កីឡាជាតិ
ជាតិ
កីឡាការិនី ហេង ស៊ីវ​ឡាង​៖ ការ​ជិះ​កង់​ធ្វើ​ឲ្យ​ស្ត្រី​មាន​ស្មារតី​រឹងមាំ​មិន​ចាញ់​បុរស​
15, Dec 2018 , 10:59 am        
រូបភាព
ដោយ:
​ម្ចាស់​មេដាយមាស​អាស៊ី​នៅ​មី​យ៉ាន់​ម៉ា កីឡាការិនី ហេង ស៊ីវ​ឡាង បាន​អះអាងថា កីឡា​ប្រណាំង​កង់​ជួយ​ឲ្យ​មនុស្ស​មាន​សុខ​ភាពល្អ និង​កាយសម្បទា​រឹងមាំ ពិសេស​ជួយ​ឲ្យ​ស្ត្រី​មាន​ស្មារតី​រឹងមាំ និង​រហ័សរហួន​ក្នុងការ​ប្រឈម​និង​ដោះស្រាយ​បញ្ហា​។ អតីត​កីឡាការិនី​ប្រណាំង​កង់​ជម្រើសជាតិ​រូបនេះ សង្កេតឃើញថា បច្ចុប្បន្ន​វិស័យ​កីឡា​ប្រណាំង​កង់​នៅ​កម្ពុជា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ តែ​ហាក់​ខ្សត់ខ្សោយ​កីឡាការិនី​។

  
 
​សម្រាប់​កីឡាការិនី ហេង ស៊ីវ​ឡាង អតីត​កីឡាការិនី​ប្រណាំង​កង់​ជម្រើសជាតិ ការ​ជិះ​កង់​មិន​ត្រឹមតែ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ និង​បង្កើត​មិត្តភាព និង​ទំនាក់ទំនង​ល្អ​ក្នុងសង្គម​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​មាន​ស្មារតី​រឹងមាំ និង​រហ័សរហួន​ទៀតផង​។ លើ​ល​ពីនេះ វា​ជួយ​អភិវឌ្ឍន៍ និង​ពង្រឹងស្មារតី​ស្ត្រី​ឲ្យ​រឹងមាំ​មិន​ចាញ់​បុរស​ឡើយ ពេល​ប្រឈម​នឹង​ឧបសគ្គ​នានា​។ មួយវិញទៀត វា​ជួយ​ឲ្យ​មានចិត្ត​ក្លាហាន មិន​រារែក​ក្នុងការ​ចិត្ត ដើម្បី​ធ្វើ​អ្វីមួយ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ការប្រកប​របរ​ផ្សេងៗ​។ 


 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​កាល​ពេល​ថ្មីៗ​កី​ឡ​ការិនី ហេង ស៊ីវ​ឡាង បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ក្រៅពី​ការប្រកួតប្រជែង កីឡា​ជិះ​កង់​នាំមក​នូវ​សុខភាព មិត្តភាព និង​ជួយ​ឲ្យ​គាត់​រហ័សរហួន ពិសេស​មាន​ស្មារតី​រឹងមាំ​ក្នុងការ​ដោះស្រាយ​បញ្ហា​ពេល​ប្រឈម​ជាមួយ​ឧបសគ្គ​ម្តងៗ​។ បើ​គាត់​មានការ​ចូលរួម និង​ប្រកួតប្រជែង គឺ​ក្នុង​ការរស់នៅ​របស់គាត់​ក៏​ដូចគ្នា គឺ​គាត់​មិនមាន​ការរារែក​ចិត្ត​ក្នុង​ការធ្វើ​អ្វីមួយ និង​ជួយ​ជំរុញ​ទឹកចិត្ត​គាត់​ឲ្យ​កាន់តែ​ក្លាហាន​ថែមទៀត​»​។​


 
​ទោះបី​កីឡា​ប្រណាំង​កង់​កំពុងមាន​ប្រជាប្រិយ និង​ពេញនិយម​សម្រាប់​កីឡាករ​កីឡាការិនី និង​មហាជន​ជិះ​កម្សាន្ត​ដើម្បី​សុខភាព​ក៏ដោយ តែ​គេ​សង្កេតឃើញ​ហាក់​ខ្សត់ខ្សោយ​កីឡាការិនី​ចូលរួម​នៅឡើយ​។ បើតាម​អតីត​កីឡាការិនី​ជម្រើសជាតិ​ខាងលើ បញ្ហា​នេះ​អាច​បណ្តាលមកពី​កត្តា​ជីវភាព​កីឡាករ ស្ថានភាព​គ្រួសារ និង​កត្តា​សង្គម​ជាដើម​។  


