គ្រូបង្វឹក​រំពឹងថា សុ​វណ្ណា​រី នឹង​ផ្តួល​គូប្រកួត​អ៊ុយ​ក្រែ​ន​ក្នុង​ព្រឹត្តិការណ៍ ONE មុន​ទឹក​ទី​៣
ONE Championship
កីឡាជាតិ
ជាតិ
គ្រូបង្វឹក​រំពឹងថា សុ​វណ្ណា​រី នឹង​ផ្តួល​គូប្រកួត​អ៊ុយ​ក្រែ​ន​ក្នុង​ព្រឹត្តិការណ៍ ONE មុន​ទឹក​ទី​៣
06, Dec 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡាការិនី​ខ្មែរ​-​អាមេរិក ឯម សុ​វណ្ណា​រី ត្រូវ​ប្រជែង​ជាមួយ​កីឡាការិនី​អ៊ុយ​ក្រែ​ន Iryna Delsa Kyselova ក្នុង​ព្រឹត្តិការណ៍ ONE: Destiny of Champions នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ នា​កីឡដ្ឋាន Axiata Arena នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ គ្រូបង្វឹក​រំពឹងថា សុ​វណ្ណា​រី នឹង​ទទួលបាន​ជ័យជម្នះ​នា​ការប្រកួត​លើកដំបូង​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​។ 

 
​លោក Justen Hamilton គ្រូបង្វឹក​កីឡាការិនី ឯម សុ​វណ្ណា​រី ហាក់​មាន​ជំនឿ​ចិត្ត​ខ្ពស់​លើ​សមត្ថភាព​កីឡាការិនី​ខ្មែរ​-​អាមេរិក​រូបនេះ ក្នុងការ​យកឈ្នះ​កីឡាការិនី​ជើងចាស់​អ៊ុយ​ក្រែ​ន Iryna Delsa Kyselova សម្រាប់​ការ​ពើបប្រទះ​គ្នា​នៅ​ថ្ងៃ​សុក្រ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨​។ មិន​ត្រឹមតែ​រំពឹង​ទទួលបាន​លទ្ធផល​ល្អ​នោះទេ Justen ជឿជាក់ថា សុ​វណ្ណា​រី នឹង​ផ្តួល​កីឡាការិនី​អ៊ុយ​ក្រែ​ន​មុន​ទឹក​ទី​៣​ថែម​ទៀតផង​។​


 
«​សុ​វណ្ណា​រី មាន​ក្បាច់​ផ្ទាល់ខ្លួន​ស្រាប់​ក្នុងការ​តទល់​ជាមួយ​គូប្រកួត ខ្ញុំ​ជឿថា នាង​អាច​បង្ហាញខ្លួន​លើ​ឆាកប្រយុទ្ធ​បាន​យ៉ាង​ងាយស្រួល តាមរយៈ​ការបញ្ចេញ​ស្នៀត​ណាមួយ ដែល​នាង​ចង់​ប្រើ​។ បើ​អ្វីៗ​ប្រព្រឹត្តិ​ទៅ​រលូន ខ្ញុំ​គិតថា​ទស្សនិកជន​នឹង​ឃើញ​នាង​ផ្តួល​ដៃគូ​មុន​ទឹក​ទី​៣​ជាមិនខាន​»​។ នេះ​ជាការ​លើកឡើង​របស់លោក Justen គ្រូបង្វឹក​កាន់​ខ្សែក្រវាត់​ពណ៌​ត្នោត​កីឡា​ជឺ​ជិត​ស៊ូ​។     
 
​កត្តា​ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក​រូបនេះ​មានការ​ជឿជាក់​ខ្ពស់​បែបនេះ គឺ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​ហ្វឹកហាត់​របស់ សុ​វណ្ណា​រី តាមរយៈ​ការសិក្សា​លើ​ខ្លួន​នាពេល​កន្លងមក និង​សិក្សា​លើ​ចំណុចខ្សោយ​និង​ខ្លាំង​របស់​គូប្រកួត​។ «​យើង​បានគិត​យ៉ាង​ផ្ចិតផ្ចង់​ទៅលើ​កំពស់​គូប្រកួត ស្នៀត​វាយ​របស់គេ ហើយ​យើង​បាន​បញ្ចូល​គន្លឹះ​ទាំងនេះ​ចូលក្នុង​ការហ្វឹកហាត់​ប​ន្ថែ​ម​នៅក្នុង​ជំរុំ​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​គ្រូបង្វឹក​ខាងលើ​។ 
 
