ភ្នាក់ងារស្រាវជ្រាវយុទ្ធសាស្ត្រទីផ្សារ Euromonitor International បានចេញរបាយការណ៍សិក្សាមួយស្តីពីទីក្រុងកំពូលទាំង១០០លើលោក ដែលមានចំនួនអ្នកទស្សនាច្រើនជាងគេនៅឆ្នាំ២០១៨ (Top 100 City Destinations 2018)។
Euromonitor បានធ្វើការគណនាផ្ទាល់ខ្លួនដោយផ្អែកតាមព័ត៌មាននៃការទៅដល់របស់អ្នកដំណើរអន្តរជាតិនៅតាមអាកាសយានដ្ឋានអន្តរជាតិ និងនៅតាមច្រកព្រំដែននានា។ លទ្ធផលជារួមបង្ហាញថា ទេសចរមានកំណើនក្នុងរង្វង់៥ភាគរយ។
ហុងកុង ឡុងដ៍ សិង្ហបុរី និងប៉ារីស ស្ថិតក្នុងចំណោមក្រុងដែលមានអ្នកទស្សនាច្រើនជាងគេលើលោក ប៉ុន្តែក្នុងអំឡុងឆ្នាំ២០១៨ ទីក្រុងទាំងនេះ មិនស្ថិតក្នុងចំណោមក្រុងទាំង២៤ដែលមានកំណើនអ្នកទស្សនាអន្តរជាតិច្រើននោះឡើយ។
ហ្ស៊េរុយសាឡិម (អ៊ីស្រាអែល) ជាក្រុងដែលមានកំណើនអ្នកទស្សនាច្រើនជាងគេនៅឆ្នាំ២០១៨ ជាមួយនឹងកំណើន៣៧,៥ភាគរយ បន្ទាប់មកមានក្រុងឥណ្ឌាចំនួន៣ គឺ Chennai កើន៣០,៤ភាគរយ Agra កើន២៤,៣ភាគរយ និង ដេលី កើន២៣,១ភាគរយ។
ក្រុងផ្សេងទៀតដែលស្ថិតក្នុងចំណោម Top 10 មាន Punta Cana (សាធារណរដ្ឋដូមីនិក), ម៉ុបបៃ (ឥណ្ឌា), តែលអាវីវ (អ៊ីស្រាអែល), Santiago (ស៊ីលី), ប៉ាតាយ៉ា (ថៃ) និង Denpasar (ឥណ្ឌូណេស៊ី) ដែលមានកំណើនពី១៩,៣ភាគរយ មក១៥,២ភាគរយ។
ក្រុងដែលមានកំណើនអ្នកទស្សនាចន្លោះពី១៤ភាគរយ មក១១,៥ភាគរយ រួមមាន Johor Bahru (ម៉ាឡេស៊ី), អ៊ីស្តង់ប៊ុល (តួកគី), អូសាកា (ជប៉ុន), មូស្កូ (រុស្ស៊ី), ហ្សាការតា (ឥណ្ឌូណេស៊ី), ហាឡុង (វៀតណាម), Batam (ឥណ្ឌូណេស៊ី) និង គែរ (អេហ្ស៊ីប)។
តាមការសិក្សារបស់ Euromonitor ភ្នំពេញមានអ្នកទស្សនាជាង៣,៤លាននាក់នៅឆ្នាំ២០១៨ នោះ ស្ថិតនៅលេខរៀងទី២០ ជាមួយក្រុង Saint Petersburg របស់រុស្ស៊ី ដោយមានកំណើន១១ភាគរយ ខណៈសៀមរាបដែលមានអ្នកទស្សនាជាង២,៧លាននោះ ស្ថិតនៅលេខរៀងទី២២ ជាមួយក្រុងលីម៉ារបស់ប៉េរូ និងមែលប៊ន របស់អូស្ត្រាលី ដោយមានកំណើន១០ភាគរយ៕