សៀមរាប៖ ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា វាយតម្លៃថា នយោបាយកម្ពុជាកំពុងបោះជំហានវិជ្ជមានទៅមុខ ដែលវាជាផ្នែកសំខាន់មួយ នៃដំណើរការនីតិវិធីដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធ(Everything But Arms)ពីកម្ពុជា។ ការលើកឡើងរបស់ទូតអឺរ៉ុបនេះ ធ្វើឡើងស្របពេលរដ្ឋសភាជាតិកម្ពុជាកំពុងសិក្សាពិនិត្យបញ្ញត្តិច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតឲ្យបុគ្គលដែលជាប់បម្រាមសកម្មភាពនយោបាយ អាចចាប់ផ្តើមសកម្មភាពនយោបាយខ្លួនឡើងវិញ។
ដ្បិតរដ្ឋសភាកំពុងពិនិត្យផ្លូវច្បាប់ក្តី ប៉ុន្តែវាក៏ជាសញ្ញាល្អមួយនៅក្នុងនយោបាយកម្ពុជា ។ ហើយអ្វីដែលរដ្ឋសភា និងរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផ្លូវដំណោះស្រាយនយោបាយដោយខ្លួនឯងនេះ គឺដូចជាអ្វីដែលសហភាពបានអំពាវនាវ និងចង់ឲ្យកើតឡើងដែរ។ នេះជាការលើកឡើងរបស់លោក George Edgar ដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានការណ៍វិវត្តនយោបាយនៅកម្ពុជា ។
ថ្លែងចំពោះមុខអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីក្រុមហ៊ុនវិនិយោគទុនរបស់អឺរ៉ុប ចំនួនបួន នៅខេត្តសៀមរាប ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជារូបនេះ បានវាយតម្លៃដូច្នេះថា៖« នេះជាការបោះជំហាន ជាវិជ្ជមានមួយ ពីព្រោះការបារម្ភដែលកើតឡើង នៅពេលដែលច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបានធ្វើវិសោធនកម្ម កាលពីលើកមុននោះ ពុំមានបញ្ញត្តិណាមួយ ដែលនិយាយអំពីនីតិវិធីប្ដឹងតវ៉ា បន្ទាប់ពីអ្នកនយោបាយ ឬបុគ្គលណាម្នាក់ ត្រូវបានទទួលបម្រាមមិនឲ្យចូលប្រឡូក ក្នុងនយោបាយ…។ ហើយយើងសង្ឃឹមថា អ្វីដែលបង្ហាញពីផលវិជ្ជមាននេះ នឹងប្រែក្លាយទៅជាការអនុវត្តជាក់ស្ដែង»។
និយាយបែបនេះហើយ លោក Edgar ក៏បន្តលើកពីផ្នែកច្បាប់ដោយប្រយោល ស្របពេលរដ្ឋសភា ដែលគ្រោងធ្វើវិសោធនកម្មច្បាប់ ត្រង់មាត្រាមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយថា ការធ្វើច្បាប់ត្រូវចែងឲ្យបានច្បាស់ពីការដាក់ទោស និងការបើកផ្លូវឲ្យនរណាម្នាក់តវ៉ាផង ពោលគឺមិនមែនចែងច្បាប់ ក្នុងគោលបំណងកៀបសង្កត់គេនោះទេ។
«គោលការណ៍ច្បាប់ទាំងឡាយណាក៏ដោយ ដែលដាក់ទោសអ្វីមួយ គួរតែចែងផងដែរ អំពីនីតិវិធីដើម្បីតវ៉ា ទៅនឹងការដាក់ទោសទាំងអស់នោះ។យើងក៏បានកត់សម្គាល់ផងដែរ ចំពោះការប្រកាសរបស់រាជរដ្ឋាភិបាល កាលពីម្សិលមិញផ្ដោតលើផ្នែកជាច្រើន ដែលផ្នែកទាំងអស់នេះ ជាអ្វីដែលសហភាពអឺរ៉ុប និងអ្នកពាក់ព័ន្ធដទៃទៀត បានបង្ហាញពីការព្រួយបារម្ភ»។ នេះជាការបញ្ជាក់របស់លោក Edgar។
ភ្ជាប់ជាមួយសំនួរទាក់ទងនយោបាយកម្ពុជានេះ អ្នកកាសែតក៏បានសួររឿងនីតិវិធីដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ ស្ថិតនៅក្នុងកាលៈទេសៈនេះ លោក George Edgar មិនទាន់ហ៊ានបកស្រាយ និងសន្និដ្ឋានច្បាស់ការណ៍ ដោយត្រឹមតែឃើញពីស្ថានភាពនយោបាយប្រែប្រួលនេះឡើយ ។ ប៉ុន្តែអ្វីដែលលោក Edgar អាចបង្ហើបបាននោះគឺថា ចំណុចសំខាន់នៃនីតិវិធីដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា គឺអាស្រ័យលើស្ថានការណ៍នយោបាយកម្ពុជា។
តាមរយៈអ្នកបកប្រែ លោក George Edgar បាននិយាយដូច្នេះថា៖«បច្ចុប្បន្នគឺនៅមានការ បន្តទំនាក់ទំនងគ្នា រវាងមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបនិងមន្ត្រីជាន់ខ្ពស់ ពីខាងរាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ននេះកំពុងមានការពិភាក្សាពីបញ្ហាដែលត្រូវ បានលើកឡើងដោយសហភាពអឺរ៉ុប ហើយបញ្ហាទាំងអស់នេះគឺពាក់ព័ន្ធកិច្ចព្រមព្រៀង មួយដែលដាក់ចេញ នូវលក្ខខណ្ឌដល់ប្រទេស ដែលចង់បានEBAត្រូវបំពេញទៅតាម។ ខ្ញុំមិនចង់និយាយអ្វីវែងឆ្ងាយពីបរិបទនេះទេ។ ប៉ុន្តែខ្ញុំគិតថា បរិបទនេះ ការប្រកាសរបស់រដ្ឋាភិបាល កាលពីម្សិលមិញ ការប្រកាសរបស់រដ្ឋសភាកាលពីម្សិលមិញ គឺជាផ្នែកមួយដ៏សំខាន់»។
EBA (Everything But Arms) គឺសំដៅលើប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញនិងផលិតផលសព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែលកម្ពុជា នាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយលើកលែងតែអាវុធប៉ុណ្ណោះ ដែលមិនរាប់បញ្ចូល។ កម្ពុជា ជាប្រទេសមួយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបស្តីពី EBA នេះ ហើយតែងតែទទួលបានការអនុគ្រោះពន្ធ។ បច្ចុប្បន្នសហភាពអឺរ៉ុប កំពុងអនុវត្តនីតិវិធីនៃការសម្រេចដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ត្រូវប្រើរយៈពេល១ឆ្នាំ ដើម្បីប្រមូលព័ត៌មាន និងពិនិត្យវាយតម្លៃ មុននឹងសម្រេចចុងក្រោយ។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣ ខែធ្នូ បានចេញសេចក្តីថ្លែងការណ៍ស្តីពីវិធានការនានាដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហរនយោបាយ។ ក្រោយសេចក្តីប្រកាសរបស់រដ្ឋាភិបាល មិនបានប៉ុន្មានម៉ោងផង រដ្ឋសភា ក៏ប្រកាសពីការសិក្សាមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យអ្នកដែលត្រូវហាមឃាត់ក្នុងការធ្វើនយោបាយ អាចត្រឡប់មកធ្វើនយោបាយឡើងវិញ តាមរយៈសំណើរបស់តំណាងរាស្ត្រ៨៧រូប ៕