ជាតិ
សង្គមជាតិ
១១២​ឆ្នាំមុន មនុស្ស​៣​ម៉ឺន​នាក់​មើល​របាំ​បុរាណ​ខ្មែរ​នៅ​កណ្ដាល​ក្រុងប៉ារីស​
16, Dec 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​បាឋកថា​ស្ដីពី “​ល្ខោនខោល​និង​មុខ​ខ្មុក​នៅ​ស្រុក​ខ្មែរ​” លោក ព្រាប ចាន់​ម៉ា​រ៉ា ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​បុរាណវិទ្យា បាន​លើកឡើងថា កាលពី​១១២​ឆ្នាំមុន ក្រុម​របាំ​បុរាណ​ខ្មែរ​ចំនួន​៨០​នាក់ បាន​ទៅ​សម្ដែង​នៅ​សួនច្បារ​ប្រធានាធិបតី​បារាំង កណ្ដាល​ក្រុងប៉ារីស មាន​ភ្ញៀវកិត្តិយស​ទស្សនា​ចំនួន​៣​ម៉ឺន​នាក់​។​


 
​យោងតាម​ឯកសារ​ស្រាវជ្រាវ ជា​កាសែត​ដែល​បារាំង​បាន​ចុះផ្សាយ​កាលពី​ឆ្នាំ​១៩០៦ តាម​គំនូរ​ដែល​វិចិត្រករ​បារាំង​បាន​គូរ​ពី​ការសម្ដែង​ផង និង​ឯកសារ​ស្រាវជ្រាវ​មួយចំនួនទៀត​ដែល​ខ្មែរ​បាន​កត់ត្រា លោក ព្រាប ចាន់​ម៉ា​រ៉ា លើក​ឡើងមក​បញ្ជាក់ថា របាំ​ខ្មែរ​មាន​ភាពល្បីល្បាញ​ខ្លាំង​ក្នុង​ឆាក​អន្តរជាតិ​តាំងពី​រាប់រយ​ឆ្នាំមុន​។ 


 
​លោក​បាន​បញ្ជាក់ថា កាលពី​ឆ្នាំ​១៩០៦ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ស៊ីសុវត្ថិ បាន​យាង​ទៅ​ចូលរួម​ការតាំងពិព័រណ៍​បណ្ដា​ប្រទេស​ក្រោម​អាណានិគម​បារាំង នៅ​ទីក្រុង​ប៉ារីស ដោយបាន​នាំយក​ក្រុម​របាំ​ចំនួន​៨០​នាក់​ទៅជា​មួយ​ផង ដើម្បី​រាំ​ក្នុង​កម្មវិធី​នោះ​។ នា​កណ្ដាល​ក្រុងប៉ារីស ក្នុងចំណោម​អ្នកទស្សនា​៣​ម៉ឺន​នាក់ របាំ​ក្បាច់បុរាណ​មានការ​ចាប់អារម្មណ៍​រហូត​កាសែត​បារាំង​ល្បីៗ​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​។​
 
​ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​បុរាណវិទ្យា​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ ៖« ល្ខោន​លួង ឬ​ល្ខោន​ក្បាច់​ខ្មែរ​បុរាណ នៅ​ចុង​សតវត្សរ៍​ទី​១៩ ដើម​សតវត្សរ៍​ទី​២០ ក្នុង​ឆ្នាំ​១៩០៦ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ស៊ីសុវត្ថិ បាន​នាំ​អ្នករបាំ​ទៅ​សម្ដែង​នៅ​កណ្ដាល​ក្រុងប៉ារីស និង​សម្ដែង​ច្រើន​កន្លែង​ទៀត​នៅក្នុង​ប្រទេស​បារាំង​។ មាន​រូបថត គំនូរ និង​ការ​សែត​ជាច្រើន​ជា​ភស្តុតាង ដែល​គេ​បាន​ចុះផ្សាយ​យ៉ាង​ល្បីល្បាញ​»​។​


 
​បើតាម​ការសិក្សា​ស្រាវជ្រាវ​ពី​សិលា​ចារិក និង​រូបចម្លាក់  របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់បុរាណ​ខ្មែរ ឬ​របាំ​បុរាណ​ខ្មែរ កកើតឡើង​តាំងពី​រាប់ពាន់​ឆ្នាំមុន​មកម្ល៉េះ​។ គេ​បាន​រកឃើញ​ភស្ដុតាង​រូបចម្លាក់​ស្រី​របាំ និង​ហនុមាន​ធ្វើ​ពី​ដី​ដុត​ផលិត​នៅ​សតវត្សរ៍​ទី​២​។ ជា​លទ្ធផល​នៃ​ការសន្និដ្ឋាន​បានឱ្យដឹង​ថា របាំ​ខ្មែរ​ចាប់​ពន្លក​តាំង​ពីស​ត្ស​រ៍​ទី​១ ក្នុង​រជ្ជកាល​ព្រះបាទ កៅ​ឌិ​ញ ក្នុងនាម​ជា​របាំ​រាំ​ថ្វាយ​អាទិទេព​។ កាលពី​សម័យបុរាណ គេ​រាំ​របាំ​ក្បាច់បុរាណ​ថ្វាយ​តែ​អាទិទេព និង​ក្សត្រ​គ្រង​ផែនដី តែប៉ុណ្ណោះ​។ សម័យ​ក្រោយមកទៀត គេ​រាំ​សម្រាប់​មន្ត្រី​អង្គទូត​ធំៗ ដែលមាន​វត្តមាន​ព្រះមហាក្សត្រ​ផង​។ រហូតដល់​សម័យ​បច្ចុប្បន្ន របាំ​ក្បាច់បុរាណ​ខ្មែរ បាន​រាំ​និង​សម្ដែង​នៅតាម​កម្មវិធី​ថ្នាក់ជាតិ​ធំៗ និង​សម្ដែង​ស្ទើរតែ​គ្រប់​ទីកន្លែង ក្នុង​ស្រទាប់​មហាជន​៕

Tag:
 របាំ​បុរាណ​ខ្មែរ​
  របាំ​ក្បាច់បុរាណ​
  របាំ​ព្រះរាជ​ទ្រព្យ​
  សិល្បៈ
 ​របាំ​
© រក្សាសិទ្ធិដោយ thmeythmey.com