សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អ្នកជំនាញ​៖ វៀតណាម​ប្រៀបដូចជា​ដែក​ឆក់​ទាញ​ទុនវិនិយោគ​បរទេស​ខ្លាំងជាងគេ​នៅ​អាស៊ាន​
16, Dec 2018 , 7:19 pm        
រូបភាព
ដោយ:
​អ្នកជំនាញ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុង​តំបន់ បាន​វាយតម្លៃ​ខ្ពស់​ទៅលើ​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​របស់​វៀ​ត​ណា​ម ដែល​ធ្វើ​ឲ្យ​រដ្ឋ​អាស៊ាន​មួយ​នេះ អាច​ទាក់ទាញ​ការវិនិយោគ​បរទេស​ដោយផ្ទាល់​បាន​កាន់តែច្រើន​។ តែ​នេះ មិនមែនជា​រឿង​ចៃដន្យ​ឡើយ ដែល​វៀតណាម ទាក់ទាញ​វិនិយោគ​បរទេស​ដោយផ្ទាល់​នោះ ពោលគឺ វា​ផ្តើមចេញពី​កំណែទម្រង់ និង​សូចនាករ​ដ៏​សក្តានុពល​ផ្សេងៗ​។​


«​សមត្ថភាព​របស់​វៀត​ណា​ម​ក្នុងការ​ទាក់ទាញ​វិនិយោគ​បរទេស​ដោយផ្ទាល់​បាន ក៏​ដោយសារ​ប្រទេសមួយ​នេះ មាន​កំណែទម្រង់សេដ្ឋកិច្ច​ពិតប្រាកដ​, ការកើនឡើង​នៃ​ចំនួន​ប្រជាជន​វ័យក្មេង​, តម្លៃ​ឈ្នួល​កម្លាំង​ពលកម្ម​សមរម្យ​, ភាព​កាន់តែ​ល្អប្រសើរ​នៃ​បរិយាកាស​ស​ធ្វើ​ធុរកិច្ច និង​ស្ថិរភាព​នយោបាយ​»​។ នេះ​គឺជា​លើកឡើង​របស់​អ្នកជំនាញ​ហ្វីលីពីន Berly D Alvarez ដែលជា​ប្រធាន​ក្រុមហ៊ុន​វិនិយោគ Kaunlad Lending Investors Corporation ។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation តាមរយៈ​កិច្ចប្រជុំ​សេដ្ឋកិច្ច​អាស៊ី​ប្រចាំឆ្នាំ​២០១៨ ក្នុង​ខេត្ត Binh Duong អ្នកជំនាញ​បាន​រម្លឹក​ពី​ការលើកឡើង​របស់​វៀត​ណា​ម​ពេលធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ឆ្នាំ​២០១៧ ក្នុងការ​ប្តេជ្ញាចិត្ត​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ការធានា​ឲ្យ​បាន​ពី​ភាពល្អប្រសើរ​នៃ​បរិយាកាស​ធ្វើ​ធុរកិច្ច​របស់ខ្លួន​។ ជា​លទ្ធផល លោក សង្កេតឃើញថា វៀតណាម ពិតជា​បាន​ទាក់ទាញ​វិនិយោគ ពិសេស​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រាប់បញ្ចូល​ទាំង​គម្រោង​ថាមពល​កើតឡើង​វិញ ការសាងសង់​ផ្លូវ និង​ផ្លូវ​រថភ្លើង​ជាដើម​។ 
 
​ជាមួយគ្នានេះ ក្នុង​វេទិកា​ដដែល លោក Don Lam នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ក្នុង​តំបន់​មួយទៀត បាន​មើលឃើញ​ពី​ភាពរឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច​វៀតណាម ដែល​អាច​រក្សាបាន​ក្នុង​កម្រិត ៦.៦ ភាគរយ ខណៈ​អតិផរណា ក៏​ស្ថិតនៅ​ក្នុងស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​ផងដែរ​នោះ​។ ចំណុច​នេះហើយ ដែល​ធ្វើ​នាយក​ប្រតិបត្តិ​រូបនេះ អាច​ព្យាករ​ថា វិនិយោគ​ដោយផ្ទាល់ នឹង​ហូរ​ចូល​វៀតណាម​កាន់​ច្រើន​នាពេល​ខាងមុខនេះ​។ 
 
​សម្រាប់​លោក Pham Hong Hai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វៀតណាម HSBC Vietnam បាន​មើល​ពី​ការប្តូរ​ទិស​នាំចូល​របស់​អាមេរិក​ពី​ចិន មកកាន់​ទីផ្សារ​អាស៊ាន ដូចជា​វៀតណាម​ជាដើម​នេះ ថា ជា​សក្តានុពល​ពាណិជ​កម្ម​មួយ​។ នោះ ក៏​ព្រោះតែ លោក យល់ឃើញថា ទំនោរ​នេះ ធ្វើ​ឲ្យ​វៀតណាម កាន់តែ​ក្លាយជា​ទិសដៅ​សំខាន់ ហើយ​រដ្ឋាភិបាល​វៀតណាម ក៏ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ភាពល្អប្រសើរ​គ្រប់​វិស័យ​ដើម្បី​អាច​ឆក់យក​ឱកាស​នេះ​បាន​។ 
 
​ថ្មីៗ​នេះ រដ្ឋាភិបាល​វៀតណាម ក៏បាន​ពិនិត្យឡើងវិញ​នូវ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ដើម្បី​គ្រប់គ្រង​សកម្ម​ភាពមិនប្រក្រតី​ទាំង​ក្នុង​សេវាសាធារណៈ និង​សេវា​ឯកជន​ក្នុងការ​គោលដៅ​ធានា​ឲ្យ​បាន​ភាពល្អប្រសើរ​នៃ​បរិ​យាស​វិនិយោគ​ក្នុងប្រទេស ជាពិសេស​ការធ្វើ​ធុរកិច្ច​ដោយ​ស្មើភាព​គ្នា ខណៈដែល​រដ្ឋ​អាស៊ាន​មួយ​នេះ ក៏​កំពុងតែ​ត្រៀម​ទទួលយក​ពន្ធ​អនុគ្រោះ​ពី​សហភាព​អឺរ៉ុប ដែលជា​ទីផ្សារ​ដ៏​បំផុត​មួយ​របស់​ពិភពលោក​៕
 

Tag:
 វៀតណាម​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com