ជាតិ
សេដ្ឋកិច្ច
ចិន​ផ្ដល់ជំនួយ ១៧៤​លាន​ដុល្លារ និង​កម្ចី ៩០​លាន​ដុល្លារ​ដល់​កម្ពុជា​
14, Dec 2018 , 7:19 pm        
រូបភាព
រូបពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រូបពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដោយ:
​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ចំនួន​ពីរ ត្រូវបាន​ភាគី​ចិន និង​កម្ពុជា ចុះហត្ថលេខា នៅ​ថ្ងៃទី​១៣​ខែធ្នូ ដែលមាន​ទឹកប្រាក់​សរុប ១៨២២​លាន​យ័ន (​ប្រមាណ ២៦៤​លាន​ដុល្លារ​)​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​


 
​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Deng Boqing អនុប្រធាន​ទីភ្នាក់ងារ​ចិន​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ឱកាសលោក​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥​ខែធ្នូ​។​
 
​ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​នូវ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ១២០០​លាន​យ័ន (​ប្រមាណ​១៧៤​លាន​ដុល្លារ​) និង​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្ដីពី​ឥណទាន​សម្បទាន​ជា​ប្រាក់​យ័ន​ចិន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​អាងទឹក​រក្សា​ក្នុង​ខេត្តព្រះវិហារ លើទឹក​ប្រាក់ ៦២២​លាន​យ័ន (​ប្រមាណ ៩០​លាន​ដុល្លារ​)​។​
 
​សេចក្ដីប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​ពិធី​ចុះហត្ថលេខា​នេះ សបញ្ជាក់​ឲ្យ​ឃើញ​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ ក្នុង​ក្របខណ្ឌ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​ប្រទេស​ទាំងពីរ​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៨ ទំហំ​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន ផ្ដល់​ឲ្យ​កម្ពុជា​ចំនួន ៥៨០០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ឥណទាន​សម្បទាន​ចំនួន ៤៤០០​លាន​ដុល្លារ និង​ហិរញ្ញប្បទាន​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​បច្ចេកទេស ១៤០០​លាន​ដុល្លារ​៕
 

Tag:
 បំណុល​
© រក្សាសិទ្ធិដោយ thmeythmey.com