ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រតិបត្តិ​ករ​ទេសចរណ៍ កំពុង​បារម្ភ និង​រក​ដំណោះស្រាយ​រឿង​ទេសចរ​អឺរ៉ុប​ធ្លាក់ចុះ​
15, Dec 2018 , 7:59 pm        
រូបភាព
​សៀមរាប​៖ វិស័យ​ទេសចរណ៍ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង និង​បានរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​បាន​មួយកម្រិត​ធំ​។ ខេត្តសៀមរាប​ជា​ខេត្ត​ទេសចរណ៍​លេខ​មួយ​នៅ​កម្ពុជា​។ ខុសពី​រាល់​ឆ្នាំ ទេសចរ​អឺរ៉ុប​ដែល​គេ​មើលឃើញថា​បានមក​កម្សាន្ត​ខេត្តសៀមរាប​ច្រើន​គេ​នោះ បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​។ ការណ៍​នេះ បានធ្វើឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ពិសេស​អ្នករកស៊ី​ផ្នែក​សណ្ឋាគារ​មិនសូវ​សប្បាយចិត្ត ដ្បិត​ចំណូល​ធ្លាក់ចុះ ឯ​ខ្លះទៀត​ក៏​ខាតបង់​ច្រើន​ផងដែរ​។ ពួកគេ​បានរៀបចំ​ការប្រជុំ​មួយ ដើម្បី​ពិភាក្សា និង​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អុីសា រ៉​ហា​នី ដូចតទៅ​៖



 
​និយាយ​ពី​វិស័យ​ទេសចរណ៍ នោះគេ​នឹង​នឹក​ដល់​ខេត្តសៀមរាប​។ ដោយ​សម្បូរ​នូវ​ប្រាង្គ​ប្រាសាទបុរាណ សៀមរាប​តែង​ទទួលបាន​ទេសចរ​មក​កម្សាន្ត​ច្រើនជាងគេ បើ​ធៀប​នឹង​ខេត្ត​ដទៃទៀត​របស់​កម្ពុជា​។ ការណ៍​នេះ បានធ្វើឱ្យ​ខេត្ត​នេះ​មាន​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ក៏​លើសគេ​ដែរ​។ 
 
​នា​រយៈពេល​ចុងក្រោយ​នេះ ដោយសារ​ការប្រកួតប្រជែង​ផ្នែក​សេវាកម្ម​កាន់តែខ្លាំង​រវាង​ប្រទេសជិតខាង និង​លើ​ពិភពលោក ក៏ដូចជា​បញ្ហា​មួយចំនួន​ក្នុងប្រទេស អាចជា​មូលហេតុ​ដែល​ធ្វើឱ្យ​ការកម្សាន្ត​មួយចំនួន មានការ​ប្រែប្រួល​។ ប្រែប្រួល​ត្រង់​ថា ទេសចរ​ប្រទេស​មួយចំនួន​មានការ​ធ្លាក់ចុះ តែ​បាន​កើនឡើង​ទេសចរ​ជនជាតិ​ដទៃ​ដែល​ចូល​ជំនួស​ទេសចរ​ទាំងនោះ​វិញ​។​


 
​ទេសចរ​អឺរ៉ុប គឺ​ត្រូវបាន​គេ​មើលឃើញថា មាន​បរិមាណ​ច្រើន​ដែល​មក​កម្សាន្ត​ខេត្តសៀមរាប ហើយ​ទេសចរ​ជនជាតិ​នេះ ក៏​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​រកចំណូលបាន​ច្រើន​ផងដែរ ព្រោះថា​ពួកគេ​បាន​ចាយវាយ​ច្រើន​អំឡុងពេល​កម្សាន្ត​។ ការធ្លាក់ចុះ​នៃ​ចំនួន​ទេសចរ​អឺរ៉ុប ធ្វើឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ព្រួយបារម្ភ​។​
 
​លោក កៅ ហ្វី​លី​ព ប្រធាន​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប លើកឡើងថា​រៀងរាល់ឆ្នាំ​ឱ្យតែ​ដល់​ខែ​១០ ខែ​១១ គឺ​ម្ចាស់​អាជីវកម្ម​ទាំងអស់​តែងមាន​ស្នាមញញឹម ព្រោះ​ពួកគេ​គិតថា​ជា​ពេលដែល​អាជីវកម្ម​ពួកគេ​ចំណេញ​ច្រើន តែ​សម្រាប់​ឆ្នាំនេះ ការរំពឹងទុក​នោះ​ខុសពី​ការពិត​។​
 
​ក្នុងជំនួប​កាលពី​ចុងខែ វិច្ឆិកា នៅ​សណ្ឋាគារ សូលី​ទែ​រ ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​មិនទាន់​ទាញ​មូលហេតុ​ជាក់លាក់​ណាមួយ​ពី​ការធ្លាក់ចុះ​ភ្ញៀវទេសចរ​អឺរ៉ុប​នៅឡើយ​។ ដ្បិតថា ភ្ញៀវ​អឺរ៉ុប​ធ្លាក់ចុះ​ក៏ដោយ តែ​តួលេខ​ទេសចរ​ចិន​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​។ យ៉ាងណា​លោក ហ្វី​លី​ព យល់ថា​នៅ​ចំពោះមុខ​នេះ គេ​គួរតែ​រួមគ្នា​ដើម្បី​សិក្សា ថា​តើ​ចំណូល​ពី​ទេសចរ​ជនជាតិ​ចិន មាន​សមតុល្យ​គ្នា​ទៅនឹង​ទេសចរ​អឺរ៉ុប​ដែរឬទេ​។​


