ជាតិ
លោក សម រង្ស៊ី ប្រាប់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​គិតគូរ​ដល់​ករណី​លោក កឹម សុខា មុន​ដោះស្រាយ​បញ្ហា​មន្ត្រី​១១៨​នាក់​
11, Dec 2018 , 10:25 am        
រូបភាព
​ភ្នំពេញ​៖ បើទោះជា​រដ្ឋសភា កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់ អាចមាន​ឱកាស​ធ្វើ​នយោបាយ​វិញ​ក្តី ក៏​វា​នៅ​មិនទាន់​ធ្វើ​ឲ្យ​មេដឹកនាំ​គណបក្ស​ពេញចិត្ត​ឡើយ ដរាបណា​លោក កឹម សុខា នៅតែ​ជាប់​បទ​ចោទ​។ នេះ​ជា​សារ​របស់លោក សម រង្ស៊ី ដែល​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក ប្រាប់​ទៅ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

 
​លោក សម រង្ស៊ី ដែល​ទើប​ទទួលបាន​តំណែង​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​ចម្រូងចម្រាស​នោះ បាន​អះអាង​ពី​ជំហរ​រួម​ថា មន្ត្រី​គណបក្ស​ទាំង​១១៨​នាក់ មិន​សប្បាយ​ចិត្តនឹង​ការទទួលបាន​ឱកាស​ធ្វើ​សកម្មភាព​នយោបាយ​វិញ តាមរយៈ​ការធ្វើ​វិសោធនកម្ម​នោះទេ ល្គឹកណា​តុលាការ​នៅតែ​មិន​ព្រម​ទម្លាក់​បទ​ចោទ​លោក កឹម សុខា​។ សម្រាប់​លោក សម រង្ស៊ី ការទម្លាក់​បទ​ចោទ​លោក កឹម សុខា គឺជា​ច​ម្រូង​ចម្រាស់បំផុត ក្នុងការ​ដោះស្រាយ​បញ្ហានយោបាយ​។​
 
​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ទទួលបាន​ការគាំទ្រ​ពី​សមាជិក​បក្ស តាមរយៈ​ការធ្វើ​សន្និសីទ​នៅ​ទីក្រុង អា​ត្ល​ង់​តា នៃ​សហរដ្ឋអាមេរិក កាលពីដើម​ខែធ្នូ​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ញើ​សារ​ទៅ​សម្ដេច ហ៊ុន សែន នៅ​ថ្ងៃទី​១១ ធ្នូ យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ​សូម​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា​មិនចាំបាច់​គិតគូរ​ពី​ពួកយើង​ទេ ពីព្រោះ​ពួកយើង​មិនត្រូវ​ការ​ឲ្យ​គេ​ផ្តល់​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ឲ្យ​ពួកយើង​វិញ​ទេ ដរាបណា​លោក កឹម សុខា ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​បានទទួល​សេរីភាព​ពេញលេញ​នៅឡើយ​ទេ ហើយ​ដរាបណា​អជ្ញាធរ ទីក្រុង​ភ្នំពេញ មិនទាន់បាន​ទម្លាក់ចោល​នូវ​រាល់​ការចោទប្រកាន់​មកលើ​លោក​ប្រធាន កឹម សុខា​។ ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​ស្គាល់​ច្បាស់ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨ រូបនោះ ពីព្រោះ​អ្នក​ទាំងនោះ​បានទទួល​តំណែង​របស់ខ្លួន នៅពេលដែល​ខ្ញុំ​កាន់តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​»​។​
 
​ទាក់ទង​ការបើក​ច្រក​នយោបាយ​ឲ្យ​មន្ត្រី​អ​តី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី គណបក្សនយោបាយ មាត្រា ៤៥​ថ្មី (​ស្ទួន​) និង​របៀបវារៈ​ផ្សេងទៀត នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ​នេះ ដើម្បី​ដាក់ចូល​ក្នុង​កិច្ចប្រជុំ​សភាពេញអង្គ ក្រោម​អធិបតីភាព​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។​
 
​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់ ត្រូវបាន​តុលាការ​សម្រេច​ផ្អាក​សកម្មភាព​នយោបាយ​៥​ឆ្នាំ ស្រប​ពេលដែល​គណបក្ស ក៏ត្រូវ​ប្រកាស​រំលាយ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧​។ ប៉ុន្តែ​មួយឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី​៣ ធ្នូ ឆ្នាំ​២០១៨ រដ្ឋសភា និង​រដ្ឋាភិបាល ប្រកាស​ពី​បង្រួបបង្រួម​នយោបាយ ដោយ​សម្រេច​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​មន្ត្រី​អតីត​គណបក្សប្រឆាំង ដែល​ត្រូវ​ហាមឃាត់​ក្នុង​ការធ្វើ​នយោបាយ អាច​ត្រឡប់មក​ធ្វើ​នយោបាយ​ឡើងវិញ​។ ការធ្វើ​វិសោធន​កម្មនេះ ធ្វើឡើង​តាមរយៈ​តំណាងរាស្ត្រ​៨៧​រូប​របស់​គណបក្សកាន់អំណាច​។ មូល​ហេតុដែល​សិក្សា​លើ​មាត្រា​៤៥​ថ្មី (​ស្ទួន​)​នេះ ត្រូវបាន​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា ធ្លាប់បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ពីមុន យើង​ដូចជា​ខ្វះចន្លោះ ដោយ​មិនបាន​គិតគូរ​ដល់​ពួគគាត់ (​អ្នក​ដែល​ត្រូវ​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​)​។​
 
​ជុំវិញ​បញ្ហា​ខាងលើនេះ ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក George Edgar បាន​វាយតម្លៃថា នយោបាយ​កម្ពុជា​កំពុង​បោះជំហាន​វិជ្ជមាន​ទៅមុខ ដែល​វា​ជា​ផ្នែក​សំខាន់​មួយ នៃ​ដំណើរការ​នីតិវិធី​ដក​ឬ មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(Everything But Arms)​ពី​កម្ពុជា​។ បើតាម​លោក Edgar ភាព​វិជ្ជមាន​ដែល​រដ្ឋសភា និង​រដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​ផ្លូវ​ដំណោះស្រាយ​នយោបាយ​ដោយ​ខ្លួនឯង​នេះ គឺ​ដូចជា​អ្វីដែល​សហភាព​បាន​អំពាវនាវ និង​ចង់​ឲ្យ​កើតឡើង​ដែរ​៕
 

Tag:
 សម រង្ស៊ី​
  ហ៊ុន សែន​
  កឹម សុខា​
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com