ជាតិ
សម្ដេច ស ខេង បញ្ជា​ឲ្យ​បង្កើត​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៅ​ខេត្ត​ព្រះសីហនុ សៀមរាប និង​ស្វាយរៀង​
13, Dec 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​ឲ្យ​មានការ​បង្កើត​ការិយាល័យ​ប្រយុទ្ធប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅក្នុង​ខេត្ត​ចំនួន​៣ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​


 
​ខេត្ត​ចំនួន​៣ ដែល​ក្រសួងមហាផ្ទៃ សម្រេច​ឲ្យ​បង្កើត​ការិយាល័យ​នេះ រួមមាន ខេត្ត​ព្រះសីហនុ សៀមរាប និង​ស្វាយរៀង​។ ខេត្ត​ទាំង​៣​នេះ កំពុង​រៀបចំ​រចនាសម្ព័ន្ធ ដើម្បី​ដំណើរការ​អនុវត្ត​ការងារ​នាពេល​ខា​មុខ ខណៈដែល​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ​រាជធានី​ភ្នំពេញ បានរៀបចំ​ការិយាល័យ​នេះ​រួចរាល់​ហើយ​។​
 
​ថ្លែង​ក្នុង​ពិធី​ផ្ទេរតំណែង​ឲ្យ​អភិបាល​ខេត្តសៀមរាប​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​១៣ ធ្នូ​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ឲ្យ​បង្កើត​នៅតាម​ស្នងការដ្ឋាន បង្កើត​ការិយាល័យ​មួយ​នៃ​ស្នងការដ្ឋាន​៤​កន្លែង គឺ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ។​ហើយ​នៅ​ក្រសួង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​មាន​ហើយ ប៉ុន្ដែ​ខេត្ត​៣​ផ្សេងទៀត​ឲ្យ​បង្កើត​នៅ​ខេត្តសៀមរាប ព្រះសីហនុ និង​ស្វាយរៀង បង្កើត​ប៉ុណ្ណឹង​សិន ហើយ​ថ្ងៃក្រោយ​យើង​នឹង​បង្កើត​ទូទាំងប្រទេស​»​។​

សូម​ស្តាប់​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៖​



 
​មូល​ហេតុដែល​សម្ដេច ស ខេង សម្រេច​ឲ្យ​មានការ​បង្កើត​ការិយាល័យ​ប្រយុទ្ធប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅតាម​ស្នងការដ្ឋាន​នគរបាល​ជាតិ​តាម​ខេត្ត​នេះ គឺ​ដោយសារតែ​បញ្ហា​ចាប់ជំរិត តាម​ប្រព័ន្ធ​អ៊ីនធឺណិត កំពុងមាន​ការរីក​រា​ល​ដាល​ខ្លាំង នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​ពិភពលោក​។​
 
​បើតាម​សម្ដេច ស ខេង ជនល្មើស​ចាប់ជំរិត​នេះ ភាគច្រើន​ជា​ជនជាតិ​ចិន ដែល​មក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា តាមរយៈ​រូបភាព​ជា​ភ្ញៀវទេសចរ ។​«​ពេល​មក​កម្ពុជា​ជា​ភ្ញៀវទេសចរ​ទេ ដំបូង ដល់​រួចហើយ​យើង​ឲ្យ​នៅ​៣០​ថ្ងៃ រួចហើយ​សុំ​ពន្យា​ពេល​(​ស្នាក់នៅ​)​អ៊ីចឹងទៅ តែ​ធាតុពិត​មក ដើម្បី​កសាង​មូលដ្ឋាន ចាប់ជំរិត​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​។ អាហ្នឹង​សុទ្ធតែ​ជើង​អ្នកលេង​ខ្លាំងណាស់ ទើប​អាច​ចាប់ជំរិត​បាន ព្រោះ​អ្នកនោះ​មាន​បណ្ដាញ​នៅ​ស្រុក​ចិន ដែល​អែប​អ្នកមាន​លុយ​នៅ​ស្រុក​ចិន ហើយ​បញ្ជូន​(​ព័ត៌មាន​) ឲ្យ​ចិន​រស់នៅ​កម្ពុជា​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​
 
​កាលពីពេល​ថ្មីៗ​នេះ កម្ពុជា​បាន​បញ្ជូន​ជន​ជាតិចិន​ខុសច្បាប់​២៣២​នាក់ ក្នុងនោះ​ស្រី​៣៨​នាក់ ទៅ​ប្រទេស​កំណើត​របស់ខ្លួន​វិញ ក្រោយពី​រកឃើញថា​ជន​ជាតិ​ទាំងនោះ បាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឆរ​បោក គំរាម​គំហែង ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP)​។ ជន​ជាតិចិន​ទាំងនោះ ជា​ក្រុម​ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​ទឹកដី​ខេត្តតាកែវ ហើយ​ត្រូវបាន​បង្ក្រាប​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​
 
​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រួមជាមួយ​សមត្ថកិច្ច​ចិន បាន​សហការគ្នា​ក្នុងការ​បណ្តេញចេញ​ក្រុម​ល្មើសច្បាប់​ទាំងនេះ​ពី​កម្ពុជា តាម​ជើងយន្តហោះ​ពិសេស​ទៅ​ប្រទេស​ចិន​វិញ តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕
 

Tag:
 ស ខេង​
  បច្ចេកវិទ្យា​
  Cyber Crime
© រក្សាសិទ្ធិដោយ thmeythmey.com