ម៉ាឡេស៊ី​ត្រៀម​កាត់ទោស​ជនជាតិ​វៀតណាម ២១​នាក់ ឆ្លង​ចូល​នេសាទ​ត្រី​ខុសច្បាប់​ដែនទឹក​ខ្លួន​
អន្តរជាតិ
ម៉ាឡេស៊ី​ត្រៀម​កាត់ទោស​ជនជាតិ​វៀតណាម ២១​នាក់ ឆ្លង​ចូល​នេសាទ​ត្រី​ខុសច្បាប់​ដែនទឹក​ខ្លួន​
06, Dec 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ជនជាតិ​វៀតណាម ២១​នាក់​ត្រូវបាន​តុលាការ​ម៉ាឡេស៊ី​ចោទប្រកាន់​នៅ​សប្តាហ៍​មុន​ទាក់ទិន​នឹង​បទល្មើស​ឆ្លង​ចូល​នេសាទ​ត្រី​ខុសច្បាប់​ក្នុង​ដែនទឹក​របស់ខ្លួន​។ តាមច្បាប់​គ្រប់គ្រង​ការនេសាទ​ម៉ាឡេស៊ី ម្ចាស់​កប៉ាល់ និង​កម្មករ​នេសាទ​វៀតណាម​នេះ​អាច​ប្រឈមមុខ​នឹង​ការ​បង់លុយ​ពិន័យ​ធ្ងន់ធ្ងរ​ផងដែរ​។


 
​តុលាការ​ម៉ាឡេស៊ី​នៅ​ថ្ងៃ ១​ខែធ្នូ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ប្រឆាំង​អ្នកនេសាទ​ជនជាតិ​វៀតណាម ២១​នាក់​ដែល​បាន​ឆ្លង​ចូលមក​នេសាទ​ត្រី​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ម៉ាឡេស៊ី​។ 
 
​យោងតាម​សារព័ត៌មាន​វៀតណាម VN express ពេល​ត្រូវបាន​ចាប់ខ្លួន ជនជាតិ​វៀតណាម​ទាំងនោះ​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ឡើយ ហើយ​ខ្លះទៀត​ប្រើប្រាស់​លិខិតអនុញ្ញាត​ក្លែងក្លាយ​សម្រាប់​ប្រើប្រាស់​នាវា​នេសាទ​ក្នុង​ដែនទឹក​ម៉ាឡេស៊ី​ថែមទៀត​។ ដូច្នេះហើយ តុលាការ​សម្រេច​ចោទប្រកាន់​ពួកគេ​ពីបទ​នេសាទ​ខុសច្បាប់ និង​ប្រើប្រាស់​នាវា​នេសាទ​ខុសច្បាប់ ក្រោម​ច្បាប់​គ្រប់គ្រង​ការនេសាទ​ម៉ាឡេស៊ី​ឆ្នាំ ១៩៨៥​។ 
 
​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា ក្រុម​អ្នកនេសាទ​ទាំងនេះ​នឹងត្រូវ​ប្រឈមមុខ​ទោសទណ្ឌ​អ្វីខ្លះ ដ្បិតថា​នៅ​ថ្ងៃ ១៤ និង ១៥ ខែធ្នូ ចៅក្រម​តុលាការ​ម៉ាឡេស៊ី​សម្រេច​កាត់ទោស​អ្នកនេសាទ​ទាំងអស់នេះ​ជា​ផ្លូវការ​។ អ្នកនេសាទ​វៀតណាម​ទាំងអស់​ស្ថិតក្រោម​ការឃុំ​ឃាំង​នៅឡើយ ហើយ​ពួកគេ​នឹង​អាច​រួចខ្លួន​ក្រោយ​ថ្ងៃ​សវនាការ​ដែរ​។​
 
​ប៉ុន្តែ​ក្នុង​សំណុំរឿង​មុនៗ អ្នកនេសាទ​វៀតណាម​ខ្លះ​ត្រូវ​កាត់ទោស​ឲ្យ​បង់លុយ​ពិន័យ​ធ្ងន់ធ្ងរ​។ ម្ចាស់​នាវា​អាច​នឹងត្រូវ​តុលាការ​តម្រូវ​ឲ្យ​បង់លុយ​ប្រមាណ ពីរ​សែន​ដុល្លារ ខណៈដែល​កម្មករ​នេសាទ​ត្រូវ​បង់លុយ​ពិន័យ​ជាង​ពីរម៉ឺន​ដុល្លារ​ផងដែរ​ដើម្បី​រួច​ពី​ទោស​ពន្ធនាគារ​។​
 
​ក្រៅពី​អ្នកនេសាទ ២១​នាក់ អ្នកនេសាទ​វៀតណាម ៣៦​នាក់​ផ្សេងទៀត​នឹងត្រូវ​ឡើង​សវនាការ​ក្នុង​ខែកុម្ភៈ​និង​មីនាឆ្នាំ ២០១៩ ក្រោយ​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការនេសាទ​ខុសច្បាប់​នេះ​។ ប៉ុន្តែ​ពួកគេ​បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ដែលមាន​ប្រឆាំងនឹង​ពួកគេ​ពី​សំណាក់​តុលាការ​ម៉ាឡេស៊ី​៕
 

Tag:
 ម៉ាឡេស៊ី​
  នេសាទ​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com