ជាតិ
សេដ្ឋកិច្ច
ផ្លូវជាតិ​លេខ​៤៨ នឹងត្រូវ​ពង្រីក​ទទឹង​ដល់ ១១​ម៉ែត្រ ដែល​គ្រោង​ចំណាយ​ថវិកា​៧៥​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០
12, Dec 2018 , 3:05 pm        
រូបភាព
ដោយ:
​កោះកុង​៖ រដ្ឋាភិបាល គ្រោង​បើក​ការដ្ឋាន​លើកកម្ពស់​ផ្លូវជាតិ​លេខ​៤៨ នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១២​ខែធ្នូ​នេះ​។​

 
​ផ្លូវជាតិ​លេខ​៤៨ ប្រវែង​១៥០​គីឡូម៉ែត្រ ពី​ផ្លូវបំបែក​ស្រែអំបិល ទៅ​ទី​រួម​ខេត្តកោះកុង នឹងត្រូវ​លើក​កម្រិត​ពី​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់ ទៅជា​ផ្លូវ​បេតុង​កៅស៊ូ AC  និង​ពង្រីក​ទទឹងផ្លូវ​ពី​១០​ម៉ែត្រ មក​១១​ម៉ែត្រ​។​
 
​លោក ស៊ុន ចាន់ថុល ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​សង្ឃឹមថា​ឆ្នាំ​២០២០ យើង​នឹង​បើក​ការដ្ឋាន​ពង្រីក​ផ្លូវ​នេះ​ទៅ ១១​ម៉ែត្រ​ដោយ​ប្រើ​ថវិកា​កម្ចី​ពី​កូរ៉េ​។ យើង​បានជ្រើសរើស​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស​រួចហើយ ដែល​គេ​នឹង​មក​ចុះ​សិក្សា​លម្អិត​ប្រើ​រយៈពេល​៦​ខែ រួច​ដាក់​ឯកសារ​ជ្រើសរើស​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ផ្លូវជាតិ​លេខ​៤៨​នេះ​»​។​
 
​តាម​ផែនការ ការស្ថាបនា​ផ្លូវជាតិ​លេខ​៤៨​នេះ នឹងត្រូវ​ចំណាយ​ទឹកប្រាក់ ៧៥​លាន​ដុល្លារ ដែលជា​កម្ចី​ពី​រដ្ឋាភិបាល​កូរ៉េ ៦៧​លាន​ដុល្លារ និង​ថវិកាបដិភាគ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ចំនួន ៨​លាន​ដុល្លារ​។​
 
​គួរ​បញ្ជាក់ថា ផ្លូវជាតិ​លេខ​៤៨ បច្ចុប្បន្ននេះ ត្រូវបាន​កែលម្អ​ជា​បណ្ដោះអាសន្ន​រួចរាល់​ហើយ​សម្រាប់​ទទួល​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​នា​ខែធ្នូ​នេះ​។ នេះ​បើតាម​ការអះអាង​របស់​លោក ស៊ុន ចាន់ថុល ក្នុងឱកាស​លោក​ចុះ​ត្រួតពិនិត្យ​ផ្លូវ​នេះ​នៅ​ថ្ងៃ​១២​ខែធ្នូ​នេះ​៕

Tag:
 ផ្លូវជាតិ​លេខ​៤៨
© រក្សាសិទ្ធិដោយ thmeythmey.com