ជាតិ
​​​ន​យោ​បាយ​ជាតិ​
ច្បាប់​ដែល​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង ចូលធ្វើ​នយោបាយ​វិញ ត្រូវបាន​អនុម័ត​ហើយ​
13, Dec 2018 , 8:55 am        
រូបភាព
​ការធ្វើ​វិសោធនកម្ម​លើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) ស្តីពី​គណបក្សនយោបាយ ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា​ហើយ ក្នុង​កិច្ចប្រជុំពេញអង្គ នា​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។ ក្រោយ​ធ្វើ​វិសោធនកម្ម មាត្រា​៤៥​ថ្មី (​ស្ទួន​) បាន​ក្លាយជា​មាត្រា​ថ្មី៤៥ថ្មី (​ស្ទួន​១) ហើយនឹង​ត្រូវ​ចូល​ធរមាន​និង​ដាក់​ឲ្យ​អនុវត្ត នៅពេលណា​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម​។

 
​មាត្រា​៤៥ថ្មី (​ស្ទួន​) ចែងថា តុលាការ​កំពូល អាច​ហាម​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ណាមួយ ដែល​ត្រូវបាន​រំលាយចោល មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ ប៉ុន្តែ មាត្រា៤៥ថ្មី (​ស្ទួន​១) ដែល​ទើបនឹង​ត្រូវបានធ្វើ​វិសោធនកម្ម បានផ្តល់​សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី អាច​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​ប្រទាន​នីតិសម្បទា និង​អនុញ្ញាត​ឲ្យ​អ្នក​ជាប់​បម្រាម ចូលធ្វើ​នយោបាយ​វិញ​។ 
 
​នាយករដ្ឋមន្ត្រី ទើបនឹង​ប្រកាសថា ក្រោយ​មាត្រា​នេះ ត្រូវបានធ្វើ​វិសោធនកម្ម​រួច អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង អាចដាក់​សំណើ​ជា​លក្ខណៈ​បុគ្គល ឬ​ជា​ក្រុម​ដែលមាន​គ្នា​បួន​-​ប្រាំ​នាក់ ដើម្បី​សុំចូល​ធ្វើ​នយោបាយ​វិញ​។ បន្ទាប់មក នាយករដ្ឋមន្ត្រី នឹង​ពិចារណា​ថា​ឲ្យ​ឬ​មិន​ឲ្យ​។ 
 
​បច្ចុប្បន្ន កម្ពុជា មាន​មនុស្ស​១១៨​នាក់ (​ស្លាប់​ម្នាក់​) ជា​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ដែល​ត្រូវបាន​តុលាការ​កំពូល ដកសិទ្ធិ​នយោបាយ​៕ 
 

Tag:
 ​ច្បាប់​នយោបាយ​
  រដ្ឋសភា​
© រក្សាសិទ្ធិដោយ thmeythmey.com