ជាតិ
សេដ្ឋកិច្ច
World Bank៖ កម្ពុជាត្រូវកាត់បន្ថយសកម្មភាពប្រថុយប្រថាន ក្នុងវិស័យអចលនទ្រព្យ លោក លី សូដេត សេដ្ឋវិទូពីធនាគារពិភពលោក
× ភ្នំពេញ៖ កម្ពុជាគួរបង្កើនការប្រុងប្រយ័ត្ន និងដាក់ចេញវិធានការណ៍ ចំពោះការបញ្ចេញលុយពីធនាគារ ដែលពូនផ្ដុំក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ ប្រយ័ត្នទី១ គឺវិស័យអចលនទ្រព្យនេះ នៅពេលដល់ចំណុចខ្ពស់ពេក នោះនឹងត្រូវធ្លាក់ចុះមកវិញ និងប្រយ័ត្នទី២ គឺមានសកម្មភាពប្រថុយប្រថានកាន់តែច្រើនក្នុងវិស័យមួយនេះ។
ធនាគារពិភពលោក (World Bank) ព្រមានហានិភ័យអំពីសុខភាពវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដែលបានភ្ជាប់វាសនានឹងសន្ទុះវិស័យអចលនទ្រព្យ។ «នាពេលចុងក្រោយនេះ ក្នុងវិស័យអចលនទ្រព្យ កាន់តែមានសកម្មភាពប្រថុយប្រថានច្រើនឡើង ដែលកើនឡើងនិន្នាការទិញលក់ដីធ្លី ជាមួយកង្វះព័ត៌មានច្បាស់លាស់ ឬអត្ថប្រយោជន៍ពីការវិនិយោគ កាន់តែមិនសមប្រកប»។ នេះជាការគូសបញ្ជាក់ក្នុងរបាយការណ៍ចុងក្រោយអំពីសេដ្ឋកិច្ចកម្ពុជា ដែលចេញផ្សាយដោយ World Bank ក្នុងពេលថ្មីៗនេះ។
(សកម្មភាពប្រថុយប្រថាន ឬការទិញកាក់ទុក គឺជាការទិញលក់ ការបោះទុនវិនិយោគ ដោយរំពឹងទទួលបានផលចំណេញមកវិញនៅពេលអនាគត។ អ្នកទាំងនោះមិនមែនទិញដីធ្លី លំនៅឋាន សម្រាប់រស់នៅនោះទេ គឺទិញសម្រាប់ទុកលក់យកចំណេញ។ ការវិនិយោគទាំងនោះ មិនផ្អែកលើតម្រូវការពិតប្រាកដនោះទេ ដែលអាចជាប់គាំង លក់មិនចេញ។ បើការលក់មិនស្រួល ហើយលុយវិនិយោគនោះខ្ចីធនាគារ នោះវិស័យហិរញ្ញវត្ថុក៏ប្រឈមហានិភ័យដូចគ្នាដែរ) ។
របាយការណ៍នេះជំរុញឲ្យរដ្ឋាភិបាលពិចារណាដាក់ចេញគោលការណ៍ណែនាំ ពាក់ព័ន្ធនឹង ការរឹតបណ្តឹងទំហំកម្ចីរបស់ធនាគារសម្រាប់ទិញអចលនទ្រព្យ ការបង្កើនពន្ធលើការទិញទុកលក់ និងការតម្រូវឲ្យបង្កើនទំហំប្រាក់កក់ (down payment) ជាដើម។
រដ្ឋាភិបាល ត្រូវកាត់បន្ថយសកម្មភាពប្រថុយប្រថានក្នុងវិស័យអចលនទ្រព្យ។ របាយការណ៍លើកឡើងដូច្នេះថា៖«រដ្ឋាភិបាលគួរចាំបាច់អភិវឌ្ឍន៍គោលនយោបាយធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈវិធានការហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយវិសាលភាពនៃសកម្មភាពប្រថុយប្រថានក្នុងវិស័យអចលនទ្រព្យ ដែលផ្ដល់កម្ចីដោយធនាគារ និងមីក្រូហិរញ្ញវត្ថុ»។
ត្រឹមដំណាច់ឆ្នាំ២០១៧ កម្ចីផ្ដល់ដោយធនាគារសម្រាប់វិស័យសំណង់ និងអចលនទ្រព្យ មានកំណើន ៣៦,៣ ភាគរយកើនពី ២៨,៤ភាគរយនៅក្នុងខែឧសភាឆ្នាំដដែលនេះ។ ហើយឥណទានក្នុងវិស័យនេះ បានកាន់កាប់ចំណែកដល់ ២៦ភាគរយនៃឥណទានរួមក្នុងឆ្នាំ២០១៧ ដែលកើនពី ២២ភាគរយនៅឆ្នាំ២០១៦។
ព្រមជាមួយគ្នានេះ អ្នកជំនាញរបស់ World Bank ព្រមានពីវដ្ដក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ដែលនឹងត្រូវធ្លាក់ចុះមកវិញ នៅពេលឡើងដល់ចំណុចកំពូល។ អ្នកជំនាញពន្យល់ថា គេមិនដឹងថាវិស័យអចនទ្រព្យកម្ពុជា ឡើងដល់ចំណុចកំពូលនៅពេលណានោះទេ ប៉ុន្តែវិស័យនេះមានសន្ទុះច្រើនឆ្នាំមកហើយ ដែលជាសញ្ញាគួរប្រុងប្រយ័ត្ន។
ខាងក្រោមនេះជាប្រសាសន៍របស់លោក លី សូដេត សេដ្ឋវិទូពីធនាគារពិភពលោក ដែលថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីសម្ពោធរបាយការណ៍ថ្មីនេះ៖
Tag:
អចលនទ្រព្យ
ហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com