ជាតិ
២៥ខេត្ត/រាជធានី
សម្តេច ហ៊ុន សែន​៖ គម្រោង​ធំៗ​របស់​ចិន​អាច​ប្រែក្លាយ​កោះកុង​ជា​តំបន់​អភិវឌ្ឍ​ជា​បន្តបន្ទាប់​
14, Dec 2018 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តកោះកុង​ជា​តំបន់​ដែលមាន​សក្តានុពល​ខ្លាំង​ទាំង​វិស័យ​ទេសចរណ៍ និង​ការអភិវឌ្ឍ​ទៅជា​តំបន់ឧស្សាហកម្ម​។ នេះ​បើតាម​ការសរសេរ​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នា​ថ្ងៃ​សុក្រ ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨​។​

 
​សម្តេច ហ៊ុន សែន បានលើកឡើង​ពី​កត្តា​ភូមិសាស្ត្រ​អំណោយផល​របស់​ខេត្តកោះកុង​ដែលមាន​ព្រំប្រទល់​ជាប់​ខេត្ត​ព្រះសីហនុ ជាពិសេស​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ ដែលជា​ច្រក​ដ៏​សំខាន់​មួយ​ក្នុង​ការនាំ​ទំនិញ​ចេញចូល​ផងដែរ ហើយ​អ្វីដែល​ពិសេស​នោះ វិនិយោគិន​ចិន​បាន​ចំណាយលុយ​រាប់លាន​ដុល្លារ ដើម្បី​វិនិយោគ​គម្រោង​អភិវឌ្ឍ​ធំៗ​នៅ​ខេត្ត​នេះ​ផងដែរ​។​
 
 
«​គម្រោង​ធំៗ​របស់​ចិន​ដែល​អាច​ប្រែក្លាយ​ខេត្ត កោះកុង​ជា​តំបន់​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ជាក់ស្តែង​ដូចជា​គម្រោង​ទីក្រុង​វិស្សមកាល​ទេសចរណ៍​តារា​សាគរ​នេះ​ជាដើម ដែល​បាន​ប្រមូលផ្តុំ​ចំរុះ​ទៅដោយ ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ សណ្ឋាគារ​ផ្កាយ​៥ ខុន​ដូរ បឹង​កា​ឡូ អគារ​ការិយាល័យ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទីលាន​វាយកូនគោល និង​សួន​កំសាន្ត​ខ្នាត​អន្តរជាតិ ជាដើម​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​សម្តេច​បាន​បន្ថែមថា គម្រោង​ក្រុង​វិស្សមកាល​ទេសចរណ៍​នៅ​ខេត្តកោះកុង​ដ៏​ធំ​បែបនេះ នឹង​កាន់តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​កាន់តែច្រើន​ថែមទៀត​មកកាន់​កម្ពុជា ហើយនឹង​មានការ​សាងសង់​សណ្ឋាគារ​កាន់តែច្រើន​បន្ថែ​ម​ទៀត​ដើម្បី​បំពេញតម្រូវការ​ភ្ញៀវទេសចរ​នាពេលខាងមុខ​។​
 
​បើតាម​សម្តេច ហ៊ុន សែន ខេត្តកោះកុង​កំពុង​ប្រែ​ក្លាយខ្លួនជា​តំបន់​អភិវឌ្ឍ​មួយ​កាន់​តែមាន​សក្តានុពល តាមរយៈ​គម្រោង​អភិវឌ្ឍ​របស់​ចិន​។ ជាពិសេស​រាជរដ្ឋាភិបាល​កំពុងត​ភ្ជាប់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត ធ្វើយ៉ាងណា​ឱ្យ​តំបន់​នេះ មាន​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​៕

Tag:
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com