ជាតិ
២៥ខេត្ត/រាជធានី
អ្នកស្រី សុខ ទាង លក់​នំ​ពពារ​ចល័ត​តាម​ខេត្ត ដែល​អាច​រកចំណូលបាន​១០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​
16, Dec 2018 , 1:59 pm        
រូបភាព
ដោយ:
​កំពង់ចាម​៖ អ្នកស្រី សុខ ទាង អាយុ​៣៥​ឆ្នាំ លក់​នំ​ពពារ​ចល័ត​នៅក្នុង​ការតាំងពិព័រណ៍​តាម​បណ្តាល​ខេត្ត​នានា ដោយ​អាច​រកចំណូលបាន​១០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។​


 
​អ្នកស្រី សុខ ទាង បាន​ប្រកបមុខរបរ​លក់​នំ​ពពារ​អស់​រយៈពេល ៣​ឆ្នាំ​មកហើយ​។ មិន​ថា​នៅ​កន្លែង​តាំងពី​ព័រ​ណ៌​នៅតាម​ខេត្ត ឬ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ទេ និយាយ​ជារួម​គឺ​ស្ទើរ​ទូទាំងប្រទេស​កម្ពុជា គឺ​អ្នកស្រី សុង ទាង តែងតែ​យក​ផលិតផល​នំ​ពពារ​ខ្លួន យកទៅដាក់​លក់​ហើយ​។ សម្រាប់​នំ​ពពារ​មួយ​អ្នកស្រី​លក់​ក្នុងតម្លៃ ២​ពាន់​រៀល ដោយ​ក្នុង​មួយថ្ងៃ អ្នកស្រី​អាច​រកចំណូលបាន​ចន្លោះ​ពី ៨​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល​។ អ្នកស្រី​ចាប់ផ្តើម​លក់​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង​១១​យប់​។
 
​ស្ត្រី​វ័យ ៣៥​ឆ្នាំ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« នំ​ពពារ​នេះ​គឺ​ខ្ញុំ មិនបាន​ទៅ​ហាត់រៀន​ធ្វើ​មកពីណា​ទេ​គឺ​ខ្ញុំ​ឃើញ​គេ​លក់​ហើយ​ខ្ញុំ​ក៏​គិតថា បើ​ខ្ញុំ ធ្វើ​នំ​ពពារ​នេះ​លក់​នៅក្នុង​ការតាំងពិព័រណ៍​តាម​បណ្តាល​ខេត្ត ខ្ញុំ​នឹង​អាច​រក​ចំណូល​បន្ថែមទៀត​សម្រាប់​ជួយ​គ្រួសារ​។ ខ្ញុំ​ពិតជា​សប្បាយរីករាយ​ក្នុង​ការលក់​នំ​ពពារ​នេះ​ណាស់​ព្រោះ​ខ្ញុំ​អាច​យកនំ​ខ្មែរ​មួយ​ប្រភេទ​នេះ ឲ្យ​កូន​ខ្មែរ​បាន​ស្គាល់​នំ​ដែលជា​របស់​ខ្មែរ​»​។​
 
​អ្នកស្រី សុខ ទាង អាច​លក់​នំ​ពពារ​បាន​ច្រើន​ឫ​តិច គឺ​អាស្រ័យទៅលើ អាកាសធាតុ និង​ចំនួន​ន​មនុស្ស​ដែល​ចូលមក​មើល​ការតាំងពិព័រណ៍​ក្នុង​ខេត្ត​នីមួយៗ​។ បើសិនជា​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​នោះ វា​ក៏​ជា​ហេតុផល​ច្បាស់​ណាស់ ដែល​ធ្វើ​ឲ្យ​អ្នកស្រី មិនអាច​លក់​នំ​ពពារ​ដាច់​ឡើយ ព្រោះ​មិនសូវមាន​អ្នក​មក​មើល​ការតាំងពិព័រណ៍​។​
 
​និយាយ​ពី​គ្រឿងផ្សំ​នៃ​នំ​ពពារ​វិញ អ្នកស្រី ទាង បាន​ប្រើប្រាស់​ធាតុ​ផ្សំ មានដូចជា ម្សៅ​អង្ករ ស្ករ​ទាញ ល្ងរ ដូង និង​ទឹកដោះគោ​ខាប់ ។ ចំពោះ​ស្ករ​ទាញ និង សំបក​នំ​ពពារ ស្ត្រី​វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​កម្មង់​ទិញ​ពី​ខាង​រាជធានី​ភ្នំពេញ ដោយ​ប្រាប់​ឲ្យ​គេ​ផ្ញើ​តាម​ឡាន មក​តាម​បណ្តាល​ខេត្ត ដែល​អ្នកស្រី​កំពុង​លក់​នំ​ពពារ​នេះ​៕

 

Tag:
 នំ​ពពារ​
 ​តាំងពិព័រណ៍​
 ​កំពង់ចាម​
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com