 
«​តាមពិតទៅ​ភាគច្រើន​កីឡាការិនី​គាត់​ចង់​ហាត់ តែដោយសារ​ស្ថានភាព​គ្រួសារ​គាត់ ជួនកាល​មកពី​ឪពុកម្តាយ ការសិក្សា និង​គ្មាន​ការជំរុញ​និង​លើកទឹកចិត្ត​ពី​ក្រុមគ្រួសារ​ជាដើម​។ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​ឪពុកម្តាយ ក៏ដូចជា​បងប្អូន និង​បណ្តា​ក្លិប​ផ្សេងៗ​ជួយ​គាំទ្រ និង​បណ្តុះបណ្តាល​កីឡាការិនី​ឲ្យ​បាន​ច្រើន​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​កីឡាការិនី ហេង ស៊ីវ​ឡាង ក្រោយ​ការប្រកួត​កីឡា​ប្រណាំង​កង់​ភ្នំ Cambodia MTB Series ជុំ​ចុងក្រោយ​នៅ​គីរីរម្យ​កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៨​។​


 
​ទន្ទឹមនឹងនេះ ម្ចាស់​មេដាយមាស​អាស៊ី​ប្រចាំ​ព្រឹត្តិការណ៍ 2018 Asia Road & Para Cycling Championships នៅ​មី​យ៉ាន់​ម៉ា កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៨ រូបនេះ សង្កេតឃើញថា ចំនួន​កីឡាការិនី​ចូលរួម​លេង​កីឡា​ប្រណាំង​កង់​មាន​កើនឡើង​បើ​ធៀប​នឹង​ជំនាន់​អ្នកស្រី​។ ប៉ុន្តែ បើ​មើល​ពី​សមត្ថភាព​កីឡាការិនី​ទាំងនោះ ហាក់​នៅមានកម្រិត​នៅឡើយ​។ អ្នកស្រី ស៊ីវ​ឡាង សង្កេតឃើញថា បច្ចុប្បន្ន​មានតែ​កីឡាការិនី​ពីររូប​ប៉ុណ្ណោះ ដែលមាន​សមត្ថភាព​អាច​ប្រកួតប្រជែង​ជាមួយ​កីឡាការិនី​ក្នុង​តំបន់​អាស៊ាន​បាន​។ 


 
​សម្រាប់​ការប្រកួត​កង់​ភ្នំ Cambodia MTB Series ជុំ​ចុងក្រោយ​នៅ​គីរីរម្យ បាន​ទាក់ទាញ​កីឡាករ​កីឡាការិនី​ជាតិ​និង​អន្តរជាតិ​ជិត​៣០០​នាក់​ចូលរួម​។ ចំនួន​នេះ​មានការ​កើនឡើង​ស្ទើរ​ទ្វេដង​បើ​ធៀប​នឹង​ជុំ​ទី​៤ ដែល​រៀបចំ​នៅ​ភ្នំ​ប្រសិទ្ធិ៍ ដែលមាន​ប្រមាណ​ជា​១៥០​នាក់​។ ការកើនឡើង​ចំនួន​អ្នកចូលរួម​ជា​ជោគជ័យ​មួយ អ្វីដែល​កាន់តែ​ពិសេស​ភាគច្រើន​នៃ​អ្នកចូលរួម គឺជា​យុវជន ដែល​ស្របតាម​ទិសដៅ​របស់​សហព័ន្ធ ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​។​


 
​ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ព្រឹត្តិការណ៍​នេះ លោក​ឧកញ៉ា វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​បានបង្ហាញ​ពី​គម្រោង​ពង្រីក​ព្រឹត្តិការណ៍​នេះ​ឲ្យ​កាន់តែ​ធំ​នៅ​ឆ្នាំក្រោយ ដោយ​គ្រោង​រៀបចំ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ជាច្រើន​ទៀត​។ អគ្គលេខាធិការ​រូបនេះ​បន្ថែមថា គម្រោង​នេះ​អាច​ដំណើរការ​ទៅបាន លុះត្រា​មានការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ដៃគូ​សហការ ពិសេស​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រិ​ជី​ស ដែលជា​អ្នក​ឧបត្ថម្ភ​នៅ​ឆ្នាំនេះ​។ តែបើ​ពុំមាន​ការឧបត្ថម្ភ​បន្ថែម​ទេនោះ ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​មួយឆ្នាំ​៥​ជុំ​ដដែល​។​


