ជាតិ
សេដ្ឋកិច្ច
World Bank៖​វិស័យ​ទេសចរណ៍​កម្ពុជា ដើរ​ក្រោយ​ថៃ និង​វៀតណាម​ឆ្ងាយ​
04, Dec 2018 , 8:19 pm        
រូបភាព
ទេសចរបរទេសធ្វើដំណើរកម្សាន្តតាមស៊ីក្លូនៅភ្នំពេញ។ រូបថត AFP
ទេសចរបរទេសធ្វើដំណើរកម្សាន្តតាមស៊ីក្លូនៅភ្នំពេញ។ រូបថត AFP
ដោយ:
​ភ្នំពេញ​៖ របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា ដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​នៅពេល​ថ្មីៗ​នេះ បាន​លើកឡើងថា ការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ឲ្យ​មក​ប្រទេស​របស់ខ្លួន កម្ពុជា​ដើរ​ពីក្រោយ​ថៃ និង​វៀតណាម​ឆ្ងាយ​នៅឡើយ​។


 
​នៅ​ឆ្នាំ​២០១៧ កម្ពុជា​ស្រូប​បាន​ភ្ញៀវទេសចរ​អន្តរជាតិ ៥,៦​លាន​នាក់ ខណៈ​ថៃ​ទទួលបាន​ទេសចរ ៣៥,៤​លាន​នាក់ និង​វៀតណាម ១២,៩​លាន​នាក់​។ បើ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ប្រទេសជិតខាង​ទាំងនេះ កម្ពុជា​ចាប់យក​ភាគរយ​ភ្ញៀវទេសចរ​បានតែ ១០​ភាគរយ​ប៉ុណ្ណោះ ធ្លាក់ចុះ​ពី ១២​ភាគរយ​នៅ​ឆ្នាំ​២០១៤ ។​
 
«​នេះ​បង្ហាញ​ពី​ការ​មិនបាន​ទាញ​ប្រយោជន៍​ច្រើន​នៅឡើយ ខណៈដែល​កម្ពុជា​មិនទាន់​ជោគជ័យ​ខ្លាំងក្លា ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ ដែល​បាន​ដើរ​កម្សាន្ត​នៅ​ប្រទេសជិតខាង ឲ្យ​បន្ត​ចូលមក​ប្រទេស​ខ្លួន​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​របាយការណ៍​ដដែល​។​
 
​ត្រឹមតែ ៥​ភាគរយ​ប៉ុណ្ណោះ នៃ​ទេសចរ​ដែល​ចូល​វៀតណាម បាន​ហួស​មកលេង​កម្ពុជា និង ១៣,៥​ភាគរយ​ប៉ុណ្ណោះ នៃ​ទេសចរ​របស់​ថៃ ហួស​មក​កម្ពុជា​។​
 
​របាយការណ៍​បង្ហាញ​ទៀតថា ច្រើនជាង ៨០​ភាគរយ នៃ​ទេសចរ​បរទេស​ដែល​មក​កម្ពុជា គឺជា​ភ្ញៀវ​ថ្មី​សុទ្ធសាធ ឬ​ភ្ញៀវ​ដែល​មក​កម្ពុជា​លើកដំបូង​។ នេះ​ក៏​ព្រោះ​ផលិតផល និង​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា នៅមានកម្រិត​។ របាយការណ៍​បន្ថែមថា កម្ពុជា​អាច​រៀនសូត្រ​ពី​វៀតណាម ដែល​បាន​អនុវត្ត​កំណែទម្រង់​នៅ​ឆ្នាំ​២០១៦ និង​បានធ្វើ​ឲ្យ​ទេសចរ​របស់គេ​កើន ៣០​ភាគរយ​។ កំណែទម្រង់​ទាំងនោះ រួមមាន ការអនុវត្ត​ច្បាប់​ទេសចរណ៍ គោលនយោបាយ​លើកទឹកចិត្ត​ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ និង​លើកកម្ពស់​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស​ជាដើម​។​
 
​កម្ពុជា​គួរ​ចាំបាច់​ដាក់ចេញ​គោលនយោបាយ ដើម្បី​ជំរុញ​កំណើន​ទេសចរ ឲ្យ​ចំៗ​តែម្ដង​។ របាយការណ៍​លើកឡើង​ដូច្នេះ​៖«​គោលនយោបាយ គួរតែ​មើលទៅ​លើ​ផ្នែក​នៃ​តម្រូវការ លើសពី​អ្វីដែល​ផ្ដល់​ឲ្យ​ទេសចរ​នៅ​ថៃ និង​វៀតណាម​។ ទីផ្សារ​សក្ដានុពល ទំនងជា​ត្រូវ​រួមបញ្ចូល​អេកូ​ទេសចរណ៍ ជាពិសេស​ទេសចរណ៍​បែប​ទស្សនា​សត្វព្រៃ ដើរ​ព្រៃ ឡើង​ភ្នំ ខណៈ​ទឹកដី​កម្ពុជា​គ្របដណ្ដប់​ដោយ​តំបន់​ឧទ្យាន និង​អភិរក្ស​យ៉ាង​ធំ ហើយ​ពោរពេញ​ដោយ​ជីវចម្រុះ​»​។​
 
​កម្ពុជា​ត្រូវ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ ព្រមជាមួយ​ការតភ្ជាប់​ទៅនឹង​ទីតាំង​ទេសចរណ៍​សំខាន់ៗ​របស់​ថៃ និង​វៀតណាម​។ នេះ​ជាការ​បន្ថែម​របស់​របា​យ​ការណ៍​ធនាគារពិភពលោក​៕

© រក្សាសិទ្ធិដោយ thmeythmey.com