កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ាឡេស៊ី​ទម្លាក់​ថៃ ដើម្បី​កក់​កៅអី​ទៅកាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ Suzuki Cup 2018
05, Dec 2018 , 8:55 pm        
រូបភាព
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី​បាន​កក់​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF Suzuki Cup 2018 បន្ទាប់ពី​ទម្លាក់​ថៃ​ដោយ​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី ២-២ នៃ​ការប្រកួត​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នា​កីឡដ្ឋាន Rajamangala ក្នុង​ក្រុង​បាងកក យប់​ថ្ងៃទី​៥ ខែធ្នូ​នេះ​។​



​ក្រុម​ម្ចាស់ផ្ទះ​ថៃ​អា​ចរក​គ្រាប់​បាល់​នាំមុខ​នៅ​នាទី​២១ ដោយ​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ​ម៉ាឡេស៊ី Irfan Zakaria មុន​ខ្សែការពារ Syahmi រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​៧​នាទី​បន្ទាប់​។ បញ្ចប់​តង់​ទី​១​ក្រុម​ទាំងពីរ​សុទ្ធ​ចូលគ្នា​១-១​។​
 
​ចូលដល់​នាទី​៦៣​នៃ​វគ្គ​ទី​២ ម្ចាស់ផ្ទះ​អាច​សម្រេច​គ្រាប់​ទី​២​របស់ខ្លួន​ដោយ​ការ​តែ​ត​បញ្ចូល​ទី​ពី​សំដក​ណាក់​កីឡាករ Pansa Hemviboon ដើម្បី​បន្ត​ការនាំ​មុខ​លើ​ក្រុម​ភ្ញៀវ​។ ប៉ុន្តែ​ការនាំ​មុខ​មិនទាន់បាន​ប៉ុន្មាន​នាទី​ផង​ខ្សែប្រយុទ្ធ​ជើងចាស់​របស់​ម៉ាឡេស៊ី Norshahrul Talaha អាច​ស៊ុត​មួយ​គ្រាប់​តាម​ស្មើ​វិញ​នៅ​នាទី​៧១​។​
 
​ឱកាស​របស់​ក្រុម​ម្ចាស់ផ្ទះ​បានកើត​ឡើង​ម្តងទៀត​នៅ​នាទី​៩០+ ដោយ​ម្ចាស់​គ្រាប់​បាល់​ដំបូង​របស់​ម៉ាឡេស៊ី​បាន​យកដៃ​ទៅ​ប៉ះបាល់​នៅ​តំបន់​គ្រោះថ្នាក់​ហើយ​ត្រូវ​អាជ្ញាកណ្តាល​ឲ្យ​កាត​ក្រហម និង​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​ដល់​ភាគី​ថៃ​។​
 
​ប៉ុន្តែ​ការខកចិត្ត​បានកើត​ឡើង​សម្រាប់​ក្រុម​អ្នកគាំទ្រ​ថៃ​វិញ​ក្រោយ​ខ្សែប្រយុទ្ធ​ឆ្នើម Adisak Kraisorn សុទ្ធ​បាល់​ផុត​ឡើងលើរ​បាទី​ចេញទៅ​ក្រៅ​ទៅវិញ​។ ចប់​ការប្រកួត​ក្រុម​ទាំង​ទទួលបាន​លទ្ធផល ២-២​។​
 
​ថៃ​បាន​អស់​ឱកាស​ឈានទៅ​វគ្គ​បន្ត ព្រោះ​កាលពី​ជើង​ទី​១ ដែល​ធ្វើឡើង​នៅ​ទឹកដី​របស់​ម៉ាឡេស៊ី​ក្រុម​ទាំងពីរ​បញ្ចប់ទៅ​ត្រឹម​លទ្ធផល​សូន្យ​ស្មើ​ប៉ុណ្ណោះ​។ ម៉ាឡេស៊ី​ដែល​អាច​បន្តទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មាន​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី (away goal) ដល់​ទៅ​២​គ្រាប់​។ 
 
​វៀតណាម និង​ហ្វីលីពីន​នឹងត្រូវ​ប្រជែង​គ្នា​សម្រាប់​ការប្រកួត​ជើង​ទី​២​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃស្អែក​ដើម្បី​កាត់សេចក្តី​ថា​ក្រុម​ណា​អាច​ឡើងទៅ​ជួប​ម៉ាឡេស៊ី​។ ជើង​ទី​១ នៅ​ដី​ហ្វីលីពីន វៀតណាម​ឈ្នះ​២-១៕ 
 
 

Tag:
 AFF Suzuki Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com