ក្រសួង​អភិវឌ្ឍន៍ជនបទ គ្រោង​ចំណាយ​១៣២​លាន​ដុល្លារ កែលម្អ​ផ្លូវ​ជនបទ​ក្នុង​ខេត្ត​ចំនួន​១០
ជាតិ
សេដ្ឋកិច្ច
ក្រសួង​អភិវឌ្ឍន៍ជនបទ គ្រោង​ចំណាយ​១៣២​លាន​ដុល្លារ កែលម្អ​ផ្លូវ​ជនបទ​ក្នុង​ខេត្ត​ចំនួន​១០
06, Dec 2018 , 8:39 am        
រូបភាព
រូបភាពបានពីក្រសួងអភិវឌ្ឍន៍ជនបទ
រូបភាពបានពីក្រសួងអភិវឌ្ឍន៍ជនបទ
​ភ្នំពេញ​៖ ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រៀម​ចំណាយ​ប្រមាណ​១៣២​លាន​ដុល្លារ ដើម្បី​អនុវត្តន៍​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​៣ ឆ្នាំ​២០១៩-២០២៥ ក្នុង​ខេត្ត​គោលដៅ​ចំនួន​១០​។ ខេត្ត​ទាំងនោះ មាន ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ ត្បូងឃ្មុំ កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង ក្រចេះ និង​ខេត្តកំពត​។​

 
​យោងតាម​សេចក្តី​ដំណឹង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ កាលពី​ថ្ងៃទី​៣​ធ្នូ ឆ្នាំ​២០១៨ ថវិកា​១៣២​លាន​ដុល្លារ ខាងលើ  បានមកពី​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ១២​លាន​ដុល្លារ បាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៦០​លាន​ដុល្លារ និង​បាន​ពី​ធនាគារ​អាហរ័ណ​នីហរ័ណ នៃ​សាធារណរដ្ឋ​កូរ៉េ (Kexim Bank of Korea) ៦០​លាន​ដុល្លារ​។​
 
​គម្រោង​នេះ អនុវត្តន៍​លើ​ការកែលម្អ​ផ្លូវ​ជនបទ ប្រវែង​សរុប​៨០៩​គីឡូម៉ែត្រ ពី​ក្រាល​ក្រួស​ក្រហម ឲ្យ​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST និង​ផ្លូវ​ក្រាល​បេតុង​។ 
 
​សូមបញ្ជាក់ថា គម្រោង​កែលម្អ​ផ្លូវ​ជនបទ ជំហាន​ទី​៣ នេះ ជា​គម្រោង​បន្ត ពី​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ គម្រោង​កែលម្អ​ផ្លូវ​ជនបទ និង​គម្រោង​កែលម្អ​ផ្លូវ​ជនបទ ជំហាន​ទី​២ ដែល​សុទ្ធសឹង​ជា​គម្រោង​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST និង​ក្រាល​បេតុង ក្នុង​ខេត្ត​គោលដៅ​ក្នុងនោះ​។ គម្រោង​កែលម្អ​ផ្លូវ​ជនបទ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១១-២០១៥ លើផ្លូវ​ក្រាល​កៅស៊ូ DBST ប្រវែង ៥៤៣ គីឡូម៉ែត្រ និង​គម្រោង​កែលម្អ​ផ្លូវ​ជនបទ ជំហាន​ទី​២ ក្រសួង​បាន និង​កំពុង​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៥ ដល់ ២០២០ លើផ្លូវ​ក្រាល​កៅស៊ូ DBST និង​ផ្លូវ​ក្រាល​បេតុង ប្រវែង ១.២០០ គីឡូម៉ែត្រ​៕
 

Tag:
 សេដ្ឋកិច្ច​
 ​ផ្លូវ​
  ជនបទ​
  ADB
© រក្សាសិទ្ធិដោយ thmeythmey.com