទេស​កំពុង​អភិវឌ្ឍ​នោះទេ ប៉ុន្តែ​ប្រទេស​អភិវឌ្ឍន៍​ផងដែរ ដែល​បាន​ចុះហត្ថលេខា​លើ​ការប្តេជ្ញា​ចិត្តជា​សាកល​នេះ​។ ដូច្នេះ SDGs គឺ​បញ្ហា​របស់​យើង​គ្រប់គ្នា​។​
 
​ចម្លើយ​របស់ខ្ញុំ​ទាក់ទង​នឹង​ការអនុវត្ត​របស់​កម្ពុ​ជា គឺថា កម្ពុជា​ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រទេសមួយ​ក្នុង ចំណោម​ប្រទេស​៦​ដែលជា​ប្រទេស​គំរូ ក្នុងការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍ (MDGs)​។ ខ្ញុំ​គិតថា នេះ​គឺ​ការកត់សម្គាល់​មួយ​ដ៏​សំខាន់​ដើម្បី​និយាយ​អំពី​កម្ពុជា​។ ទោះយ៉ាងណា​ក៏ដោយ ខ្ញុំ​សូមបញ្ជាក់ថា SDGs មិនមែនជា MDGs ជំហាន​ទី​២​នោះឡើយ​។ វា​មានន័យថា SDGs តម្រូវ​ឲ្យ​ធ្វើការ​រួមគ្នា ទាំង​រដ្ឋាភិបាល សង្គម​ទាំងមូល​ដើម្បី​សម្រេចបាន SDGs​នេះ​។ SDGs ត្រូវបាន​តាក់តែងឡើង​ដោយ​ប្រទាក់ក្រឡា​គ្នា​រវាង​វិស័យ​ទាំងអស់​។ ឧទាហរណ៍ បើសិនជា​យើង​ធ្វើការ​ងារ​ខាង​សុខភាព វា​នឹង​ពាក់ព័ន្ធ​ដល់​វិស័យ​អប់រំ ដល់​វិស័យ​ការងារ និង​វិស័យ​ផ្សេងៗ​ទៀត​។ SDGs គឺជា​យន្តការ​មួយ​ដែល​ផ្តល់​ការឆ្លើយតប​គ្រប់​ជ្រុងជ្រោយ ដើម្បី​ដោះស្រាយ​បញ្ហា​អភិវឌ្ឍន៍​។​
 
លោក លាង ដឺ​លុច​៖ ប៉ុន្តែ​ថា តើ​កម្ពុជា​ត្រូវធ្វើ​អ្វីខ្លះ​?
 
លោកស្រី ផូ​លីន តា​ម៉េ​ស៊ី​ស​៖ កម្ពុជា​អាច​ប្រើប្រាស់​គំរូ​ជោគជ័យ​របស់ខ្លួន​ក្នុងការ​អនុវត្ត MDGs ធ្វើជា​មូលដ្ឋាន​។ កម្ពុជា​នៅតែមាន​ការប្តេជ្ញាចិត្ត​ចំពោះ​របៀបវារៈ​ទី​១៨​របស់ខ្លួន​នៃ​SDGs ដែល​ទាក់ទង​នឹង​ការ​បោសសម្អាត​គ្រាន់​មីន​។ តាមរយៈ​ការដាក់​របៀបវារៈ​រប​ស់​ខ្លួន ដែលជា​របៀបវារៈ​អាទិ​ភាព​ថ្នាក់ជាតិ ទៅក្នុង SDGs រដ្ឋាភិបាល​កម្ពុជា​បានបង្ហាញ​អំពី​ភាពស៊ីសង្វាក់​គ្នា​យ៉ាងខ្លាំង រវាង គោលដៅ​អភិវឌ្ឍរ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា និង​យុទ្ធសាស្ត្រ​ចតុកោណកែង​ជំ​ហ៊ាន​ទី​៤​។​
 
​ខ្ញុំ​ផ្ទាល់ ខ្ញុំ​បានទទួល​ពាក្យ​ប្តេជ្ញាចិត្ត​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ដែលថា លទ្ធផល សូចនាករ និង​ក្របខណ្ឌ​នៃ​ការតាមដាន​សម្រាប់​SDGs នឹងត្រូវ​ស៊ីសង្វាក់​គ្នា​។ បានន័យថា លទ្ធផល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ជំ​ហ៊ាន​ទី​៤ និង​ផែនការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ជាតិ នឹង​ដូចគ្នា​ជាមួយ​សមិទ្ធផល​របស់ SDGs​។​ ​សម្រាប់​អង្គការសហប្រជាជាតិ នេះ​គឺជា​គំរូ​ដ៏​ល្អ​បំផុត ពីព្រោះ​យើង​មិនចាំបាច់​បង្កើត​ផែនការ​ដាច់​ដោយ ឡែក​ពីគ្នា ដូចជា​ផែនការ​មួយ​សម្រាប់ SDGs មួយ​សម្រាប់​យុទ្ធសាស្ត្រ​ចតុកោណ និង​មួយ​សម្រាប់​ផែនការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ជាតិ​។ 
 
