លោក សម រង្ស៊ី​៖ ដោះលែង​លោក​កឹម សុខា និង អ្នក​គ្រប់គ្នា​សិន​ចុះ ចាំ​គិត​ខ្ញុំ​ក្រោយ​គេ​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖ ដោះលែង​លោក​កឹម សុខា និង អ្នក​គ្រប់គ្នា​សិន​ចុះ ចាំ​គិត​ខ្ញុំ​ក្រោយ​គេ​
06, Dec 2018 , 8:59 pm        
រូបភាព
លោក សម រង្ស៊ី នាអំឡុង​វត្តមាននៅកម្ពុជាកាលពីឆ្នាំ​២០១៣។ រូបថត AFP
លោក សម រង្ស៊ី នាអំឡុង​វត្តមាននៅកម្ពុជាកាលពីឆ្នាំ​២០១៣។ រូបថត AFP
ដោយ: ថ្មីៗ
លោក សម រង្ស៊ី ហ៊ាន​សន្និដ្ឋានថា លោក កឹម សុខា និង មន្ត្រី​ផ្សេងទៀត​ក្នុង​បក្ស​របស់លោក នឹងត្រូវ​ដោះលែង ព្រោះ​រដ្ឋាភិបាល​កម្ពុជា ពុំ​អាច​ទប់​ទល់​ជាមួយ​សម្ពាធ​អន្តរជាតិ​បាន​ទៀត​ទេ​។ អ្នកនាំពាក្យ ឆ្លើយតប​ថា  គ្មាន​បរទេស​ណា មានអំណាច​លើ​រដ្ឋាភិបាល​កម្ពុជា​ឡើយ​។

 
 
​ក្រោយ​ទទួល​តំណែង​ជា​ប្រធានស្តីទី​នៃ​អតីត​គណបក្ស​ស​ង្គ្រោះជាតិ លោក សម រង្ស៊ី បាន​រង​ការវាយប្រហារ​ជា​ហូរហែ ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ដែល​គាំទ្រ​លោក កឹម សុខា​។ មាន​អ្នកខ្លះ ដោយ​រួមទាំង​កូនស្រី​របស់លោក កឹម សុខា ផងដែរ គឺ​កញ្ញា កឹម មនោ​វិទ្យា បាន​ហៅ​ទង្វើ​របស់លោក សម រង្ស៊ី ថា​ជាការ​ធ្វើ​បក្ស​ប្រហារ​។ 
 
​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ លោក សម រង្ស៊ី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​និង​ព្យាយាម​បង្ហាញ​ឥរិយាបថ​ទន់ភ្លន់​ជាមួយ​មន្ត្រី​និង​អ្នកគាំទ្រ​ទាំងនោះ ដោយ​លោក ពុំបាន​វាយបក​អ្វី​ឡើយ​។ ផ្ទុយ​មកវិញ លោក ប្រឹង​បង្ហាញ​ពី​ការគិតគូរ​របស់ខ្លួន ចំពោះ​លោក កឹម សុខា ដែលជា​ដៃគូ​នយោបាយ រួមទាំង​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​ទទួលបាន​សេរីភាព​ពេញលេញ និង​បាន​វិល​ចូល​ឆាកនយោបាយ​វិញ​។ ចំណែក​ដំណោះស្រាយ​សម្រាប់​ខ្លួន​លោក គឺ​ទុក​មួយ​ឡែក​សិន​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក សម រង្ស៊ី នៅ​ទទូច​ឲ្យ​ដក​ការចោទប្រកាន់​គ្រប់បែបយ៉ាង ចេញពី​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​មនុ​សុ្ស​ដទៃទៀត​។ ហើយ​លោក ក៏​មិន​ភ្លេច​ដែរ​ពី​ការទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ដូច​មុន និង​ផ្តល់​តំណែង ជូន​សមាជិក​ប្រឹក្សា​ឃុំ​-​សង្កាត់ ដែល​ត្រូវបាន​ដកហូត រួមទាំង​បោះឆ្នោត​ឡើងវិញ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី លោក សម រង្ស៊ី លើកឡើងថា រដ្ឋាភិបាល​កម្ពុជា កំពុង​រង​ឥទ្ធិពល​ពី​សហគមន៍​អន្តរជាតិ ដូច្នេះ នឹង​ធ្វើតាម​អ្វីដែល​លោក​ទាមទារ​ខាងលើ​។ លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​លោក ហ៊ុន សែន អត់​មាន​មធ្យោបាយ​ទប់​ទល់​ជាមួយ​សម្ពាធ​អន្តរជាតិ​ទេ​។ សម្ពាធ​អន្តរជាតិ កាន់តែខ្លាំង​ឡើងៗ​ហើយ​»​។
 
«​ចុះបើ​លោក ហ៊ុន សែន មិន​ធ្វើតាម​អ្វីដែល​លោក​ទាមទារ តែ​បែរជា​ស្នើ​ឲ្យ​ព្រះមហាក្សត្រ លើកលែងទោស​ដល់​លោក​វិញ តើ​លោក យល់ព្រម ហើយ​ទៅ​ចូល​ជាមួយ​លោក ហ៊ុន សែន​ទេ​?»​។ លោក ជុន ច័ន្ទ​បុត្រ អ្នកសម្របសម្រួល បានដាក់​សំណួរ​នេះ​ទៅកាន់​លោក សម រង្ស៊ី ហើយ​លោក បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​ថា​៖«​អត់​ព្រម​ដាច់ខាត​... ទុក​ខ្ញុំ​នៅក្រោយ​គេ​ចុះ​។ សុំ​ឲ្យ​លោក កឹម សុខា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកកាសែត រួចខ្លួន​ឲ្យ​អស់​សិន​ទៅ​»​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ច្រានចោល​ការលើកឡើង​រប​ស់លោក សម រង្ស៊ី ដែលថា​រដ្ឋាភិបាល​កម្ពុ​ជា រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល សម្រួល​នយោបាយ ទៅតាម​ស្ថានការណ៍ ដោយ​គ្មាន​អំណាច​ពី​បរទេស​ណា​ទេ​»​។  
 
​ដោយ​យល់ថា​ជាការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ ព្រមទាំង​ឈរលើ​ស្មារតី​ផ្សះផ្សារ​ជាតិ រដ្ឋាភិបាល ក៏​ប្រកាស​ពី​ការកែប្រែ​ច្បាប់ ដើម្បី​បើកផ្លូវ​ឲ្យ​អ្នក​ដែល​ត្រូវបាន​ដកសិទ្ធិ​នយោបាយ អាច​ចូលរួម​ធ្វើ​នយោបាយ​វិញ​។ បច្ចុប្បន្ន សំណើសុំ​កែ​ច្បាប់​នេះ កំពុងស្ថិត​ក្នុងការ​ពិភាក្សា​របស់​រដ្ឋសភា​៕ 
 

Tag:
 សម រង្ស៊ី​
  កឹម សុខា​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com