ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី៖ មន្ត្រីអតីតCNRPរូបណា ដែលយកសិទ្ធិធ្វើនយោបាយវិញ អ្នកនោះគឺជាមនុស្សល្ងង់ ហើយក្បត់បក្ស
× ភ្នំពេញ៖ ខណៈដែលការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ស្ថិតក្នុងដៃរដ្ឋសភាត្រួតពិនិត្យ និងអនុម័តនោះ លោក សម រង្ស៊ី ក៏បានប្រើសម្តីចងជើងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ មិនឲ្យទទួលយកសិទ្ធិធ្វើនយោបាយនេះវិញឡើយ។ សម្រាប់លោក សម រង្ស៊ី អ្នកដែលព្រមយកសិទ្ធិធ្វើនយោបាយវិញ គឺជាមនុស្សក្បត់លោក កឹម សុខា និងជាទង្វើខុសឆ្គងចំពោះគណបក្ស។
«តើមាននរណាខ្លះចង់ទទួលបានសិទ្ធិធ្វើសកម្មភាពនយោបាយវិញ តែសុខចិត្តឲ្យលោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន ចាប់ទុកឃុំឃាំងដដែល?»។ នេះគឺជាសំនួររបស់លោក សម រង្ស៊ី ដែលសួរទៅកាន់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដើម្បីចង់ដឹងពីបំណងរបស់ពួកគេថា តើចង់ធ្វើនយោបាយវិញ ដោយមិនគិតពីសុខទុក្ខមេដឹកនាំ ឬយ៉ាងណា?
ចោទជាសំនួរបែបនេះហើយ លោក សម រង្ស៊ី ដែលទើបទទួលបានតួនាទីជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមរយៈសន្និសីទបក្ស នៅអាមេរិក កាលពីដើមខែធ្នូនេះ បានពន្យល់ប្រាប់មន្ត្រីអតីតគណបក្សទាំង១១៨រូបថា មូលហេតុដែលលោកមិនចង់ឲ្យពួកគេទទួលយកសិទ្ធិធ្វើនយោបាយនេះ គឺចង់ឲ្យមានការដោះលែងប្រធានបក្ស លោក កឹម សុខា ជាមុនសិន ពោលគឺមិនត្រូវដើរតាមការកំណត់របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។
លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកខ្លួន យ៉ាងដូច្នេះថា៖ « ខ្ញុំសូមសួរទៅអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង ១១៨ រូបថា តើយកសិទ្ធិធ្វើនយោបាយមកធ្វើអ្វី នៅពេលនេះ បើ ហ៊ុន សែន មិនទាន់ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញផង ហើយ ហ៊ុន សែន នៅតែចាប់ឃុំឃាំងលោកប្រធាន កឹម សុខា ជាចំណាប់ខ្មាំងដដែល? អ្នកដែលយល់ព្រមទទួលសិទ្ធិពី ហ៊ុន សែន ដើម្បីចូលធ្វើនយោបាយវិញ នៅពេលនេះ គឺច្បាស់ជាទៅធ្វើនយោបាយ តាមអ្វីដែល ហ៊ុន សែន ចង់បាន គឺបំបែកគណបក្សសង្គ្រោះជាតិ ឬក៏បង្កើតគណបក្សថ្មី ដើម្បីគ្រាន់តែជាឡប់ឡែ តាមបំណង ហ៊ុន សែន»។
សម្រាប់លោក សម រង្ស៊ី អ្នកដែលទទួលយកសិទ្ធិធ្វើនយោបាយវិញនេះ ពួកគេគឺជាមនុស្សល្ងង់ ហើយក្បត់គណបក្ស រួមទាំងលោក កឹម សុខា ផងដែរ។ «អ្នកដែលចង់តែរួចខ្លួន ខ្លួនឯងប៉ុណ្ណោះ ដោយមិនគិតគូរពីវាសនាលោកប្រធាន កឹម សុខា និងពីវាសនាគណបក្សយើង អ្នកនោះដើរតាមផ្លូវដែល ហ៊ុន សែន កំណត់ឲ្យដើរ ហើយក៏យល់ព្រមលេងល្បែងដែល ហ៊ុន សែន កំណត់ឲ្យលេង។ អ្នកនោះ បើមិនមែនជាមនុស្សល្ងង់ទេ គឺជាមនុស្សដែលចាប់ផ្តើមក្បត់គណបក្សសង្គ្រោះជាតិ»។ នេះជាការសង្កត់ធ្ងន់របស់លោក សម រង្ស៊ី។
ទាក់ទងនឹងការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ត្រង់មាត្រា៤៥ថ្មី(ស្ទួន) កំពុងស្ថិតក្នុងដៃរដ្ឋសភា ដែលត្រៀមប្រជុំពេញអង្គនៅថ្ងៃទី១៣ ធ្នូ ដើម្បីត្រួតពិនិត្យ និងអនុម័ត សម្រាប់ការបើកផ្លូវនយោបាយឲ្យអ្នកដែលជាប់បម្រាមនយោបាយ អាចធ្វើសកម្មភាពខ្លួនឡើងវិញ។ ប៉ុន្តែការធ្វើវិសោធនកម្មច្បាប់នេះ ទំនងមិនបើកផ្លូវមនុស្សទាំង១១៨នាក់របស់អតីតបក្សប្រឆាំង អាចធ្វើនយោបាយវិញ បានទាំងអស់ដែរ ពោលគឺច្បាប់នេះ អាចផ្ដល់សិទ្ធិនយោបាយឲ្យអ្នកជាប់បម្រាមណា ដែលអនុវត្តតាមសាលក្រមរបស់តុលាការកំពូលបានល្អប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ធ្នូនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រ នៅខេត្តកំពង់ស្ពឺ។
បន្ថែមពីនេះប្រមុខរដ្ឋាភិបាល ក៏បានពន្យល់ទៀតថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺមិនមែនសម្រាប់បើកផ្លូវឲ្យមនុស្សមួយក្រុម ឬគណបក្សនយោបាយណាមួយទេ ប៉ុន្តែច្បាប់នេះ គឺសម្រាប់អនុវត្តទៅលើអ្នកនយោបាយទាំងអស់ នៅក្នុងប្រទេសកម្ពុជា នាពេលអនាគត៕
Tag:
សម រង្ស៊ី
ហ៊ុន សែន
កឹម សុខា
CNRP
© រក្សាសិទ្ធិដោយ thmeythmey.com