​ទោះយ៉ាងណា​ក៏ដោយ វា​មាន​ការងារ​ច្រើន​ដែល​ត្រូវធ្វើ​។ ៣​ឆ្នាំ​ហើយ​ដែល SDGs ត្រូវបាន​អនុម័ត ហើយ​កម្ពុជា​ត្រូវ​បញ្ចប់ CSDGs ជាមុនសិន​។ នេះ​ទីមួយ​។ ទី​ពីរ រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ចូលរួម​ក្នុង​វេទិកា​នយោបាយ​ជាន់ខ្ពស់​ឆ្នាំ​២០១៩ (High Level political Forum 2019) នៅ​ទីក្រុង​ញូយ៉ក​។ នេះ​គឺ ជា​វេទិកា​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ត្រូវ​បង្ហាញ​នូវ​អ្វីដែល​ពួកគេ​បាន​អនុវត្ត​សម្រាប់​SDGs​។ ដូច្នេះ វេទិកា នយោបាយ​ជាន់ខ្ពស់​ឆ្នាំ​២០១៩ និង​ការបង្ហាញ​ការត្រួតពិនិត្យ​ឡើងវិញ​ដោយ​ស្ម័គ្រចិត្ត (Voluntary Narional Reviews) លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​SDGs​ក្នុង​ក្របខ័ណ្ឌ​ជាតិ នឹង​ប្រព្រឹត្តទៅ​ទៅជា​មួយ វត្តមាន​របស់​កម្ពុជា​ជាមួយ​ប្រទេស​៥០​ផ្សេងទៀត​។ VNR គឺជា​ដំណើរការ​ដ៏​ល្អ​ក្នុងការ​បង្ហាញ​អ្វីដែល​អ្នក​បាន​អនុវត្ត និង​ដើម្បី​ឲ្យ​ប្រទេស​ផ្សេង​ពិនិត្យមើល​អ្នកផង​។ ដូច្នេះ​វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កម្ពុជា​ក្នុងការ​រៀនសូត្រ និង​ចែករំលែក​ពិសោធន៍​។​
 


លោក លាង ដឺ​លុច​៖ លោកស្រី​អាច​ពន្យល់​បានទេ​ថា តើ​អង្គការសហប្រជាជាតិ​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​កម្ពុជា​ឲ្យ​សម្រេច​គោលដៅ SDGs? 
 
លោកស្រី ផូ​លីន តា​ម៉េ​ស៊ី​ស​៖ យើង​ត្រៀមខ្លួន​គាំទ្រ​រដ្ឋាភិបាល​ដើម្បី​សម្រេច​របៀបវារៈ​២០៣០​។ ចំណុច​ចាប់ផ្តើម​របស់​យើង គឺ​ក្របខណ្ឌ​ជំនួយ​អភិវឌ្ឍ​ថ្មី​របស់​អង្ក​ការ​សហប្រជាជាតិ  (UNDAF) ឆ្នាំ​២០១៩ ដល់ ២០២៣ ដែល​នឹង​ជួយ​គាំទ្រ​ការងារ​អាទិភាព​របស់​រដ្ឋាភិបាល​កម្ពុជា​។ នៅ​កម្ពុជា​នេះ អង្គការសហប្រជាជាតិ ត្រូវធ្វើ​ការងារ​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រក​ដោយ​ចីរភាព (SDGs) ហើយ UNDAF បានកំណត់​ចំណុច​លទ្ធផល​អភិវឌ្ឍ​ចំនួន​៥ ដែល​២​ចំណុច​ដំបូង​គ្របដណ្តប់​លើ​កាលា​នុ​វត្តិភាព​សេដ្ឋកិច្ច និង​សង្គម​។ ទី​បី គឺ​ការលើកស្ទួយ​ជីវភាព​ប្រកបដោយ​ស្ថេរភាព​។ លទ្ធផល​ទី​បួន​គឺ​ការពង្រឹង​ការចូលរួម និង​គណនេយ្យភាព និង​លទ្ធផល​ទី​៥ គឺ​ការគ្រប់គ្រង​នគររូបនីយកម្ម​។​
 