 
«​ការធ្លាក់ចុះ​នៃ​ចំនួន​ទេសចរ វា​ជា​ការពិត ហើយ​វា​គ្មានអ្វី​ជា​អាថ៌កំបាំង​ទេ​នៅក្នុង​វិស័យនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក លួ​ន ធា អ្នកគ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ ហ្គោល​ដិ​ន ថែម​ផល​។ សម្រាប់​លោក លួ​ន ធា អាចមាន​មូលហេតុ​មួយចំនួន​ដូចជា បរិ​យា​កាល​នៅ​ខាងក្រៅ​ប្រទេស​ដែល​ប៉ះពាល់​មួយចំណែក​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​។ លោក​ក៏​កត់សម្គាល់​ឃើញថា ការ​កក់​បន្ទប់​នៅ​ឆ្នាំនេះ​របស់​ភ្ញៀវទេសចរ​ក៏​ខុសប្លែក​ពី​រាល់​ឆ្នាំ​ដែរ គឺមាន​ការ​កក់​រយៈពេល​ខ្លី និង​ក៏មាន​ការ​លុប​បន្ទប់​ច្រើន​ដែរ​។ មួយ​ចំណុច​ទៀត​របស់លោក លួ​ន ធា ដែល​អាច​ថា​ជា​មូលហេតុ​ដែរនោះ គឺ​កង្វះ​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ស្រុក​ខ្មែរ​ទៅ​ក្រៅប្រទេស​។​
 
​សម្រាប់​លោក លួ​ន ធា ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា ហាក់ដូច​កូនក្រមុំ​មួយរូប​ដែលមាន​ការអៀនខ្មាស​ច្រើន ដោយ​មិន​បង្ហាញខ្លួន​ឱ្យ​អ្នកណា​ឃើញ​សោះ​។ លោក​ចង់ឱ្យ​ក្រសួងទេសចរណ៍​គួរ​ធ្វើការ​ងារ​នេះ​ឱ្យបាន​ច្រើន ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ ពីស​ក្កា​នុព​ល​ទេសចរណ៍​ដ៏​អស្ចារ្យ​របស់​កម្ពុជា​។ 
 
​ពេលដែល​បញ្ហា​នៅ​ចំពោះមុខ​ដោយសារ​ទេសចរ​ធ្លាក់ចុះ​បែបនេះ សម្រាប់​លោក ហ្វី​លី​ព ដែលជា​ប្រធាន​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប គឺ​លោក​នឹង​ព្យាយាម​រក​ដំណោះស្រាយ និង​ជួប​វិស័យ​ពាក់ព័ន្ធ​នានា​ដើម្បី​រក​ដំណោះស្រាយ​សមស្រប​ណាមួយ​។ លោក​ថា គេ​គួរ​មាន​យុទ្ធសាស្ដ្រ​បែបណា ពង្រីក​លំហូរ​ទេសចរ​ណ៍​មកកាន់​ខេត្តសៀមរាប​ឱ្យបាន​កាន់តែច្រើន​។​


 
​ដូច​លើកឡើង​ខាងលើ​អ៊ីចឹង ទេសចរ​អឺរ៉ុប​ធ្លាក់​ក៏ពិតមែន តែ​វា​បាន​កើន​ចំនួន​ទេសចរ​ចិន​មកកាន់​ខេត្តសៀមរាប​។ តែ​យ៉ាងណា ប្រតិបត្តិ​ករ​ទេសចរណ៍​យល់ថា ចំណូល​ពី​ទេសចរ​ពីរ​ប្រភេទ​នេះ​មិនទាន់មាន​ភាព​សមតុល្យ​គ្នា​នៅឡើយ​។ សម្រាប់​លោក លួ​ន ធា កំណើន​ទាំងនោះ​មិនទាន់មាន​ភាព​សមាមាត្រ​គ្នា​ទៅនឹង​ចំនួន​បន្ទប់​ស្នាក់​នៅក្នុង​ខេត្តសៀមរាប ព្រោះថា​វា​មាន​កំណើន​ច្រើនជាង​ទេសចរ​។​
 
​សម្រាប់​លោក កៅ ហ្វី​លី​ព ទេសចរ​ជនជាតិ​ចិន​មាន​ពីរ​ប្រ​ភេ​ទេ​ដែល​គេ​គួរ​ដឹង​។ ទេសចរ​ចិន​មកជា​លក្ខណៈ​គ្រួសារ ឯកជន គឺ​ពួកគេ​មានការ​ចាយវាយ​ប្រហាក់​ប្រហែល​ទៅនឹង​អឺរ៉ុប​ដែរ តែបើ​ពួក​មកជា​លក្ខណៈ​ទួ​រ​មាន​គ្នាច្រើន គឺ​ពួកគេ​មិនសូវ​ចាយ​លើ​សេវាកម្ម​ដទៃទៀត​ច្រើន​ទេ ច្រើនតែ​ខាង​ក្រុមហ៊ុន​អ្នករៀបចំ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com