ជាតិ
ឧបករណ៍​នេសាទ​ឡូត៍​ដាយ ត្រូវបាន​នាំ​ចូលមក​កម្ពុជា កាលពី​ជាង​មួយ​សតវត្សរ៍​មុន ពី​ប្រទេស​វៀតណាម
12, Dec 2018 , 8:19 pm        
រូបភាព
​ឧបករណ៍​នេសាទ​ខ្នាត​ធំ «​ឡូត៍​ដាយ ឬ​ដាយ​ត្រី​» ក្នុង​រូបភាព​នេះ សរុប​ទាំងអស់​៧​មាត់​ដាយ ដែល​ចងភ្ជាប់​គ្នា​កាត់​ទទឹង​ទន្លេសាប​។ រូបភាព ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​ឧបករណ៍​នេសាទ​ខ្នាត​ធំ «​ឡូត៍​ដាយ ឬ​ដាយ​ត្រី​» ក្នុង​រូបភាព​នេះ សរុប​ទាំងអស់​៧​មាត់​ដាយ ដែល​ចងភ្ជាប់​គ្នា​កាត់​ទទឹង​ទន្លេសាប​។ រូបភាព ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ឧបករណ៍​នេសាទ​ខ្នាត​ធំ មួយ​ប្រភេទ ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ផល​ចាប់​ត្រី​ទឹកសាប​នៅ​កម្ពុជា​។ ឧបករណ៍​នេសាទ «​ឡូត៍​ដាយ ឬ​ដាយ​ត្រី​» នេះ ត្រូវបាន​នាំចូល​មក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ១៨៧៣-៨៩ ដោយ​អ្នកនេសាទ​ជនជាតិ​វៀតណាម ដែល​ធ្វើការ​ឲ្យ​ឈ្មួញ​ជនជាតិ​ចិន​។ ឧបករណ៍​នេសាទ​នេះ ជា​ភាសា​វៀតណាម ហៅថា ««​ដៃ​»»​។

 
«​ឡូត៍​ដាយ ឬ​ដាយ​ត្រី​» គឺជា​ឧបករណ៍​នេសាទ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែល​អាច​ចាប់​ត្រី​បាន​ច្រើន និង​គ្រប់​ប្រភេទ ពិសេស​ពពួក​ត្រី​រៀល ដែល​រួមចំណែក​យ៉ាងសំខាន់ ដល់​ផល​ចាប់​ត្រី​ទឹកសាប​ក្នុងប្រទេស​កម្ពុជា​។ សំណាញ់​ដាយ មាន​ប្រវែង​ពី ១០០-១២០​ម៉ែត្រ និង​ក្រឡា​សំណាញ់​ដាយ មាន​ទំហំ​ចាប់ពី​មាត់​ដាយ ១៥ សង់ទីម៉ែត្រ ដល់​កន្ទុយ​ដាយ មាន​ទំហំ ១ សង់ទីម៉ែត្រ​។ វា​ត្រូវបាន​ចងភ្ជាប់​នឹង​ក្បូន​ឬ​ស្សី​ពីរ និង​ទូក​ពីរ ដែល​បោះ​យុថ្កា​នៅ​ខាងលើ​ខ្សែទឹក ដើម្បី​បើក​មាត់​សំណាញ់​ដាយ​ឲ្យ​ត្រី​ចូល ព្រមទាំង​ផ្ទះ​ប​ណ្តែ​ក​ទឹក ឬ​ទូ​កនៅ​ខ្សែទឹក​ខាងក្រោម ជា​កន្លែង​លើក​ត្រី​ចេញ នៅ​ចុងកន្ទុយ​ដាយ ។ «​ឡូត៍​ដាយ ឬ​ដាយ​ត្រី​» អាច​ប្រតិបត្តិការ​មួយ​មាត់​ដាយ​តែឯង ឬ​ចងភ្ជាប់​គ្នា​ជា​ជួរ​ច្រើន​មាត់​ដាយ​ក៏បាន ដូច​មាន​រូបភាព​បង្ហាញ​ខាងលើ​ស្រាប់​។ 


សកម្មភាព​ចាក់​ត្រី​ចេញ​នៅ​កន្ទុយ «​ដាយ​» ដែល​គេ​ធ្វើ​ឡើងជា​រាងរាល់​១៥​នាទី​ម្តង ក្នុង​ថ្ងៃ​ត្រី​ចុះ​ច្រើន កាលពី​ឆ្នាំ ២០១៧ កន្លងទៅ នៅក្នុង​ទន្លេសាប​។ រូបភាព ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
«​ឡូត៍​ដាយ ឬ​ដាយ​ត្រី​» ត្រូវបាន​គេ​ដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ទន្លេសាប ចាប់ពី​ខាងជើង​ស្ពាន​ជ្រោយចង្វារ ច្រាំង​ចំរេះ រហូតដល់​ខាងជើង​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ព្រែក​តា​មាក់ ជិត​ព្រំប្រទល់​ខេត្តកណ្តាល​-​កំពង់ឆ្នាំង ។ ជា​រៀងរាល់ឆ្នាំ ចាប់ពី​ពាក់កណ្តាល​ខែតុលា រហូតដល់​ពាក់កណ្តាល​ខែមីនា ត្រី​ដ៏​ច្រើន​លើសលប់ ពិសេស​ពពួក​ត្រី​រៀល បានធ្វើ​ចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប និង​តំបន់​ទំនាប​លិច​ទឹក ចូលទៅ​ទន្លេមេគង្គ​ដើម្បី​លាក់ខ្លួន​ក្នុង​រដូវប្រាំង​។ ស្របពេលនោះ «​ឡូត៍​ដាយ ឬ​ដាយ​ត្រី​» ក៏​ចាប់​ប្រតិបត្តិការ​ដែរ​។ មាត់​ដាយ ត្រូវបាន​បើក ដើម្បី​ឲ្យ​ត្រី​គ្រប់​ប្រភេទ​ហែល​ចូល​។ នៅក្នុង​សប្ដាហ៍​មុន​ថ្ងៃពេញបូណ៌មី ក្នុង​ខែមករា គឺជា​ពេលដែល​ត្រី​គ្រប់​ប្រភេទ​ចុះ​ច្រើន​បំផុត​។ រៀងរាល់ ១៥ ទៅ ២០ នាទី​ម្តង «​ឡូត៍​ដាយ ឬ​ដាយ​ត្រី​» មួយ​មាត់ អាច​ចាប់​ត្រី​បាន​៥០០ គីឡូក្រាម ឬ​លើ​ល​ពីនេះ​។ 
 
​បច្ចុប្បន្ននេះ ដោយសារ​ការប្រែប្រួល​អាកាសធាតុ ការកាប់ និង​ដុតបំផ្លាញ​ព្រៃឈើ​លិច​ទឹក ដើម្បី​យក​ដី​ធ្វើ​កសិកម្ម ការនេសាទ​ហួស​កម្រិត និង​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​បឹង​ទន្លេសាប និង​នៅតាម​ប្រព័ន្ធ​ដៃទន្លេ​ផ្សេងៗ ជាពិសេស​ក្នុង​រដូវ​ពង​-​កូន និង​ធំ​លូតលាស់​របស់​ត្រី បានធ្វើ​ឲ្យ​មានការ​ធ្លាក់ចុះ​កំណើន​ត្រី​គ្រប់​ប្រភេទ​។ ចូរ​រួម​ទាំងអស់គ្នា ដើម្បី​ការពារ​ធនធានធម្មជាតិ​ស្រុក​យើង​ឲ្យ​បាន​គង់វង្ស សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com