​ខ្ញុំ​ចង់​បញ្ជាក់ប្រាប់​លោក​ថា អ្វីដែល​ពិសេស​នៅក្នុង UNDAF គឺថា បន្ថែម​ពីលើ​សមិទ្ធផល​ទាំង​៥  យើង​ក៏ បានកំណត់ ចលករ (accelerator) ចំនួន​៤​។ សម្រាប់​យើង  ចលករ​នេះ​គឺ​មានន័យថា បើ​យើង ដាក់ ទុន​ធ្វើ​ការងារ​នៅលើ​វិស័យ​ណាមួយ​ហើយ​នោះ គឺ​យើង​នឹង​ទទួលបាន​លទ្ធផល​យ៉ាង​ធំធេង​តែម្តង​។​
 
​ចលករ​ទីមួយ គឺ​អាហារូបត្ថម្ភ​។ បញ្ហា​នេះ​ត្រូវបាន​ធានា​ដោយ​សម្តេច ហ៊ុន សែន ហើយ ដោយ​សម្តេច​ធ្លាប់​និយាយថា សម្តេច​នៅ​ជាមួយ​ពួកយើង​(​ដើម្បី​ធ្វើការ​លើ​បញ្ហា​អាហារូបត្ថម្ភ​)​។ យើង​ត្រូវធ្វើ​ឲ្យ​ប្រាកដថា កុមារ និង​មនុស្ស​វ័យក្មេង​ដទៃទៀត​ទទួលបាន​អាហារ​រូប​ត្ថ​ម្ភ​ដែលជា​ភាពចាំបាច់​សម្រាប់​ការអភិវឌ្ឍ សម្រាប់​សង្គម សម្រាប់​កម្លាំង​ពលកម្ម​ដ៏​មាន​ផលិតភាព និង​ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ទទួលបាន​ការអប់រំ​ដែលជា​ចលករ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ ចលករ​ទី​២ គឺ​កិច្ចការពារ​សង្គម​។ ទោះបី​កម្ពុជា​កំពុង​រីកចម្រើន​លឿន​យ៉ាងណាក៏ដោយ យើង​មិន​ចង់ឃើញ​មាន​អ្នកណាម្នាក់​ត្រូវបាន​បំភ្លេចចោល​ពី​សំណាញ់​សុវត្ថិភាព​សង្គម​ឡើយ​។

ចលករ​ទី​៣ គឺ​យុវជន ដែល​ខ្ញុំ​នឹង​និយាយ​លំអិត​ជម្រាប​លោក​នៅក្នុង​សំណួរ​ខាងមុខ​របស់លោក​។​ ​ចលករ​ទី​៤ គឺ​បញ្ហា​ទិន្នន័យ​។ ត្រូវមាន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​សមត្ថភាព​សម្រាប់​ប្រព័ន្ធ​ទិន្នន័យ និង​ស្ថិតិ​។ សម្រាប់​ពួកយើង យើង​យល់ថា ដើម្បី​អាច​ប្រមូលផ្តុំ ចងក្រង​ឲ្យ​មាន​ឯកសារ សម្រាប់​ការកែទម្រង់​គោលនយោបាយ ឬ​កម្មវិធី​នយោបាយ​ណាមួយ​របស់​រដ្ឋាភិបាល យើង​ត្រូវការ​ទិន្នន័យ​ដើម្បី​ធ្វើ​ការងារ​ទាំងនេះ​។ យើង​ត្រូវការ​ទិន្នន័យ ដើម្បី​ដឹងថា​តើ​យើង​ត្រូវ​វិនិយោគ​លើ​អ្វី​ដើម្បី​យុវជន​? ហើយ​ពិសេស​ទៀត​នោះ គឺ​យើង​ត្រូវការ​ធ្វើ​ឲ្យ​ទិន្នន័យ​នានា​មកពី​ក្រសួង​ផ្សេងៗ​នោះ ស៊ីសង្វាក់​គ្នា​។ ហេតុ​ដូច្នេះហើយ បានជា​អង្គការសហប្រជាជាតិ​ត្រូវធ្វើ​ការងារ​ទាំងនេះ​៥​ឆ្នាំ​ទៅមុខ​។ ប៉ុន្តែ​ការងារ​របស់​យើង​មិនមែន​ប៉ុណ្ណឹង​ទេ​។ វា​ត្រូវ​នៅ​ឆ្ងាយ​លើសពី​ឆ្នាំ​២០៣០​ទៀត​។ វា​ជាការ​ខិតខំ​ដ៏​វែងឆ្ងាយ​មួយ​របស់​ពិភពលោក​ដែល​ត្រូវអនុវត្ត គឺ​មិនមែន​មានតែ​កម្ពុ​ជាមួយ​នោះទេ​៕
 
 


Tag:
 ​សហប្រជាជាតិ​
  ផូ​លីន ថា​ម៉េ​ស៊ី​ស​
  SDGs
  2030
© រក្សាសិទ្ធិដោយ thmeythmey.com