​នេះ​ជាការ​បង្ហាញខ្លួន​លើក​ទី​១​របស់ សុ​វណ្ណា​រី ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​មួយ​នេះ តែ​កីឡាការិនី​វ័យ​២៦​ឆ្នាំ​រូបនេះ ធ្លាប់​ឡើង​សង្វៀន​ប្រកួត​ជាច្រើនលើក​រួចមកហើយ និង​ធ្លាប់​យកឈ្នះ​ដោយ​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ជាច្រើនលើក​ផងដែរ​។ ចំណែក​កីឡាការិនី​ជើងចាស់​អ៊ុយ​ក្រែ​ន Iryna ធ្លាប់​ឡើង​សង្វៀន​នេះ​១៣​លើក​រួចមកហើយ ហើយ​៩០​ភាគរយ​នៃ​ការ​ឈ្នះ​របស់គេ គឺ​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់ និង​សុំ​ចុះចាញ់​។​
 
​ទោះបី​រំពឹង​ផ្តួល​គូប្រកួត​ក៏ដោយ តែ​លោក Justen Hamilton បាន​និយាយថា សុ​វណ្ណា​រី មិនដែល​មើលស្រាល​គូប្រកួត​អ៊ុយ​ក្រែ​ន​នេះឡើយ​។ លោក​បាន​រៀបរាប់ថា​៖«​យើង​មាន​ការគោរព​ខ្ពស់​ណាស់​លើ Iryna​។ កម្លាំង​នាង​ខ្លាំង ហើយ​នាង​មាន​បទពិសោធ​ច្រើន ដូច្នេះ​ការប្រកួត​នេះ​ប្រាកដជា​មិន​ស្រួល​ប៉ុន្មាន​ទេ​»​។   តែ​យ៉ាងណា លោក​ជឿជាក់ថា សុ​វណ្ណា​រី នឹង​អាច​ប្រឈមមុខ​ជាមួយ Iryna បាន​ទាំង​ស្នៀត​វាយ​ឈរ និង​បោកចំបាប់​។ 
 
​ដោយ​ទទួលបាន​ឱកាស​មិន​ងាយ​រកបាន​ដើម្បី​ចូល​ប្រកួត​ឲ្យ​ស្ថាប័ន​ធំជាងគេ​នៅ​អាស៊ី​នេះ សុ​វណ្ណា​រី មានបំណង​ធំ​មួយ​គឺ​ចង់​ផ្សា​ផ្ជា​ប់​ខ្លួន​ជាមួយ​ឈាម​ខ្មែរ ដែល​បាន​ដក់​ជាប់​ក្នុង​បេះដូង​នាង​ជា​យូរ​មកហើយ​។ Justen បង្ហើប​ថា ពួកគេ​សង្ឃឹមថា​បាន​មកលេង​កម្ពុជា​ឆាប់ៗ​៖«​ខ្ញុំ​ដឹងថា សុ​វណ្ណា​រី មាន​មោទកភាព​ខ្លាំងណាស់ ដែល​បាន​ឡើង​តំណាង​ឲ្យ​កម្ពុជា​ក្នុងការ​ប្រកួត​មួយ​នេះ​។ យើង​រង់ចាំ​យូរហើយ ដើម្បី​មកលេង​នៅ​កម្ពុជា​ថ្ងៃ​ណាមួយ​»​។ 
 
​ក្រៅពី សុ​វណ្ណា​រី  សម្រាប់​ព្រឹត្តិការណ៍ ONE: Destiny of Champions នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ នោះដែរ ក៏មាន​កីឡាករ​កម្ពុជា​១​រូប​ទៀត​ផងដែរ គឺ​កីឡាករ ចាន់ រតនា ដោយ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ឥណ្ឌូណេស៊ី​-​ទី​ម័​រ​ខាងកើត Abro Fernandes លើ​ប្រភេទ​ទម្ងន់​មធ្យម​៕    
  

Tag:
 ឯម សុ​វណ្ណា​រី​
  ONE
© រក្សាសិទ្ធិដោយ thmeythmey.com