ជាតិ
សម្ដេច ស ខេង ប្រាប់ឲ្យម្ចាស់សណ្ឋាគារនិង ផ្ទះសំណាក់ សហការជាមួយអាជ្ញាធរ ក្នុងការបង្ក្រាបគ្រឿងញៀន សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តសៀមរាប។ រូបពីហ្វេសប៊ុកសម្ដេច
× ភ្នំពេញ៖ ម្ចាស់សណ្ឋាគរ និងផ្ទះសំណាក់ ត្រូវសហការជាមួយអាជ្ញាធរឲ្យបានល្អ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តសៀមរាប។
សម្ដេច ស ខេង បាននិយាយថា ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ត្រូវបញ្ជូនរបាយការណ៍ និងទិន្នន័យពីភ្ញៀវ មិនថាភ្ញៀវជាតិ ឬអន្តរជាតិ ដែលចូលស្នាក់នៅ ទៅសមត្ថកិច្ច ដើម្បីក្ដោបព័ត៌មាននានា សម្រាប់ការបង្ក្រាបបទល្មើសគ្រឿងញៀន។ បើតាមសម្ដេច ស ខេង បញ្ហាបទល្មើសគ្រឿងញៀននេះ ក៏ធ្លាប់កើតមាននៅតាមសណ្ឋាគារ និងផ្ទះសំណាក់កន្លងមកដែរ។
ក្រៅពីនេះសម្ដេច ស ខេង ក៏ស្នើឲ្យអាជ្ញាធរ មានសមត្ថកិច្ច បន្តការអនុវត្តលើករណីគ្រឿងញៀន តាមទិសដៅយុទ្ធនាការបង្ក្រាបគ្រឿងញៀននេះ។
ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ចំនួនអ្នកញៀនគ្រឿងញៀន ដែលមកទទួលការព្យាបាលនៅតាមសេវាសុខាភិបាលនានា មានចំនួន ៣២៣១នាក់ ក្នុងនោះ បុរស ៩៣ភាគរយ និងស្ត្រី ៧ភាគរយ។ អ្នកញៀនគ្រឿងញៀនដែលមកទទួលការព្យាបាល បានបែងចែកជាពីរ គឺអ្នកញៀនប្រភេទអំហ្វេតាមីន ដែលមានចំនួន ៣១០៨នាក់ និងអ្នកញៀនប្រភេទហេរូអ៊ីន មានចំនួន ១២៣។ អ្នកញៀនគ្រឿងញៀនទាំងអស់នោះ បានទទួលការព្យាបាលនៅតាមមន្ទីរពេទ្យជាតិ, មន្ទីរពេទ្យបង្អែក, មណ្ឌលសុខភាព, មណ្ឌលព្យាបាល និងស្ដារនីតិសម្បទាជាដើម។នេះបើតាមក្រសួងសុខាភិបាល ។
គួររម្លឹកថា រយៈពេល៩ខែ ឆ្នាំ២០១៨នេះ សមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿងញៀមជាង៥៦០០ ករណី ឃាត់ជនសង្ស័យជាង១ម៉ឺននាក់ (ស្រីជិត១ពាន់នាក់)៕
© រក្សាសិទ្ធិដោយ thmeythmey.com