ជាតិ
សម្ដេច ស ខេង ៖ លោកស្រី រ៉ូ​ណា​ល់ ស្មី​ត ក៏​ទទួលស្គាល់ថា មតិ​មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ មិនត្រូវ​ទាំងអស់​ទេ​
13, Dec 2018 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា​ល់ ស្មី​ត ទទួលស្គាល់ថា មតិ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ផ្ដល់យោបល់​ឲ្យ​ខ្លួន​កន្លងមក គឺ​មិនត្រូវ​ទាំងអស់​នោះទេ​។ នេះ​ជា​អ្វីដែល​លោកស្រី ស្មី​ត ធ្លាប់បាន​និយាយ​ជាមួយ​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

 
​ក្នុង​ពិធី​ផ្ទេរតំណែង​អភិបាលខេត្ត​សៀមរាប​ថ្មី នៅ​ព្រឹក​ថ្ងៃទី​១៣ ធ្នូ​នេះ សម្ដេច ស ខេង បាន​លើកយក​បញ្ហា​ភាពជា​ដៃគូ​សហប្រតិបត្តិការ ប្រាប់​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​យល់​ពីអ្វី​ដែល​ហៅថា ការអនុវត្ត​ការងារ​បែប​សម្របសម្រួល​ល្អ ហើយ​មិន​ឲ្យ​ផលប៉ះពាល់​គ្នា​ទៅវិញទៅមក​។ និយាយ​ចំណុច​នេះ សម្ដេច ស ខេង ក៏បាន​លើ​បញ្ហា​ជាក់ស្ដែង ដែល​កើតឡើង​កាលពី​ថ្ងៃទី​១០ ធ្នូ នៃ​ការ​ប្រារព្វ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​កន្លងមក ដោយ​កាលណោះ​អាជ្ញាធរ បាន​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល សហជីព និង​ពលរដ្ឋ​ដង្ហែរ​ក្បួន​ឡើយ ប៉ុន្តែ​ឲ្យ​មានការ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែលមាន​កងកម្លាំង​សមត្ថកិច្ច​ឃ្លាំមើល​។​
 
​ត្រង់ចំណុច​ខាងលើនេះ សម្ដេច ស ខេង ចាត់ទុក​វា​ជាការ​អនុវត្ត​ភាពជា​ដៃគូ ជាមួយ​ភាគី​ពាក់ព័ន្ធ​ហើយ ប៉ុន្តែ​ពួកគេ​នៅតែ​មានមតិ​រិះគន់ថា អាជ្ញាធរ​មានការ​រិត​ត្បិត​សិទ្ធិ និង​គំរាមកំហែង​ពួកគេ​ទៅវិញ តាមរយៈ​ការដាក់​ពង្រាយ​អាជ្ញាធរ​នៅតាម​ផ្លូវ​សាធារណៈ និង​កន្លែង​ជួបជុំ​។ សម្រាប់​សម្ដេច ស ខេង ការរិះគន់​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែបនេះ គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​។​
 
​និយាយ​ពី​រឿងនេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​រំឭក​ដល់​ឈ្មោះ លោកស្រី រ៉ូ​ណា​ល់ ស្មី​ត អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដែល​បាន​និយាយប្រាប់​សម្ដេច​ថា លោកស្រី ទទួលស្គាល់ថា​មតិ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ផ្ដល់យោបល់​ឲ្យ​ខ្លួន​កន្លងមក គឺ​មិនត្រូវ​ទាំងអស់​នោះទេ​។​
 
​សូម​ស្ដាប់​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៖




 
​គួរ​បញ្ជាក់ថា លោកស្រី រ៉ូ​ណា​ល់ ស្មី​ត បានមក​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ខែវិច្ឆិកា​កន្លងមក ដោយ​លោកស្រី បាន​ចំណាយពេល​ជាច្រើន​ថ្ងៃ ក្នុង​ការដើរ​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិ​បាល អ្នកនយោបាយ និង​មន្ត្រី​អង្គការ​ស៊ីវិល ដើម្បី​ចង់ដឹង​រឿងរ៉ាវ និង​ព័ត៌មាន​ជុំវិញ​ស្ថានការណ៍​ប្រទេស​កម្ពុជា​។ បញ្ហា​ដែល​លោកស្រី ស្មី​ត លើក​យកទៅ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងនោះ ភាគច្រើន​ផ្ដោតទៅលើ​បញ្ហា​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​៕ 
 
 

Tag:
 ស ខេង​
  រ៉ូ​ណា​ល់ ស្មី​ត
© រក្សាសិទ្ធិដោយ thmeythmey.com