កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ រកឃើញ​៣២​ក្រុម ហើយ​ត្រូវ​ចាប់ឆ្នោត​រើស​គូ​នៅ​ស្នាក់ការ​កណ្តាល UEFA
14, Dec 2018 , 11:57 am        
រូបភាព
​បន្ទាប់ពី​បញ្ចប់​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​លពី A ដល់ L ទាំង​៤៨​ក្រុម នៃ​ក្របខណ្ឌ UEFA Europa League នា​រាត្រី​ថ្ងៃទី​១៣ ខែធ្នូ សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប UEFA បាន​រកឃើញ​ក្រុម​ចំនួន​២៤ រួមជាមួយ​៨​ក្រុម​ដែល​ធ្លាក់​ពី Champions League ដើម្បី​ឈានទៅ​ប្រជែង​នៅ​វគ្គ​៣២​ក្រុម​ចុងក្រោយ​។​


 
​ការចាប់​ឆ្នោត​រើស​គូ វគ្គ​៣២​ក្រុម​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខណ្ឌ​លំដាប់​ទី​២​អឺរ៉ុប នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ​២០១៨ នៅឯ​ទីស្នាក់ការ​កណ្តាល UEFA ដែល​ស្ថិតក្នុង​ក្រុង Nyon ប្រទេស​ស្វី​ស បន្ទាប់ពី​ការចាប់​ឆ្នោត​រើស​គូ វគ្គ​១/៨​ផ្តាច់ព្រ័ត្រ Champions League រួចរាល់​។​


 
​ដំណើរការ​ចាប់ឆ្នោត​វគ្គ​៣២​ក្រុម Europa League ក៏​មិន​ខុសពី​ការចាប់​ឆ្នោត Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​ដែរ ដោយ​ត្រូវ​ចែកជា​ពីរ​ក្រុម​។ ក្រុមទី​១ សម្រាប់​ក្រុម​ដែល​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​ពី​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​ចំនួន​១២​ក្រុម រួមជាមួយ​ក្រុម​៤ ដែល​ធ្លាក់​ពី UCL ដែលមាន​ពិន្ទុ​ល្អ​ជាងគេ​។ ចំណែក​ក្រុមទី​២ សម្រាប់​ក្រុម​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ទី​២ ពី​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​ចំនួន​១២​ក្រុម រួមជាមួយ​ក្រុម​៤ ដែល​ធ្លាក់​ពី UCL​។ ក្រុមទី​១ នឹងត្រូវ​ចាប់ឆ្នោត​ប៉ះ​ក្រុមទី​២​ដែល​ស្ថិតក្នុង​ពូ​ល​ផ្សេងទៀត​កាលពី​លេង​វគ្គ​សន្សំ​ពិន្ទុ​។​
 
​ក្រុម​១ មាន​៖ Arsenal, Benfica*, Betis, Chelsea, Dinamo Zagreb, Dynamo Kyiv, Frankfurt, Genk, Internazionale Milano*, Leverkusen, Napoli*, Salzburg, Sevilla, Valencia*, Villarreal និង Zenit​។​
 
​ក្រុម​២ មាន​៖ BATE Borisov, Celtic, Club Brugge*, Fenerbahçe, Galatasaray*, Krasnodar, Lazio, Malmö, Olympiacos, Rapid Wien, Rennes, Slavia Praha, Sporting CP, Shakhtar Donetsk*, Viktoria Plzeň* និង Zürich​។​
 
​ការប្រកួត​ជើង​ទី​១​សម្រាប់​វគ្គ​៣២​ក្រុម​ចុង​ក្រោយនេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ហើយ​ជើង​ទី​២ នឹងត្រូវ​ធ្វើឡើង​នៅ​សប្តាហ៍​បន្ទាប់​៕

Tag:
 បាល់ទាត់​
  UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com