ក្រោយសមាជិកហៅទៅឲ្យទទួលយកតំណែងជាប្រធានស្តីទីនៃអតីទគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងការពារខ្លួនឯងថា ការទទួលនេះ គឺដោយសារតែតម្រូវការបង្ខំ មិនមែនលោក ស្រឡាញ់តំណែងឬតួនាទីនោះទេ។ យ៉ាងណា លោក នៅតែរងការរិះគន់ខ្លះៗពីក្រុមអ្នកប្រឆាំង ដែលស្រឡាញ់លោក កឹម សុខា។
សន្និសីទរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលរៀបចំនៅថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០១៨ សហរដ្ឋអាមេរិក បានសម្រេចឲ្យលោក សម រង្ស៊ី ឡើងធ្វើជាប្រធានស្តីទីនៃអតីតគណបក្សនេះជាបណ្តោះសន្ន ដោយពួកគេ យល់ថា លោក កឹម សុខា ដែលជាប្រធាន កំពុងស្ថិតនៅក្រោមគំនាប ហើយពុំមានសិទ្ធិបរិបូរ ដើម្បីដឹកនាំគណបក្សនោះទេ។ ក្នុងពិធីបិទសន្និសីទទ្រង់ទ្រាយធំ ដែលមានតំណាងជាង៤០០នាក់នៃអតីតគណបក្សសង្គ្រោះជាតិ ពីបណ្តាប្រទេសនានា លោក សម រង្ស៊ី បានប្រកាសយ៉ាយដូច្នេះថា៖«ខ្ញុំ មានកិត្តិយសទទួលយកតំណែងនេះ»។
លោក សម រង្ស៊ី បានបញ្ជាក់ថា ការរៀបចំសន្និសីទនេះឡើង ហើយលោកព្រមទទួលយកតំណែងជាប្រធានស្តីទីនាពេលនេះ គឺដើម្បីរៀបចំក្បាលម៉ាស៊ីនគណបក្សឡើយវិញ ហើយបន្ទាប់មកទើបអាចរកផ្លូវដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។ លោក សម រង្ស៊ី និង អ្នកគាំទ្រ ជឿថា យុទ្ធសាស្ត្រនេះ នឹងអាចធ្វើឲ្យគណបក្សរបស់ពួកគេ រស់ឡើយវិញ ហើយលោក កឹម សុខា នឹងទទួលបានសេរីភាពពេញ។
លោក សម រង្ស៊ី ប្រកាសថា លោក នឹងលាលែងពីតំណែងជាប្រធានស្តីទីនេះ នៅពេលណា លោក កឹម សុខា ទទួលបានសេរីពិតប្រាកដ ហើយវិលមកកាន់តំណែងជាប្រធានឡើងវិញ។ ម្យ៉ាងទៀត លោក អះអាងថា រចនាសម្ព័ន្ធរបស់គណបក្សសង្គ្រោះជាតិ គឺនៅរក្សាទុកដូចមុនដដែល ដោយមិនរុះរើអ្វីទាំងអស់។
យ៉ាងណាក៏ដោយ ក្នុងដំណាក់កាល ដែលគណសង្គ្រោះជាតិ កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់លោក លោក ស្នើឲ្យថ្នាក់ដឹកនាំនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ រួបរួមគ្នាជាធ្លុងមួយ ដោយចៀសវាងការប្រកាន់បក្សពួក ឬបែកចែកគ្នាជាក្រុម។ លោក បន្តថា ថ្នាក់ដឹកនាំនិងអ្នកគាំទ្រទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវស្មារតី «សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ» ដែលជាពាក្យស្លោកនិងជានិមិត្តរូបនៃការរួបរួមរបស់គណបក្ស។
លោក សម រង្ស៊ី សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«អ្នកណាទាំទ្រកឹម សុខា គឺគាំទ្រ សម រង្ស៊ី ហើយអ្នកណាគាំទ្រ សម រង្ស៊ី គឺគាំទ្រកឹម សុខា។ អ្នកណាវាយប្រហារ កឹម សុខា គឺវាយប្រហារ សម រង្ស៊ី ហើយអ្នកណា វាយប្រហារសម រង្ស៊ី គឺ វាយប្រហារកឹម សុខា»។
លោក សម រង្ស៊ី មិនភ្លេចនោះទេពីការបកស្រាយនូវមូលហេតុដែលលោក ត្រូវសម្រេចចិត្តទទួលយកតំណែងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ នៅចំពោះមុខអ្នកគាំទ្រ លោក សម រង្ស៊ី ពន្យល់ថា ការទទួលតំណែងនេះ គឺជាកាលៈទេសៈចាំបាច់ ដែលត្រូវបង្ខំឲ្យទទួលយក។ បន្ទាប់មក លោក ក៏រម្លឹកដល់កាលដែលលោក លាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី លើកឡើងថា កាលនោះ ដោយសារតែកាលៈទេសៈបង្ខំដូចគ្នា ទើបលោក សុខចិត្តលាលែងពីតំណែងគណបក្សសង្គ្រោះជាតិ។ លោក អធិប្បាយបែបនេះថា៖«តួនាទីមិនសំខាន់ទេ ខ្ញុំមិនដែលឲ្យតម្លៃតួនាទីឡើយ។ ខ្ញុំមិនស្រឡាញ់តំណែងទេ។ បើខ្ញុំស្រឡាញ់តំណែង ខ្ញុំលាលែងធ្វើអី...។ ខ្ញុំមកកាន់តំណែង មិនមែនដោយចិត្តឯងចង់ទេ តែមកពីតម្រូវការបង្ខំ។ លាលែងក៏ជាតម្រូវការ វិលមកវិញក៏ជាតម្រូវការ»។
លោក បានហៅការរៀបចំសន្និសីទ និង ការជ្រើសរើសលោកឲ្យធ្វើជាប្រធានស្តីទីថាជាការរៀបក្បាលម៉ាស៊ីនគណបក្សនិងថ្នាក់ដឹកនាំ ដើម្បីចាប់ផ្តើមដំណើរការឡើងវិញ។ លោក បញ្ជាក់បែបនេះថា៖«យើង នឹងប្រមូលឥស្សរជនទាំងអស់ អ្នកគាំទ្រទាំងអស់ ឲ្យមកចាប់ដៃគ្នាក្រោមផ្លាកគណបក្សសង្គ្រោះជាតិ។ ទាល់តែយើងពង្រឹងក្បាលម៉ាស៊ីនគណបក្ស ទើបអាចធ្វើសេចក្តីសម្រេច ក្នុងនាមគណបក្សទាំងមូលបាន។ កុំគុំកួន កុំអត់ចិត្ត កុំប៉ះទង្គិចគ្នាឯងឲ្យសោះ»។
ទោះជាលោក សម រង្ស៊ី ខំបកស្រាយយ៉ាងណាក៏ដោយ ក៏លោក នៅតែរងការរិះគន់ពីមន្ត្រីនិងអ្នកគាំទ្រមួយចំនួននៃអតីតគណបក្សសង្គ្រោះជាតិដែរ ជាពិសេសអ្នកមានទំនោរទៅរកលោក កឹម សុខា។ ពួកគេ យល់ថា ការរៀបចំសន្និសីទនេះ គឺជាសញ្ញានៃការបែកបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ។
កូនស្រីទាំងពីររបស់លោក កឹម សុខា ក៏បានបញ្ឆិតបញ្ឆៀងឲ្យលោក សម រង្ស និង ក្រុមមនុស្ស ដែលរៀបចំសន្និសិទនេះដែរ៕