លោកតា ញែក ចំរើន វ័យ​៧២​ឆ្នាំ រកចំណូលបាន​ជាង​២​ពាន់​ដុល្លារ​ក្នុង​មួយខែ ពី​ការបណ្តុះ​ផ្សិតចំបើង​លក់
ជាតិ
វីដេអូ
២៥ខេត្ត/រាជធានី
លោកតា ញែក ចំរើន វ័យ​៧២​ឆ្នាំ រកចំណូលបាន​ជាង​២​ពាន់​ដុល្លារ​ក្នុង​មួយខែ ពី​ការបណ្តុះ​ផ្សិតចំបើង​លក់
16, Dec 2018 , 9:59 pm        
រូបភាព
​បាត់ដំបង​: រយៈពេល​ជាង ៤​ឆ្នាំ​ហើយ​ដែល​លោក ញែក ចំរើន និង ប្រពន្ធ បាន​ប្រកបមុខរបរ​​បណ្តុះ​ផ្សិតចំបើង​លក់​។ ផ្សិតចំបើង​របស់លោក​តា​វ័យ​៧២​ឆ្នាំ​រូបនេះ ភាគច្រើន​លក់​ឲ្យ​ទៅ​ម៉ូយ​របស់គាត់ ដែល​គេ​យកទៅលក់​បន្ត នៅតាម​ផ្សារ​បាត់ដំបង​។ ក្នុង​១​មួយខែ​លោក ញែក ចំរើន អាច​រកចំណូលបាន​ពី​អាជីវកម្ម​មួយ​នេះ ជាង​២​ពាន់​ដុ​លា្ល​រ​។



 
​លោក ញែក ចំរើន និង អ្នកស្រី យ៉ែម យឺត រស់នៅ​ភូមិ​ក្បាល​ខ្មោច ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​ប្រកប​របរ​បណ្តុះ​ផ្សិតចំបើង​ចំនួន​៤​ឆ្នាំ​មកហើយ ដែល​បច្ចុប្បន្ននេះ​គាត់​មាន​រោង​ផ្សិត​ដល់​ចំនួន​១១​រោង​។ ដើម្បី​បណ្ដុះ​ផ្សិត​យក​ផល​លក់​នោះ ប្តី​ប្រពន្ធ​រូបនេះ ត្រូវ​ចំណាយថ​វិកា​ទៅលើ​ការធ្វើ​រោង និង​គ្រឿងផ្សំ អស់​ជាង​១៥០០​ដុល្លារ ដោយ​រួមមាន​ស្បូវ ,​ឫស្សី​,​ចំបើង​,​សំបក​សណ្ដែកបាយ​,​កំបោរ​,​ឈើ​មេ​ផ្សិត​ផងដែរ​។​
 
​តាមរយៈ​របរ​បណ្ដុះ​ផ្សិតចំបើង​លក់ ដែល​គ្រួសារ​លោក ញែក ចំរើន បាន​អនុវត្ត​ជាប្រចាំ​ថ្ងៃ​កន្លងមក អាចធ្វើ​ឲ្យ​ពួកគាត់​រកចំណូលបាន​ជាង ២​ពាន់​ដុ​លា្ល​រ​ក្នុង​មួយខែ ពី​អាជីវកម្ម​មួយ​នេះ ។ ហើយ​នៅ​ខែ​ខ្លះ គ្រួសារ​ដែលមាន​កូន​៣​នាក់​នេះ អាច​រកចំណូលបានរ​ហូត​ដល់​៦​ពាន់​ដុល្លារ​ទៀតផង​។  
 
​ថ្លែងប្រាប់ Thmey Thmey 25 លោកតា​វ័យ​៧២​ឆ្នាំ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា ៖«​ក្នុង​មួយថ្ងៃ​គាត់​អាច​លក់​ផ្សិតចំបើង​នេះ​បាន​ចន្លោះ​៦០​ទៅ​៧០​ម៉ឺន​រៀល អាស្រ័យទៅលើ​ផ្សិត​ដុះ​ច្រើន​ឬ​តិច​។ ហើយ​បើ​លក់​ទូទៅ​ផ្សិត ១​គីឡូក្រាម​តម្លៃ​១២០០០​រៀល​»​។​
 
​ដើមឡើយ​លោក ញែក ចំរើន ចាប់ផ្ដើម​ប្រកប​របរ​បណ្ដុះ​ផ្សិតចំបើង មុនដំបូង​ចំនួន​១​រោង​ប៉ុណ្ណោះ​។​ប៉ុន្តែ​ដោយសារតែ​របរ​បណ្ដុះ​ផ្សិតចំបើង​នេះ ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​ល្អប្រសើរ​នោះ លោកតា ញែក ចំរើន ក៏​សម្រេច​ពង្រីក​រោង​បណ្ដុះ​ផ្សិត​ជា​បន្តបន្ទាប់ រហូតដល់​មាន​រោង​ចំនួន​១១ នៅក្នុង​ដៃ​។​
 
​និយាយ​ដោយ​មិន​លាក់លៀម​លោកតា​វ័យ​៧២​ឆ្នាំ ដែល​ចេះ​របៀប​បណ្តុះ​ផ្សិតចំបើង​ពី​បងប្អូន​របស់ខ្លួន​កាលពី​ជាង​៤​ឆ្នាំមុន​នោះ បាន​ពន្យល់​ពី​បច្ចេកទេស​ការបណ្ដុះ​ផ្សិត​នេះ​ថា មុននឹង​អាច​ទទួលបាន​ផល​នេះ គឺ​គាត់​ត្រូវយក​វត្ថុធាតុដើម នៃ​ធាតុ​ផ្សំ​របស់​វា​សិន ដែល​ក្នុងនោះ​រួមមាន ចំបើង , សំបក​សណ្ដែកបាយ​, កំបោរ​, និង​មេ​ផ្សិត​មក​លាយ​បញ្ចូល​គ្នា ទើប​អាច​យកទៅដាក់​បណ្ដុះ​បានជា​ផ្សិត​។ គ្រឿងផ្សំ​ទាំងនេះ​គឺ​លោក ចំរើន ត្រូវ​ចំណាយ​ប្រាក់​ទិញ​ម្ដង អស់​ប្រមាណ​១៥០០​ដុល្លារ​។ 
 
​ក្រោយពី​មាន​ធាតុ​ផ្សំ​គ្រប់​ហើយ លោក ចំរើន ត្រូវយក​ចំបើង​ទៅ​ត្រាំ​ទឹក​១​យប់​ឬ​២​យប់ ហើយ​យកមក​ផ្អាប់​ទុក​១​ថ្ងៃ​រួច​យកមក​មូល ដោយ​ត្រូវ​លាយ​ជាមួយ​សំបក​សណ្ដែកបាយ កំបោរ និង​មេ​ផ្សិត​រួច​នោះ ទើប​តម្រៀប​ជិតៗ​គ្នា​ដាក់​លើរាន​ជា​ជួរ​នៅក្នុង​រោង ដោយ​ត្រូវ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​បំផុត ជា​ពិ​សេ​សការគ្រប់គ្រង​សីតុណ្ហភាព​ជាដើម ដើម្បី​ឲ្យ​ផ្សិត​ដុះ​ចេញមក​ល្អ​៕ 
 

Tag:
 ផ្សិតចំបើង​
 ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com