ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ទៀ សីហា ចូលកាន់តំណែងផ្លូវការជាអភិបាលខេត្តសៀមរាប
13, Dec 2018 , 9:14 am        
រូបភាព
លោក ទៀ សីហា ទទួលលិខិតតែងតាំងពីសម្តេច ស ខេង
លោក ទៀ សីហា ទទួលលិខិតតែងតាំងពីសម្តេច ស ខេង
ដោយ: រួបរួម
លោក ទៀ សីហា បាន​ចូលកាន់តំណែងផ្លូវការជាអភិបាល​ខេត្តសៀមរាប ក្នុងពិធីផ្លូវការមួយ​ដែល​រៀបចំនៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាពសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នាព្រឹក​ថ្ងៃទី​១៣ ខែធ្នូ នេះ។



អត្ថបទទាក់ទង
 
លោក ទៀ សីហា ដែលជាកូនប្រុសទីពីរ​របស់សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវជំនួសតំណែងលោក ឃឹម ប៊ុនសុង ដែលត្រូវបាន​ដំឡើងតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ និងជានាយឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ។

លោក ទៀ សីហា កើតនៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​១៩៨០។ លោកបាន​ទៅសិក្សានៅប្រទេស​បារាំងតាំងពីកម្រិត​មធ្យមសិក្សា ហើយ​រហូត​ដល់​ឆ្នាំ២០០១ លោក​ទទួលបាន​បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម​ពីមហាវិទ្យាល័យ Passy Saint-Honore នៅក្រុងប៉ារីស។ បន្ថែមពី​លើនេះ លោក​ក៏បាន​ចូលសិក្សា​ពេញមួយឆ្នាំនៅ​សាលាយោធា Ecole Speciale Militaire de Saint-Cyr នៃបណ្ឌិត្យសភាយោធាបារាំងផងដែរ។

លោកបាន​វិលមក​កម្ពុជា​វិញនៅឆ្នាំ​២០០១ ពោលគឺក្រោយពីបញ្ចប់ការសិក្សាភ្លាមៗនៅបារាំង។ លោក​បាន​ចាប់ផ្តើម​បម្រើ​ការងារជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង​បន្ត​ការសិក្សា​នៅ​រាជបណ្ឌិត្យសភា រដ្ឋបាល​ជាន់ខ្ពស់នៅឆ្នាំ​២០០៧-២០០៨។

ក្រោយមក លោក​ត្រូវបានតែងតាំងជាប្រធាន​សហភាពសហព័ន្ធយុវជន​កម្ពុជាប្រចាំខេត្តសៀមរាប។ នៅឆ្នាំ២០១៤ លោកត្រូវបាន​ដំឡើ​ងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ នៃកងយោធពល​ខេមរភូមិន្ទ។

លោកក៏ជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្ស​ប្រជាជន​កម្ពុជា​ និងជាសមាជិកអចិន្ត្រៃយ៍​នៃសហភាពសហព័ន្ធយុវជន​កម្ពុជាផងដែរ។ លោក​បាន​កាន់តំណែងអភិបាលរងខេត្តសៀមរាបពីខែសីហា ឆ្នាំ​២០១៧ មុននឹងឡើងកាន់តំណែងផ្លូវការជាអភិបាលខេត្ត បន្តពីលោក ឃឹម ប៊ុនសុង៕

 


Tag:
 ទៀ សីហា
  ឃឹម ប៊ុនសុង
© រក្សាសិទ្ធិដោយ thmeythmey.com