ជាតិ
ថ្នងជ្រុង ជាឧបករណ៍នេសាទខ្នាតតូចលក្ខណៈគ្រួសារ ប្រើកម្លាំងមនុស្ស ប្រជានេសាទ កំពុងនេសាទត្រីដោយប្រើថ្នងជ្រុង នៅក្នុងទន្លេសាប។ រូបភាព៖ ឈុត ឈាណា
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំឧបករណ៍នេសាទខ្នាតតូច ជាលក្ខណៈគ្រួសារមួយប្រភេទ ដែលប្រជាជនខ្មែរបានប្រើប្រាស់ជាយូរណាស់មកហើយ។ ជាពិសេស អ្នករស់នៅជុំវិញបឹងទន្លេសាប ទន្លេសាប ទន្លេបាសាក់ ទន្លេមេគង្គ និងតាមតំបន់វាលទំនាបលិចទឹក។ ថ្នងជ្រុង ផ្គុំឡើងដោយមានឈើសម្រាប់ធ្វើជាដៃកាន់មួយ ភ្ជាប់ជាមួយនឹងឫស្សីពីរដើម ដែលពត់ជារាងស្នែងក្របី ដើម្បីធ្វើជាឆ្អឹងចងភ្ជាប់សំណាញ់ថង។
ថ្នងជ្រុង មានសណ្ឋានខុសប្លែកគ្នាទៅតាមសម្ភារៈដែលគេយកមកផ្គុំវាឡើង ព្រមទាំងទំហំ និងរូបរាងផងដែរ។ តួថ្នងទាំងមូល ក៏មានប្រវែងខុសៗដែរ មានចាប់ពី ១.៥ ទៅ ៣ ម៉ែត្រ។ ប្រវែងឈើដៃថ្នង គេអាចកែសម្រួលតាមតម្រូវការ និងស្ថានភាព។ ចំពោះក្រឡាសំណាញ់ និងទំហំសំណាញ់ គឺត្រូវសម្របទៅតាមប្រភេទត្រីដែលគេចង់នេសាទ និងស្ថានភាពទីកន្លែងផងដែរ។
ជាទូទៅ ថ្នងជ្រុង គឺជាឧបករណ៍នេសាទ ដែលប្រើប្រាស់កម្លាំងមនុស្សទាំងស្រុង។ អ្នកនេសាទ អាចប្រើប្រាស់វា ដងចាប់ត្រីនៅលើទូក ដូចមានរូបភាពបង្ហាញខាងលើស្រាប់ ដែលតម្រូវឲ្យមានមនុស្សពីរនាក់ ម្នាក់ជាអ្នកចែវទូក ម្នាក់ទៀតជាអ្នកដងចាប់ត្រី។ អ្នកនេសាទ ក៏អាចប្រើប្រាស់ឧបករណ៍ថ្នងនេះ លើស្ពាន ដែលគេបោះនៅមាត់ច្រាំងទន្លេបានផងដែរ។ ថ្នង ដែលមានទំហំតូច គេក៏អាចប្រើប្រាស់វា សម្រាប់នេសាទត្រីនៅតាមទឹករាក់ៗ អូរ បឹង និងវាលស្រែបានផងដែរ។
គេអាចនេសាទត្រីចម្រុះប្រភេទ ដោយប្រើឧបករណ៍នេសាទថ្នងជ្រុងនេះ ដូចជា៖ ត្រីរៀល (Gymnostomus spp.); ត្រីបណ្តូលអំពៅ (Clupeichthys aesarnensis); ត្រីកញ្ជ្រូក (Yasuhikotakia spp.); ត្រីស្លឹកឫស្សី (Paralaubuca typus); ត្រីខ្មាន់ (Hampala dispar); ត្រីឆ្ពិនប្រាក់ (Barbonymus gonionotus); ត្រីក្រឡង់-ត្រីព្រួល (Cirrhinus micropeltes) និងត្រីឆ្កោក (Cyclocheilos enoplos)។ល។
ដោយសារការប្រែប្រួលអាកាសធាតុ ការកាប់ និងដុតបំផ្លាញព្រៃឈើលិចទឹក ដើម្បីយកដីធ្វើកសិកម្ម ការនេសាទហួសកម្រិត និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅបឹងទន្លេសាប និងនៅតាមប្រព័ន្ធដៃទន្លេផ្សេងៗ ជាពិសេសក្នុងរដូវពង-កូន និងធំលូតលាស់របស់ត្រី បានធ្វើឲ្យមានការធ្លាក់ចុះកំណើនត្រីគ្រប់ប្រភេទ។ ជាលទ្ធផល អ្នកនេសាទទាំងពីរនាក់នេះ អាចចាប់ត្រីបានតិចតួចបំផុត ប្រហែល១-៣ក្រាមប៉ុណ្ណោះ ឬក៏គ្មាន ពេលគាត់លើកថ្នងក្នុងមួយលើក នារដូវនេសាទ ក្នុងខែធ្នូនេះ។
© រក្សាសិទ្ធិដោយ thmeythmey.com