ជាតិ
២៥ខេត្ត/រាជធានី
របាំ​ផលិត​អំបិល និង​ផលិតផល​តំណាង​ខេត្តកំពត នឹងត្រូវ​បង្ហាញ​ក្នុង​បុណ្យ​សមុទ្រ​នៅ​កោះកុង​
12, Dec 2018 , 7:12 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពត
រូបភាពពីហ្វេសប៊ុកមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពត
ដោយ:
​កំពត​៖ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពត បាន​ត្រៀម​រៀបចំ​ផលិតផល​តំណាង​ខេត្ត និង​របាំ​ផលិត​អំបិល ដើម្បី​ទៅ​ចូលរួម​ក្បួន​ព្យុះ​ហយា​ត្រា​បុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​ខេត្តកោះកុង ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​១៤-១៥-១៦ ខែធ្នូ​នេះ​។ កញ្ញា ឆាំ មួយ អ្នក​សម្តែង​នៅ​ក្បួន​ព្យះ​ហយា​ត្រា​នោះបាន​ឲ្យ​ដឹងថា ផលិតផល​តំណាង​ខេត្ត​ដែល​ត្រូវ​យកទៅ​បង្ហាញ​នោះ រួមមាន ទុ​រេ​ន​, ដូង​, ម្រេច​, អំបិល​, ស៊ីម៉ងត៍ និង​រូបតំណាង​ឲ្យ​រង្វង់​មូល​ទី​រួម​ខេត្តកំពត​ផងដែរ​។​



​ការហាត់​សម​ក្បួន​ព្យុះ​ហយា​ត្រា និង​របាំ​ផលិត​អំបិល​ដែលជា​របាំ​តំណាង​ឲ្យ​ខេត្តកំពត ធ្វើ​នៅក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​ខេត្ត កាលពី​ថ្ងៃទី​១១ ធ្នូ​ម្សិលមិញ​នេះ ក៏មាន​វត្តមាន​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ចូលរួម​ត្រួតពិនិត្យ​ផងដែរ​។​



​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ នៅ​សាលា​ខេត្តកោះកុង កាលពី​ថ្ងៃទី​១០ ខែធ្នូ​កន្លងទៅ ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​លោក ថោង ខុន រំពឹងទុក​ថា​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​«​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ​» នឹង​ទទួលបាន​ភ្ញៀវទេសចរ​យ៉ាងតិច​៩​ម៉ឺន​នាក់​។



​ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្តកោះកុង ក៏បាន​សហការគ្នា​រៀបចំ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​មួយចំនួនទៀត សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ ក្នុងឱកាស​បុណ្យ​សមុទ្រ​ផងដែរ ដូចជា រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ តំបន់​អេកូ​ទេសចរណ៍​ឆាយ​អា​រ៉ែ​ង តា​តៃ ព្រៃកោងកាង ឆ្នេរ​ខ្សាច់​ប៉ាក់​ខ្លង រមណីយដ្ឋាន​ចេតិយ​ឃុន​ឆាង តំបន់​ជុំវិញ​ក្រុង​ខេមរភូមិន្ទ ព្រមទាំង​កម្មវិធី​កីឡា និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀតផង​ដែរ​៕




© រក្សាសិទ្ធិដោយ thmeythmey.com