កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន FIFA គាំទ្រពេញទំហឹងលើការបន្ថែមក្រុមដល់៤៨ក្នុង World Cup នៅកាតា
× លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA នៅថ្ងៃទី១៤ ខែធ្នូនេះបាននិយាយថា សហព័ន្ធកីឡាបាល់ទាត់ភាគច្រើនគាំទ្រឲ្យមានការបង្កើនក្រុមពី៣២ ទៅ ៤៨ ដើម្បីចូលរួមប្រជែងក្នុងការប្រកួត FIFA World Cup ឆ្នាំ២០២២ នៅកាតាតែម្តង។
FIFA ប្រកាសម្តងរួចមកហើយថាការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ដែលមាន សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកធ្វើជាម្ចាស់ផ្ទះនោះ នឹងមានក្រុម ៤៨ចូលរួមប្រកួតប្រជែងជាលើកដំបូង បន្ទាប់ពីមានការបោះឆ្នោតគាំទ្រលើការបន្ថែមក្រុមនេះយ៉ាងច្រើន។
បើទោះមានការប្រកាសបែបនេះក្តី លោក Infantino ក៏បានបញ្ជាក់ជាថ្មីទៀតថា FIFA ក៏មានចេតនាចង់ឲ្យមានក្រុមរហូតដល់ ៤៨ ដើម្បីចូលរួមការប្រកួត World Cup 2022 តែម្តង ប៉ុន្តែត្រូវរង់ចាំដល់ខែមីនា ឆ្នាំ២០១៩ ទើបប្រកាសសម្រេចចុងក្រោយថាបន្ថែម ឬក៏អត់។
ជុំវិញការបន្ថែមក្រុមពី ៣២ ទៅ ៤៨ នេះ អ្នកគ្រប់គ្រងក្បាលម៉ាស៊ីកីឡាបាល់ទាត់ពិភពលោក ថាវាក៏មិនងាយស្រួលនោះដែរព្រោះនឹងត្រូវលេងលើសចំនួនថ្ងៃធម្មតា និងពិបាកក្នុងការដំណើរការការប្រកួតនៅក្នុងប្រទេសកាតាតែមួយ។
មួយវិញទៀត កាតាក៏ធ្លាប់មានបញ្ហានយោយបាយជាមួយប្រទេសជិតខាងដោយហ៊ុមព័ទសេដ្ឋកិច្ចផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកជាមួយអារ៉ាប់រួមអាមេរ៉ាត និងបារ៉ែន ដែលធ្វើឲ្យមានភាពស្មុគស្មាញក្នុងការចែករំលែកទីលានប្រកួតខ្លះទៅក្រៅប្រទេស។
ប៉ុន្តែទោះបីមានបញ្ហាដូច្នេះក្តី ប្រធានសហព័ន្ធកីឡាបាល់នៃប្រទេសដទៃភាគច្រើននៅតែគាំទ្រឲ្យមានការបន្ថែមក្រុម៤៨ នៅក្នុងព្រឹត្តិកាណ៍បាល់ទាត់ពិភពលោកនៅកាតាតែម្តង។ មិនត្រឹមតែសហព័ន្ធឡើយ ប្រធាន FIFA លោក Infantino ផ្ទាល់បានគាំទ្រពេញទំហឹងនឹងការបន្ថែមនេះដែរ។
«យើងបានប្រមូលផ្តុំមតិពីសហព័ន្ធកីឡាជាច្រើន។ រហូតមកទល់ពេលនេះ ពិតណាស់ភាគច្រើនគឺពួកគេគាំទ្រឲ្យមានការបន្ថែមក្រុម១៦ទៀតចូលរួមប្រកួតប្រជែង។ ការបន្ថែមនេះមានន័យថា ក្នុងចំណោមប្រទេសពី៥០ ទៅ៦០ដែលមិនធ្លាប់បានសិទ្ធិចូលរួមសោះនោះ អាចនឹងសម្រេចក្តីសុបិនក្នុងការចូលរួមការប្រកួតលំដាប់ពិភពលោកនេះបាន»។ ប្រធាន FIFA អះអាងដូច្នេះ៕
Tag:
បាល់ទាត់
FIFA World Cup
Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com