 
​ឆ្លើយតប​នឹង​ការលើកឡើង​នេះ លោក Michael Sovann ដែលជា​ប្រធាន​ផ្នែក​កម្មវិធី នៃ​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រិ​ជី​សបាន​បញ្ជាក់ថា លោក​នឹង​ពិនិត្យមើល​ពី​លទ្ធភាព​ក្នុងការ​បំប៉ោង​ទំហំ​ទឹកប្រាក់​ឧបត្ថម្ភ​នៅ​ឆ្នាំក្រោយ​។ តែ​យ៉ាងណា​អ្នកតំណាង​រូបនេះ​បានបង្ហាញ​ពី​ជំហរ ចង់​ពង្រីក​ព្រឹត្តិការណ៍​នេះ​ឲ្យ​កាន់​ឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​កីឡាករ និង​សហព័ន្ធ​។   


 
«​យើង​នឹង​មើល​ពី​លទ្ធភាព​ក្នុងការ​បំប៉ោង​កញ្ចប់​ថវិកា​ឧបត្ថម្ភ ព្រោះ​យើង​ចង់​ធ្វើ​ឲ្យ​កម្មវិធី​នេះ​កាន់តែ​ធំ​ទៅៗ ពី​១​ឆ្នាំទៅ​១​ឆ្នាំ ដើម្បី​លើកទឹកចិត្ត​ឲ្យ​សហព័ន្ធ ក៏ដូចជា​អត្ត​ព​លិ​ក អាច​ពង្រឹងសមត្ថភាព​បាន​កាន់តែ​ប្រសើរ​ថែមទៀត សម្រាប់​ត្រៀម​ការប្រកួត​នានា​នៅលើ​ឆាក​អន្តរជាតិ​។ យើង​នឹង​បន្ត​ឧបត្ថម្ភ​ដល់​សហព័ន្ធ ក្នុង​ការរៀបចំ​កម្មវិធី​នេះ​នៅ​ឆ្នាំក្រោយ​ទៀត​»​។ នេះ​ជាការ​លើកឡើង​របស់លោក Michael sovann​។​


 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​៥​ជុំ ដោយ​ជុំ​ទី​១​ធ្វើ​នៅ​ព្រែកលៀប​, ទី​២​នៅ​ខេត្ត​កែប​, ទី​៣​ភ្នំ​ជាល​ខេត្តកំពង់ស្ពឺ​, ទី​៤​នៅ​ភ្នំ​ប្រសិទ្ធិ៍ និង​ជុំ​ទី​៥​នៅ​គីរីរម្យ កីឡាករ​ជម្រើសជាតិ យឿន ភី​យុទ្ធ គ្រង​ជើងឯក​លើ​វិញ្ញាសា​ក្រុម​ជំនាញ​ខ្លាំង​បំផុត​(A1)​ប្រចាំឆ្នាំ​២០១៨ និង​លេខ​២​បាន​ទៅ​កីឡាករ គីម ចាន់ធូ និង​លេខ​៣ សាំង សីហា ខណៈ​ពួកគេ​ទាំង​៣​មកពី​ក្លិប​កង់​ហោះ​ដូចគ្នា​។​


 
​ចំណែក​កីឡាករ​ជើងចាស់ Pierre Yves Catry បាន​ក្លាយជា​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​ក្រុម​ជំនាញ​ខ្លាំង​(A2)​អាយុ​៣០​ឆ្នាំ​ឡើង រីឯ​លេខ​២​បាន​ទៅ​កីឡាករ ប៊ុត ជឿន និង​លេខ ៣ បាន​ទៅ​កីឡាការិនី ហេង ស៊ីវ​ឡាង​។ សម្រាប់​វិញ្ញាសា​ក្រុម​ជំនាញ​មធ្យម​អាយុ​ពី​១៥-២៩​ឆ្នាំ​(B1)​ម្ចាស់​ជើងឯក​បាន​ទៅ​កីឡាករ រិ​ន បូរិទ្ធ លេខ​២ សាន ណា​ម៉ា​វ និង​លេខ​៣ វន សា​វីន​។ ចំណែក​វិញ្ញាសា​ក្រុម​ជំនាញ​មធ្យម​អាយុ​៣០​ឆ្នាំ​ឡើង​(B2) លេខ​១​បាន​ទៅ រិ​ន សុគន្ធ និង​លេខ​២​បាន​ទៅ​កីឡាករ វង្ស ឈី​វ​ឈូ​វ​៕  




 

Tag:
 ប្រណាំង​កង់​
  ហេង ស៊ីវ​ឡាង​
  វង់ ខាន់​ពៅ​
© រក្សាសិទ្ធិដោយ thmeythmey.com