ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បដិសេធចំពោះការចុះផ្សាយរបស់កាសែត The Cambodia Daily ជុំវិញបញ្ហាប្រតិបត្តិការនៅកម្ពុជា មុននឹងស្ថាប័នផ្សព្វផ្សាយមួយនេះ ត្រូវបានបិទទ្វារ កាលពីឆ្នាំមុន។
ភាពចម្រូងចម្រាសរវាងកាសែត The Cambodia Daily និងរដ្ឋាភិបាលកម្ពុជា នៅតែកើតមាន ជុំវិញការបិទទីស្នាក់ការប្រព័ន្ធផ្សព្វផ្សាយនេះ បើទោះជារដ្ឋាភិបាល សម្រេចឲ្យស្ថាប័នមួយនេះ បើកទីស្នាក់ការវិញក្តី។កាសែត The Cambodia Daily នៅតែយល់ឃើញថា មូលហេតុដែលស្ថាប័នខ្លួន សម្រេចបិទទីស្នាក់ការនៅភ្នំពេញនេះ វាមិនមែនជាបំណងពិតខ្លួនឡើយ ប៉ុន្តែការធ្វើបែបនេះ គឺកើតចេញពីសកម្មភាពរាជរដ្ឋាភិបាលកម្ពុជា ដែលមានបំណងបញ្ឈប់ប្រតិបត្តិការ និងបានបិទគណនីធនាគាររបស់ខ្លួន ដោយសារតែជំហររិះគន់រដ្ឋាភិបាល។ នេះជាការចុះផ្សាយអត្ថបទរបស់កាសែត The Cambodia Daily នៅគណនីហ្វេសប៊ុកផ្លូវការខ្លួន។
ប៉ុន្តែការចុះផ្សាយអត្ថបទនេះ ត្រូវបានរដ្ឋាភិបាល ចេញប្រតិកម្មតបថា The Cambodia Daily កំពុងចោទប្រកាន់ខ្លួន ដោយគ្មានការពិត និងគ្មានសច្ចៈភាព។ ដោយចង់បង្ហាញពីភាពត្រឹមត្រូវខ្លួន រដ្ឋាភិបាល បានពន្យល់ជាថ្មីពីមូលហេតុដែល The Cambodia Daily បិទទ្វារខ្លួនឯង គឺកើតចេញពីការមិនព្រមបង់ពន្ធជូនរដ្ឋាភិបាល។
តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសរសេរដូច្នេះ៖អង្គភាពផ្សព្វផ្សាយជាច្រើនកំពុងធ្វើប្រតិបត្តិការដោយសេរី ដោយសារពួកគេធ្វើប្រតិបត្តិការស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា រួមមានការបំពេញកាតព្វកិច្ចបង់ពន្ធ។ នៅក្នុងបរិបទនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់របស់សារព័ត៌មាន ឌឹខេមបូឌាដេលី ដែលលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ឈប់ប្រតិបត្តិការ និងបានបិទគណនីធនាគាររបស់ខ្លួន ដោយសារតែជំហររិះគន់រដ្ឋាភិបាល…»។
យោងតាមឯកសាររបស់អគ្គនាយកដ្ឋានពន្ធដា សារព័ត៌មាន The Cambodia Daily បានដំណើរការអាជីវកម្មរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០០៧មក ដោយមិនបានបំពេញកាតព្វកិច្ចបង់ពន្ធនោះឡើយ។ ដោយសារក្នុងករណីនេះនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៧ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជូនលិខិតមួយច្បាប់ទៅសារព័ត៌មាន The Cambodia Daily ដើម្បីមកដោះស្រាយពន្ធមិនបានបង់ ដែលមានទឹកប្រាក់ ៦,៣ លានដុល្លារអាមេរិក ក្នុងរយៈពេល៣០ ថ្ងៃ។ ប៉ុន្តែម្ចាស់សារព័ត៌មាននេះ មិនបានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ រហូតបញ្ឈប់ប្រតិបត្តិការផ្សាយដោយខ្លួនឯង ដោយសារតែការខកខានមិនបានបំពេញកាតព្វកិច្ចពន្ធ ស្របទៅតាមច្បាប់ពន្ធដារ។ នេះជាហេតុផលរបស់ក្រសួងការបរទេស។
ក្រសួងការបទេសបន្ថែមថា ៖«ក្រោយពេលកាលបរិច្ឆេទ ៣០ថ្ងៃ បានកន្លងផុតទៅ អគ្គនាយកដ្ឋានពន្ធដាមិនមានជម្រើសអ្វីក្រៅតែពីអនុវត្តវិធានការស្របតាមច្បាប់ពន្ធដា ដោយរួមមានការបិទគណនីធនាគាររបស់សារព័ត៌មានឌឺខេមបូឌាដេលី។ ការតម្រូវអោយបង់ពន្ធនេះ មិនមែនផ្តោតចំពោះតែសារព័ត៌មានឌឹខេមបូឌាដេលី នោះទេ។ក្នុងករណីដែលសារព័ត៌មាន ឌឹខេមបូឌាដេលី បានបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួនសព្វគ្រប់នោះ សារព័ត៌មាននេះ នឹងអាចបន្តប្រតិបត្តិការរបស់ខ្លួនឡើងវិញបាន»។
បើតាមក្រសួងការបរទេស អគ្គនាយកដ្ឋានពន្ធដារ បានរកឃើញករណីជាច្រើនទៀតពាក់ព័ន្ធនឹងការមិនគោរពកាតព្វកិច្ចពន្ធ ហើយវិធានការច្បាប់នានាត្រូវបានអនុវត្ត ដើម្បីបង្កើនសមត្ថភាពក្នុងការប្រមូលចំណូលពន្ធដារ។ ក្រសួងការបរទេស បន្ថែមថា ករណីស្រដៀងគ្នានេះ ក៏មានវិទ្យុអាស៊ីសេរី (RFA)ដែរ ។ ទីភ្នាក់ងារព័ត៌មាននេះ មិនបានទទួលច្បាប់អនុញ្ញាតណាមួយសម្រាប់ធ្វើប្រតិបត្តិការទេ។ ដោយខកខានមិនអាចបំពេញកាតព្វកិច្ចច្បាប់ ទើបបានជាវិទ្យុអាស៊ីសេរី បិទការិយាល័យ និងបញ្ឈប់បុគ្គលិករបស់ខ្លួន ។
កាលពីថ្ងៃទី៣ ធ្នូកន្លងមក រដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ស្តីពីវិធានការនានាដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហរនយោបាយ ដោយក្នុងនោះ មានការពង្រឹងភាពជាដៃគូរជាមួយអង្គការសង្គមស៊ីវិល ,ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសិទ្ធិការងារ និងសហជីព, ការលើកតម្កើងសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ រួមទាំងគោលនយោបាយគ្រប់គ្រងដីធ្លី ដើម្បីធានាសិទ្ធិ និងប្រយោជន៍របស់ប្រជាជន និងការប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ៕